ជាតិ
សង្គមជាតិ
មាន​អ្នកស្លាប់​? គ្មាន​អ្នកស្លាប់​?៖ តុល្យ​ការមិន​ដូចគ្នា ជុំវិញ​ការប៉ះទង្គិច​គ្នា​នៅ​ក្រចេះ​
09, Mar 2018 , 11:47 am        
រូបភាព
សកម្មភាពតវ៉ាក្នុងទំនាស់ដីធ្លីនៅខេត្តក្រចេះ កាលពីថ្ងៃទី៨ ខែមីនា។ រូបថត ហ្វេសប៊ុក
សកម្មភាពតវ៉ាក្នុងទំនាស់ដីធ្លីនៅខេត្តក្រចេះ កាលពីថ្ងៃទី៨ ខែមីនា។ រូបថត ហ្វេសប៊ុក
ដោយ: រួបរួម
​ការប៉ះទង្គិច​រវាង​ក​ង​កម្លាំងប្រដាប់អាវុធ និង​ក្រុមអ្នកតវ៉ា​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែមីនា មិនមាន​តុល្យការ​ត្រូវ​គ្នា​ឡើយ​លើ​ចំនួន​អ្នកស្លាប់ និង​របួស​។ សារព័ត៌មាន​មួយចំនួន​បាន​ផ្សាយ​របាយការណ៍​បឋម​ថា ពលរដ្ឋ​៦​នាក់​ស្លាប់ និង​របួស​ច្រើន​នាក់ ប៉ុន្តែ​អាជ្ញាធរ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ច្រានចោល​ភ្លាមៗ ដោយ​អះអាងថា សមត្ថកិច្ច​ទៅវិញ​ទេ ដែល​រងគ្រោះ​ច្រើនជាងគេ​ក្នុងការ​ប៉ះទង្គិច​នោះ​។​



​រដ្ឋបាល​ខេត្តក្រចេះ បាន​បដិសេធ​ការចេញផ្សាយ​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កោះសន្តិភាព និង​បណ្តាញ​ព័ត៌មាន​នានា ទាក់ទង​នឹង​ការស្លាប់​ពលរដ្ឋ​៦​នាក់ និង​របួស​៤០​នាក់ ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​នៅ​ក្រុមហ៊ុនចំការកៅស៊ូ​មួយ​។​

​រដ្ឋបាល​ខេត្តក្រចេះ ដែល​គ្រប់គ្រង​ដោយ​លោក សរ ចំរុង បាន​អះអាង​ពី​ករណី​ខាងលើ​ថា ក្រុមការងារ​ចំរុះ បាន​ចុះ​អនុវត្ត​ការការពារ​សន្តិសុខ សុវត្ថិភាព និង​កាយ​ប្រឡាយ​ព្រំដី រួមទាំង​ទប់ស្កាត់​សកម្មភាព​កាប់​ទន្ទ្រាន​រំលោភ​ដីធ្លី​របស់​ក្រុមហ៊ុន​ពី​សំណាក់​ជន​មួយក្រុម​។ អាជ្ញាធរ​បាន​បន្ទោ​សព​ល​រដ្ឋ​ដែលជា​ដើមហេតុ​នាំ​ឲ្យ​ការប៉ះទង្គិច តាមរយៈ​ការបិទផ្លូវ​ជាតិ​លេខ​៧៦ និង​ការប្រើ​កាំបិត ពូថៅ ដំបង ដុំថ្ម ជំ​ពាម​កៅស៊ូ កាំភ្លើង​កែច្នៃ ព្រួញ ដប​សាំង  គប់​ទៅលើ​ក្រុមការងារ​ចំរុះ ដែល​បង្ខំ​ឲ្យ​មានការ​ផ្ទុះអាវុធ​ដើម្បី​ការពារ​ខ្លួន​។​

​តួលេខ​អាជ្ញាធរខេត្ត​បង្ហាញថា គ្មានទេ​ករណី​ស្លាប់ មានតែ​របួស​៩​នាក់ ក្នុងនោះ​៧​នាក់​ជា​សមត្ថកិច្ច និង​២​នាក់​ទៀត ជា​ប្រជាពលរដ្ឋ​។​

​ទាក់ទង​នឹង​តួលេខ​នៃ​ចំនួន​គ្រោះថ្នាក់ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​កាសែត​មួយចំនួន សរសេរថា បាន​ប្រភពពី​លោក ប៊ី វ​ណ្ណី អ្នក​អង្កេត​ការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​ក្រចេះ ប៉ុន្តែ​ក្រោយមក មន្ត្រី​សិទ្ធិមនុស្ស​ខាងលើ​បាន​បញ្ជាក់ថា ជា​តួលេខ​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ​។​

​ទាក់ទង​នឹង​ករណីនេះ លោក សឺ​ន សែន​ករុណា អ្នកនាំពាក្យ​អង្គការ​អាដហុក  បានបញ្ជាក់​ប្រាប់ ThmeyThmey តាមទូរសព្ទនៅ​ព្រឹក​ថ្ងៃ​សុក្រ​ថា​៖ «​យើង​នឹង​​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ជាមុនសិន មុននឹង​ចេញ​របាយការណ៍​ផ្លូវការ​»​។​

​លោក សែន​ករុណា បាន​លើកឡើងថា នា​ថ្ងៃទី​៨ មីនា ដែលជា​ទិវា​សិទ្ធិនារី​អន្តរជាតិ បុគ្គលិក​របស់លោក ក៏ដូចជា​មន្ត្រី​ស្ថាប័នរដ្ឋ និង​ឯកជន​ជាច្រើន ត្រូវ​ឈប់សម្រាក ដូច្នេះ​ព័ត៌មាន​បឋម​នានា ត្រូវ​ពឹង​លើ​ការអះអាង​មិន​ផ្លូវការ​របស់​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​។​

«​វា​ជាការ​ដកស្រង់​សំដី​មិន​ច្បាស់​របស់​បងប្អូន​ខាង​សារព័ត៌មាន ទាក់ទង​នឹង​ចំនួន​អ្នកស្លាប់ និង​របួស ខាង​អាដហុក​យើង បាន​ប្រាប់​ហើយ​ថា ជា​ប្រភព​ដែល​ទទួលបាន​ពី​ពលរដ្ឋ មិនមែនជា​ការអះអាង​ដោយផ្ទាល់​របស់​យើង​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​អាដហុក​។​

​ទោះបីជា​យ៉ាងណាក៏ដោយ វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា អ្នកស្លាប់​បាន​កើន​ពី​៦​នាក់​ទៅ​៨​នាក់​ហើយ​។ តួលេខ​នេះ បាន​ពី​ការបញ្ជាក់​របស់​អ្នកស្រុក និង​សង្គម​ស៊ីវិល​មួយចំនួន ដែល​បាន​អះអាងថា ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​។​

​ហេតុអ្វី​បានជា​គ្មាន​រូបភាព​សាកសព ទៅតាម​ប្រពៃណី​ដែល​ចែក​ចាញ​តៗ​គ្នា​ពេញ​បណ្តាញ​សង្គម​?​។ ជាការ​គោរព​សិទ្ធិ​ឯកជន​របស់​ជនរងគ្រោះ​?  បើតាម​ប្រភព​ដែល​បញ្ជាក់ប្រាប់​អាស៊ីសេរី អាជ្ញាធរ​បាន​ប្រមូល​ទូរ​សព្ទ​ដៃ​ពលរដ្ឋ​កំទេចចោល​អស់​។​

​លោក សរ ចំរុង អភិបាលខេត្ត​ក្រចេះ និង លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល បាន​ចោទប្រកាន់​ការផ្សាយ​ទាក់ទង​នឹង​ចំនួន​អ្នកស្លាប់ ជាការ​បំប៉ោង​ព័ត៌មាន​។ កាសែត​ភ្នំពេញ ប៉ុស្តិ៍ ជា​ភាសា​ខ្មែរ ក៏បាន​លុបចេញ​ការផ្សាយ​ព័ត៌មាន​បឋម​របស់ខ្លួន​ផងដែរ ដោយ​ផ្សាយ​ព័ត៌មាន​ថ្មី​មួយទៀត​ដោយ​ផ្អែក​តាម​សំដី​របស់​អាជ្ញាធរ​។​

​បើទោះបីជា​តួលេខ​គ្រោះថ្នាក់​មិនមាន​ការឯកភាព​គ្នា​ក៏ដោយ ប៉ុន្តែ​លោក សឺ​ន សែន​ករុណា បង្ហាញ​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​ហិង្សា​ដែល​បាន​កើតឡើង​ក្នុង​ទំនាស់​ដីធ្លី​។ សម្រាប់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូបនេះ វា​ជា​បញ្ហា​មួយ​បន្ថែម​ពីលើ​បញ្ហា​មួយទៀត​។

​លោក​បាន​លើកឡើងថា​៖ «​ទំនាស់​ដីធ្លី ជា​រឿង​មួយ​ដែល​ត្រូវការ​ដោះស្រាយ​ដោយ​អហិង្សា ប៉ុន្តែ​បែរជា​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ដែល​បង្កើត​ទៅជា​រឿង​ដ៏​ស្មុ​គ្រ​ស្មាញ​មួយទៀត​»​។ ជាមួយនឹង​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ការអត់ធ្មត់ លោក សែន​ករុណា បានទាមទារ​ឲ្យ​អាជ្ញាធរ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​មូល​ហេតុដែល​ឈានទៅដល់​ការប្រើប្រាស់​អាវុធ​។​

​លោក​បាន​បន្ថែមថា ភាគី​ទាំងសងខាង​គួរ​ស្វែងរក​យុទ្ធសាស្ត្រ​ដោះស្រាយ ក្រោម​រូបមន្ត​ឈ្នះ​-​ឈ្នះ​ដើម្បី​សង្គមជាតិ​ទាំងមូល​ដែល​គ្មាន​ហិង្សា  មិនគួរ​បង្កើន​បញ្ហា​ទៅលើ​បញ្ហា​នោះឡើយ​។ រីឯ​អ្នកប្រើប្រាស់​អាវុធ​ដែល​គ្មាន​ហេតុ​ច្បាស់​តាមផ្លូវ​ច្បាប់ គួរតែ ទទួលទោស​។​

​ក្នុងការ​ប៉ះទង្គិច​នេះដែ​រ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ពលរដ្ឋ​ដែល​តវ៉ា​ប្រមាណ​១០​នាក់​ក្នុងចំណោម​ជាង​២០០​នាក់ និង​រូប​អូស​ម៉ូតូ ជិត​៤០​គ្រឿង​៕


Tag:
 ទំនាស់​ដីធ្លី​
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com