ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​អ្នកស្រី សូ ហ្វា​រី​ណា​៖ ត្រូវ​សិក្សា​បន្ថែម​ពី​សហគមន៍​ចាម​ដើម្បី​ផ្លាស់ប្តូរ​ការយល់ឃើញ​មិនល្អ​មួយចំនួន​
10, Mar 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកសិក្សា​ស្រាវជ្រាវ​ពី​សហគមន៍​ចាម លោកស្រី សូ ហ្វា​រី​ណា បាន​ណែនាំ និង​ជំរុញ​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​សហគមន៍​ខ្មែរឥស្លាម​នៅ​កម្ពុជា​។ តាមរយៈ​ការស្រាវជ្រាវ​នេះ លោកស្រី​យល់ថា វា​នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ផ្ត​ត់​គំនិត ដែល​គិត​មិនល្អ​មកលើ​សហគមន៍​ខ្មែរឥស្លាម ដូចជា​ទាក់ទង​នឹង​អំពើ​ភេ​វរ​កម្ម​ជាដើម​។ លោកស្រី ហ្វា​រី​ណា មើលឃើញថា ការងារ​ស្រាវជ្រាវ​ពី​សហគមន៍​ខ្មែរឥស្លាម​នៅមាន​ចំនួន​តិច​នៅឡើយ ហើយ​នៅមាន​ប្រធានបទ​ជាច្រើន​ដែល​គួរ​ស្រាវជ្រាវ​ឲ្យ​បាន​ទូលំទូលាយ​។​

 
​មាន​វោហា​សព្ទ​ក្នុងការ​និយាយស្តី បច្ចុប្បន្ន​លោកស្រី ហ្វា​រី​ណា ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ជាម​ន្ត្រី​គម្រោង​ថវិកា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ក្នុង​ការងារ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជាង​១០​ឆ្នាំ​មកនេះ លោកស្រី បានធ្វើការ​ជាច្រើន​ជាមួយ​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ បទពិសោធន៍​របស់​ជ​ន​ជាតិ​ចាម​ក្នុង​របប​ខ្មែរក្រហម​។​
 
​មាន​ស្រុកកំណើត​ជា​អ្នកភូមិ​ច្រាំង​ចំរេះ (​គីឡូម៉ែត្រ​លេខ​៨) ខណ្ឌ​ឬ​ស្សី​កែវ ជាយ​រាជធានី​ភ្នំពេញ លោកស្រី សូ ហ្វា​រី​ណា មានឱកាស​បាន​ចូលធ្វើការ​ជា​អ្នកស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អំឡុង​ឆ្នាំ​២០០៣ ពេលដែល​លោកស្រី កំពុង​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ជំនាញ​គណនេយ្យ​។ លោកស្រី​រម្លឹក​កាល​នៅ​រៀន​ថ្នាក់​មហាវិទ្យាល័យ​ថា មុខវិជ្ជា​ដែល​ខ្លួន​រៀន​នៅពេលនោះ គឺ​កើតឡើង​ដោយ​ការមិនយល់​ពី​តម្រូវការ​ខ្លួនឯង និង​គ្រួសារ​ណែនាំ​ពី​ជំនាញ​ដែល​ស័ក្តិសម​សម្រាប់​ស្ត្រី​នៅក្នុង​ការិយាល័យ​។​


 
​ក្រោយ​បាន​ស្គាល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផ្នត់គំនិត​របស់លោក​ស្រី ហ្វា​រី​ណា បាន​ផ្លាស់ប្តូរ ហើយ​លោកស្រី​បាន​បោះបង់​ជំនាញ​របស់ខ្លួន​ចោល ទៅ​ចាប់​អ្វី​ដែលជា​តម្រូវការ​រប​ស់​ខ្លួន​ពិតប្រាកដ នោះ​គឺ ការងារ​សិក្សា​ស្រាវជ្រាវ​ពី​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​។ លោកស្រី​រម្លឹកថា ពេល​ចប់​ថ្នាក់​បរិ​ញ្ញា​ឆ្នាំ​២០០៣ លោកស្រី​ចូលធ្វើការ​ស្ម័គ្រចិត្ត​មួយរយៈ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​រហូតមក​កាន់​គ​ម្រោ​ង​ពី​សហគមន៍​ចាម ពិសេស​ការ​ចងក្រង​ឯកសារ​ពីបទ​ពិសោធន៍​របស់​ជ​ន​ជាតិ​ចាម​ក្នុង​របប​ខ្មែរក្រហម​។​
 
​នៅ​ឆ្នាំ​២០០៨ ដោយសារ​ការចង់​ដឹង ចង់​ដឹងឮ​បន្ថែម លោកស្រី ក៏បាន​ដាក់ពាក្យ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ អូ​ហៃ​យូ (Ohio) នៅ​សហរដ្ឋអាមេរិក លើ​ជំនាញ​សិក្សា​អំពី​អាស៊ីអាគ្នេយ៍ ដោយបាន​បញ្ចប់​នៅ​ឆ្នាំ​២០១០​។ ពេល​ត្រឡប់មក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​វិញ លោកស្រី​បានទទួល​ការងារ​បន្ថែម​មួយកម្រិត​ទៀត ក្រៅពី​ផ្តោតលើ​សហគមន៍​ចាម​។ មិនយូរប៉ុន្មាន លោកស្រី​ក៏បាន​ជាប់​អាហារូបករណ៍​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ ម៉ាសា​ជូ​សេត  (Massachusetts) នៅ​ក្រុង​លូ​វែ​ល (Lowell)​ក្នុង​ឆ្នាំ​២០១៣ លើ​ជំនាញ សិក្សា​ពី​សាកលលោក និង​ត្រៀម​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៩​។​


 
​នៅ​ឆ្នាំ​២០១១ សៀវភៅ​មួយ​ក្បាលមាន​ចំណងជើង​ថា «​ការចងចាំ​របស់​ស្ត្រី​ចាម​មូស្លីម បន្ទាប់ពី​របប​ខ្មែរក្រហម​» ត្រូវបាន​បោះពុម្ពផ្សាយ បន្ទាប់ពី​សិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​២០០៨​មក​។ «​យើង​ដឹងថា ក្មេង​ជាច្រើន រួមទាំង​ខ្ញុំ​កើត​ក្រោយ​សម័យ​ខ្មែរក្រហម ត្រូវ​ដឹង​សាច់រឿង និង​បទពិសោធន៍​ផ្សេងៗ​ដែល​ឪពុកម្តាយ សហគមន៍​យើង​បាន​ឆ្លងកាត់ អ្នក​ដែល​រស់រានមានជីវិត​ពី​របប​នេះ ចឹ​ង​ហើយ​បានកើត​ចិត្ត​ចង់​ស្រាវជ្រាវ ពិសេស​នោះ​ដោយ​មិនទាន់មាន​ការស្រាវជ្រាវ​ឲ្យ​បាន​ទូលំទូលាយ ពិសេស​បទពិសោធន៍រ​បស់​ស្ត្រី​ចាម​ជំនាន់​ខ្មែរក្រហម​តែម្តង  មិនសូវមាន​ព័ត៌មាន​ពី​ពួកគាត់ ទើប​គិតថា គួរតែ​នាំគ្នា​ធ្វើ​អ្វីមួយ ដើម្បី​ជាការ​ចងចាំ និង​ទុកជា​ឯកសារ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ហ្វា​រី​ណា ពី​ការដែល​នាំ​ឲ្យ​មានការ​សរសេរ​សៀវភៅ​នេះ​ឡើង​។​
 
​តាមពិតទៅ ការស្រាវជ្រាវ​នេះ លោកស្រី ហ្វា​រី​ណា បាន​យក​ធ្វើជា​និក្ខេបបទ​សម្រាប់​ថ្នាក់អនុបណ្ឌិត​របស់ខ្លួន នៅ​សហរដ្ឋអាមេរិក ហើយ​ពេល​ត្រឡប់មក​កម្ពុជា​វិញ លោកស្រី​ក៏បាន​រៀបចំ​ចងក្រង​ជា​សៀវភៅ​តែម្តង​។​
 
​សម្បុរ​ស្រអែម និង​និយាយស្តី​លះៗ ចេះ​រកហេតុ និង​ផល លោកស្រី ហ្វា​រី​ណា បាន​បញ្ជាក់ថា ការស្រាវជ្រាវ និង​ចងក្រង​សៀវភៅ​នេះ ក្នុង​បំណង​ចំនួន​៤​។ ទី​១ ដើម្បី​រក្សា​ការចងចាំ​របស់​ស្ត្រី ក៏ដូចជា​សហគមន៍​ចាម​ក្នុង​របប​ខ្មែរក្រហម​។ ទី​២ លើកទឹកចិត្ត ឬ​ផ្តល់​សំឡេង​ដល់​ស្ត្រី ព្រោះ​កន្លងមក​សំឡេង​របស់​ពួកគាត់​មិនសូវ​បានឮ ឬ​នៅមានកម្រិត​នៅឡើយ​។ ទី​៣ អប់រំ និង​ជំរុញ​ឲ្យ​ក្មេងជំនាន់ក្រោយ​សិក្សា​អំពី​សាច់រឿង​របស់​ឪពុកម្តាយ សហគមន៍ ពិសេស​ស្ត្រី​ដែល​បាន​ឆ្លងកាត់​សម័យ​ខ្មែរក្រហម​។ និង​ទី​៤ ទុកជា​ឯកសារ​ទៅ​ថ្ងៃក្រោយ ព្រោះ​មួយ​ជំនាន់​ទៅមួយ​ជំនាន់ កាន់តែ​ថយ ឬ​បាត់បង់​ទៅ ពិសេស​អ្នក​ឆ្លងកាត់​សម័យ​ខ្មែរក្រហម​។​
 
​តាមរយៈ​ការស្រាវជ្រាវ​នេះ លោកស្រី​បាន​រកឃើញថា ស្ត្រី​ជនជាតិ​ចាម ក៏​ដូច​ជនជាតិ​ដទៃទៀត​ដែរ ដូចជា ចិន និង​វៀតណាម ត្រូវបាន​រង​ផលប៉ះពាល់​ក្រោម​របប​ដឹកនាំ​របស់​ខ្មែរក្រហម​។ ស្ត្រី​ចាម ត្រូវបាន​បង្ខំ​ឲ្យ​ចិញ្ចឹម​ជ្រូក ហូប​សាច់ជ្រូក កាត់សក់​ខ្លី​។​ល​។ បទបញ្ជា​របស់​ខ្មែរក្រហម ធ្វើ​ឲ្យ​ស្ត្រី​ខ្លះ​ធ្វើតាម ខ្លះ​បដិសេធ ហើយ​ពួកគេ​ត្រូវបាន​គេ​យកទៅ​សម្លាប់ និង​ខ្លះទៀត​មាន​ប្រាជ្ញា​ដោះស្រាយ ធ្វើ​ឲ្យ​ពួកគាត់​រួចខ្លួន​ក៏មាន​។​


 
​ការបង្ខំ​ឲ្យ​ហូប​សាច់ជ្រូក បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​កាន់សាសនា​ឥស្លាម​ក៏ពិតមែន តែ​ដើម្បី​មានជីវិត ស្ត្រី​ទាំងនោះ​ត្រូវ​ធ្វើតាម​។ តាម​ការស្រាវជ្រាវ​នោះដែរ ក៏បាន​រកឃើញថា ពេល​ស្ត្រី​សម្រាលកូន ខ្មែរក្រហម​បង្ខំ​ឲ្យ​ពួកគេ​ទៅធ្វើ​ការ និង​ទុក​កូន​ជាមួយ​មេដោះ ដែល​សុទ្ធសឹង​ជា​ជនជាតិខ្មែរ​។ ស្ត្រី​ចាម​បារម្ភ​ថា កូនៗ​ពួកគេ​នឹង​ឆ្ងាយ​ពី​ប្រពៃណី ឆ្ងាយ​ពី​ផ្លូវ​សាសនា​ដែល​ធ្លាប់​ប្រតិបត្តិ​កន្លងមក តែ​ក៏មាន​ស្ត្រី​ខ្លះ ខំព្យាយាម និង​រក​វិធី​សព្វបែបយ៉ាង ដើម្បី​បាន​នៅ​ជិត​កូន និង​គ្រួសារ​របស់​ពួកគេ​។​
 
​ដោយសារ​បទពិសោធន៍​ច្រើន​កើតចេញពី​ការងារ​ស្ម័គ្រចិត្ត ដូច្នេះ​លោកស្រី ហ្វា​រី​ណា ឲ្យ​តម្លៃ​ខ្ពស់​ទៅនឹង​ការងារ​មួយ​នេះ​។ លោកស្រី​យល់ថា ការងារ​ស្ម័គ្រចិត្ត អាច​ឲ្យ​យើង​បម្រើ​សង្គម ឲ្យ​យើង​ដឹង​ពី​សមត្ថភាព​ខ្លួនឯង មុននឹង​យើង​ឈានទៅ​កន្លែង​មួយទៀត គឺ​មានន័យថា យើង​បាន​ពង្រឹងសមត្ថភាព​ខ្លួនឯង​រួចទៅហើយ ដើម្បី​បម្រើ​សង្គម ពិសេស​ការងារ​ដែល​យើង​ចង់​ធ្វើ​។​
 
​បើទោះជា​បច្ចុប្បន្ននេះ មាន​អង្គការ សមាគម​ជាច្រើន​បានធ្វើការ​ដើម្បី​បម្រើ​សហគមន៍​ខ្មែរឥស្លាម​ហើយក៏​ដោយ តែ​សម្រាប់​លោកស្រី នៅតែ​ពេញចិត្ត​ចំពោះ​ការស្រាវជ្រាវ​នេះ​បន្តទៀត ដើម្បី​ជា​ចំណែក​សម្រាប់​បម្រើ​សហគមន៍​។ តាម​គំនិត​របស់​លោកស្រី ហ្វា​រី​ណា ការស្រាវជ្រាវ​ជួយ​ឲ្យ​យើង​យល់​ពី​សង្គម ទទួល​ព័ត៌មាន និង​ភាព​យុត្ដិធម៌ ពិសេស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​មាន​ភាពរឹងមាំ​។ លោកស្រី​បាន​និយាយ និង​លើកទឹកចិត្ត​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត តាមរយៈ​ការបង្កើត​ក្រុម​ស្រាវជ្រាវ​តូចៗ  និង​រៀបចំ​ទៅតាម​ប្រធានបទ​ផ្សេងៗ ពិសេស​លើកទឹកចិត្ត​ឲ្យ​យុវជន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​តាមរយៈ​គម្រោង​ស្រាវជ្រាវ​នេះ​។​
 
​អ្វីដែល​លោកស្រី ហ្វា​រី​ណា មើលឃើញ​ជ្រៅ​ក្នុង​គម្រោង​ស្រាវជ្រាវ ព្រោះ​វា​គឺជា​ផ្លូវ​តែមួយគត់​ដើម្បី​បង្ហាញ​ដល់​សហគមន៍​ដទៃ មើលឃើញ​សហគមន៍​ចាម​ក្នុង​ផ្លូវ​វិជ្ជមាន​ច្រើនជាង​ពេលមុន ពិសេស​គឺ​ចំណុចរ​ស៊ើប​ទាក់ទង​នឹង​អំពើ​ភេ​វរ​កម្ម ស្ត្រី និង​ផ្នត់គំនិត​ផ្សេងៗ​។ លោកស្រី​ថា ប្រធានបទ​ទាំងនោះ គួរ​យកមក​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ជាការ​ចែករំលែក​ដល់​សង្គម​ដទៃ ដើម្បី​ឲ្យ​ទំនាក់ទំនង​ពួកគេ​កាន់តែ​ស្អិតរ​មួ​ត​ជាមួយគ្នា​។​
 
​កើត​នៅឆ្នាំ១៩៨០ ក្នុង​គ្រួសារ​មធ្យម លោកស្រី ហ្វា​រី​ណា មាន​ឪពុក​ធ្លាប់បាន​សិក្សា​នៅ​សាលា​ព្រះស៊ីសុវត្ថិ មុន​របប​ខ្មែរក្រហម និង​ជា​អ្នក​មក​កម្ពុជា​ក្រោម​។ ម្តាយ​របស់​លោកស្រី ជា​អ្នកភូមិ​ឃ្លាំង​ស្បែក  និង​បានមក​ធ្វើការ​នៅ​គីឡូម៉ែត្រ​លេខ​៦ មុន​ខ្មែរក្រហម​ចូលមក​ដល់​។ ឪពុក និង​ម្តាយ​របស់​លោកស្រី ហ្វា​រី​ណា បាន​ជួបគ្នា ពេលដែល​ខ្មែរក្រហម​ជម្លៀស​ទៅ​ខេត្តក្រចេះ និង​បានស្នើ​អង្គការ​រៀបការ​ក្នុង​របប​នោះ​ផងដែរ​។ ឪពុក​របស់​លោកស្រី ត្រូវបាន​ស្លាប់នៅឆ្នាំ១៩៨៩។
 
​ដោយសារ​ជា​ក្មេង​កើត​ក្រោយ​របប​ខ្មែរក្រហម ហើយ​ការអប់រំ​នៅ​សម័យ​នោះ នៅមានកម្រិត​ផងដែរ​ ធ្វើអោយលោកស្រី ហ្វារីណា ចាំមិនភ្លេចពេលដែលលោកស្រី តស៊ូក្នុងការសិក្សា។ លោកស្រី ហ្វា​រី​ណា រម្លឹកថា ប្រជាពលរដ្ឋ​នៅពេលនោះ គិតតែ​ពី​បញ្ហា​ជីវភាព និង​ទីជម្រក​តែប៉ុណ្ណោះ​។ អ្វីដែល​កាន់តែ​ពិបាក​សម្រាប់​លោកស្រី ហ្វា​រី​ណា នៅពេលនោះ ក្រៅពី​បញ្ហា​ជីវភាព លោកស្រី​នៅ​ប្រឈម​ជាមួយ​សហគមន៍​ផងដែរ​។ សហគមន៍​ឥស្លាម​នៅពេលនោះ មិនទាន់​ផ្តល់​តម្លៃ​ដល់​ស្ត្រី​ឲ្យ​រៀនសូត្រ​ខ្ពង់ខ្ពស់​នៅឡើយ​។​
 
​តែដោយសារ​មានការ​ជំរុញ និង​លើកទឹកចិត្ត​ពី​ម្តាយ ទើប​ធ្វើ​ឲ្យ​លោកស្រី​ប្រឹងប្រែង​រហូតមកដល់​ស​ព្វ​ថ្ងៃ​។ ពាក្យ​មួយ​ឃ្លា ដែល​លោកស្រី​នៅចាំ​សំដី​ម្តាយ​មិន​ភ្លេច​នោះ គឺ «​មិន​ចង់ឃើញ​កូន​លំបាក​ដូច​ម៉ាក់​» មានន័យថា ការរកស៊ី​ដែល​យក​កម្លាំង​ជា​ឧបករណ៍​ដើម្បី​រកប្រាក់ នោះឡើយ​។​
 
​ទោះ​ប្រឡូក​ក្នុងការ​ស្រាវជ្រាវ​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជិត​២០​ឆ្នាំទៅ​ហើយក៏​ពិតមែន តែ​លោកស្រី ហ្វា​រី​ណា នៅតែ​គិតថា វា​នៅមាន​សារសំខាន់ និង​ថា​មិនទាន់​ធុញទ្រាន់​នឹង​ការងារ​មួយ​នេះឡើយ​។ ទោះ​នៅ​ទីនោះ​ធ្វើការ​ច្រើន​ផ្តោតលើ​ប្រធានបទ​ខ្មែរក្រហម​ក៏ពិតមែន ប៉ុន្តែ​វា​មិន​សាបរលាប​ឡើយ​។ លោកស្រី​បន្ថែមថា រឿង​ទាំងនោះ​បើ​យើង​មិន​ព្រម​សិក្សា ចងក្រង​ទេនោះ វា​នឹង​អាច​កើតឡើង​ម្តងទៀត​។ លោកស្រី​បញ្ជាក់ទៀតថា នៅតែ​ស្រឡាញ់ និង​នៅតែ​បន្តទៅ​ថ្ងៃមុខ​ទៀត ក្នុងករណី​ដែល​មិនមាន​អ្វី​ប្រែប្រួល​។​
 
«​នៅ​កន្លែង​នេះ (​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​) យើង​មិនមែន​ធ្វើ​តែ​រឿង​ខ្មែរក្រហម​ទេ យើង​អាច​ផ្សារភ្ជាប់​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​របប​ខ្មែរក្រហម មក​បច្ចុប្បន្ន ថា​តើ​វា​មាន​ភាពខុសគ្នា​យ៉ាងម៉េច ដើម្បី​យើង​ទប់ស្កាត់​។ ហើយ​ពេលធ្វើការ​ជាមួយ​សហគមន៍ ធ្វើ​ឲ្យ​យើង​មាន​ឳ​កាស​ដឹង​ពី​រឿង​សហគមន៍​លើសពី​ក្នុង​របប​ខ្មែរក្រហម​។ ការរីកចម្រើន​របស់​សហគមន៍ ទំនាក់​ទំនាក់​របស់​សហគមន៍​ជាមួយ​អ្នក​ខាងក្រៅ នៅមាន​ច្រើន​ទៀត​ដែល​អាច​ឲ្យ​យើង មិន​ធុញទ្រាន់​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ហ្វា​រី​ណា​៕

Tag:
 សូ ហ្វា​រី​ណា
© រក្សាសិទ្ធិដោយ thmeythmey.com