ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យម្ចាស់សហគ្រាសមកទូទាត់បំណុលពន្ធ
× ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញសហគ្រាសមកទូទាត់បំណុលពន្ធ។ តាមសេចក្ដីជូនដំណឹងខាងលើ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា សហគ្រាសមួយចំនួនបានចូលខ្លួនមកទូទាត់បំណុលពន្ធតាមការអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធនៅឡើយទេ។
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់នាយកសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់មកទូទាត់បំណុលពន្ធរបស់ខ្លួន។ ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារខាងលើ ករណីដែលនាយកសហគ្រាសមិនទូទាត់បំណុលពន្ធនោះ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់ការតាមវិធានការច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ។
បើផ្អែកតាមសេចក្ដីជូនដំណឹងដដែល វិធានការតឹងរឹងក្នុងការទារបំណុលពន្ធ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីបញ្ឈប់ការនាំចេញ-នាំចូល និងសហការជាមួយធនាគារជាតិ ដើម្បីឃាត់ទុកគណនីធនាគារអ្នកជាប់ពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តសហការជាមួយតុលាការ ដើម្បីឃុំគ្រង និងរឹបអូសទ្រព្យសម្បត្តិ និងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងឃាត់ទុកការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ និងភាគហ៊ុន។ ម្យ៉ាងទៀត ទុកជាមោឃៈ នូវលិខិតអនុញ្ញាត និងអាជ្ញាបណ្ណផ្សេងៗ។
សូមបញ្ជាក់ថា នាយក, ម្ចាស់សហគ្រាស ដែលត្រូវទូទាត់បំណុលពន្ធ នឹងត្រូវបង់ពន្ធនៅទីតាំងពន្ធដារកែងមហាវិថីសហព័ន្ធរុស្សី និងមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បន្ទប់លេខ ២០៨ ទាក់ទងតាមទូរសព្ទលេខ ០២៣ ៨៨៤ ៨០០៕
Tag:
អគ្គនាយកដ្ឋានពន្ធដារ
សហគ្រាស
បំណុល
ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com