អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជំនួប​ប្រវត្តិសាស្ត្រ ត្រាំ​-​គីម ត្រូវបាន​កំណត់​នៅ​ខែឧសភា ប៉ុន្តែ​មិនទាន់​កំណត់​ទីតាំង​
09, Mar 2018 , 12:25 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ខែឧសភា​ខាងមុខ។ រូបថត AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ខែឧសភា​ខាងមុខ។ រូបថត AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ខែឧសភា​ខាងមុខ​។ នេះ​បើតាម​ការប្រកាស​របស់​ប្រេសិត​កូរ៉េខាងត្បូង​លោក Chung Eui-yong នៅ​ថ្ងៃទី​៨ ខែមីនា នា​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​។ ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​គូសត្រូវ​ទាំងពីរ នឹង​ផ្ដោតលើ​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ កន្លងមក អាមេរិក និង​កូរ៉េខាងជើង សុទ្ធ​ធ្លាប់​បង្ហាញ​ជំហរ​ចង់​ចរចា​ដូចគ្នា​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានទទួល​សំណើ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​។ នេះ​ជាការ​បញ្ជាក់​របស់លោក Chung Eui-yong ប្រេសិត​កូរ៉េខាងត្បូង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន បន្ទាប់ពី​ជួប​ជាមួយ​លោក ត្រាំ ។ លោក Chung បាន​ប្រា​ប់លោក ត្រាំ ពី​លទ្ធផល​គាប់ចិត្ត​នៃ​ទស្សនកិច្ច​របស់លោក​នៅ​កូរ៉េខាងជើង​កាលពីដើម​សប្ដាហ៍​នេះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​កូរ៉េខាងត្បូង​ដដែល​នេះ​និយាយថា មេដឹកនាំ​កូរ៉េខាងជើង​ប្ដេជ្ញាចិត្ត​រំសាយ​នុយក្លេអ៊ែរ និង​បាន​សន្យា​មិន​សាកល្បង​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​ឡើយ​។ លោក Chung បន្តថា លោក​ប្រធានាធិបតី ត្រាំ ពេញ​ចិត្តនឹង​លទ្ធផល​ដែល​ទទួលបាន និង​បាន​យល់ព្រម​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន នៅ​ខែឧសភា​ខាងមុខ ដើម្បី​សម្រេច​ឲ្យ​បានការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​ជា​អចិន្ត្រយ៍​នៅ​ឧបទ្វីប​កូរ៉េ​។​
 
​ជុំវិញ​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ដែល​ធ្លាប់​ផ្លោង​សម្ដី​ដាក់គ្នា​នោះ លោក ត្រាំ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Twitter ដោយមាន​អត្ថន័យ​ថា ផែនការ​នៃ​ជំនួប​កំពុង​ត្រូវបាន​រៀបចំ​ហើយ តែ​ទណ្ឌកម្ម​នឹង​នៅតែ​បន្ត​ដដែល រហូត​សម្រេចបាន​កិច្ចព្រមព្រៀង​សិន​។ លោក ត្រាំ ហាក់​មានជំនឿថា មេដឹកនាំ​កូរ៉េខាងជើង​ពិតជា​ចង់​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង​ចូល​តុ​ចរចា​ជាមួយ​អាមេរិក​ដើម្បី​និយាយ​រឿងនេះ​។  
 
​ពេលវេលា និង​ទីកន្លែង​ជាក់លាក់​នៃ​ជំនួប​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស​អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders ។ អ្នកនាំពាក្យ​រូបនេះ​បាន​អះអាង​ស្រដៀង​លោក ត្រាំ ដែរ​ថា ទណ្ឌកម្ម និង​សម្ពាធ​អតិបរមា​ទាំងអស់ នឹង​នៅ​ជា​ធរមាន​។​
 
​កាលពី​ឆ្នាំមុន លោក ត្រាំ និង​លោក គីម បាន​ប្រើប្រាស់​សង្គ្រាមពាក្យសម្ដី​វាយប្រហារ​គ្នា​ទៅវិញទៅមក រហូត​មានការ​បារម្ភ​ថា សង្គ្រាម​អាច​ផ្ទុះឡើង​ទៀតផង​។ ក្នុង​សម័យប្រជុំ​មហាសន្និបាត ប្រធានាធិបតី​អាមេរិក​បាន​គំរាម​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ទៅជា​ផេះ បើ​កូរ៉េខាងជើង​ហ៊ាន​វាយប្រហារ​អាមេរិក ឬ​សម្ព័ន្ធមិត្ត​អាមេរិក​។ ជាការ​ឆ្លើយតប មេដឹកនាំ​កូរ៉េខាងជើង​ដែលមាន​ជំហរ​តឹងរ៉ឹង​នោះ បាន​ហៅ​លោក ត្រាំ ជា​មនុស្ស​ឆ្កួត​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com