អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​នឹងធ្វើ​ព្យុហយាត្រា​យោធា​​នៅ​ខែវិច្ឆិកា តែ​គ្មាន​រថក្រោះ​ទេ
10, Mar 2018 , 5:39 pm        
រូបភាព
ប្រធា​​នា​​​ធិបតី ដូណាល់ ត្រាំ ក្នុង​​​ពិធី​​​ដង្ហែរ​​​ក្បួន​​​យោធា​​​នៅ​​បារាំង (រូបភាព៖ AFP)
ប្រធា​​នា​​​ធិបតី ដូណាល់ ត្រាំ ក្នុង​​​ពិធី​​​ដង្ហែរ​​​ក្បួន​​​យោធា​​​នៅ​​បារាំង (រូបភាព៖ AFP)
​តាម​សំណើ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មន្ទីរ​បញ្ច​កោណ​បានសម្រេច​ចិត្ត​រៀបចំ​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​នៅ​ខែវិច្ឆិកា​ខាងមុខ​។ ប៉ុន្តែ គេ​នឹង​មិនឃើញ​វត្តមាន​រថក្រោះ​បើក​កាត់​ផ្លូវ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឡើយ ដោយ​ក្រសួងការពារជាតិ​អាមេរិក​យល់ថា រថក្រោះ​ដែលមាន​ទម្ងន់​ធ្ងន់​ទាំងនោះ អាច​បំផ្លាញ​ផ្លូវ​ក្នុង​ទីក្រុង​បាន​។ ជំនួស​មកវិញ យោធា​អាមេរិក​នឹង​បង្អួត​កម្លាំង​អាកាស​របស់ខ្លួន​ឲ្យ​បាន​សម្បើម​។​

 
​ក្បួនព្យុហយាត្រា​កងទ័ព​ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រាថ្នា​ចង់បាន នឹងធ្វើ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ដែលជា​ថ្ងៃ​រំឭក​គុណ​អតីតយុទ្ធជន​អាមេរិក​។ នេះ​បើតាម​កំណត់ហេតុ​ស្ដីពី​គោលការណ៍​សម្រាប់​ក្បួន​យោធា​របស់​មន្ទីរ​បញ្ច​កោណ​ផ្សាយ​នៅ​ថ្ងៃទី​៩ ខែមីនា​។ ក្បួនព្យុហយាត្រា​នេះ នឹងធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​សំខាន់ៗ​ពី​សេត​វិមាន ទៅកាន់​វិមាន​កា​ពី​តូ​ល ដោយមាន​វត្តមាន​យោធា​អាមេរិក​ជាច្រើន​អង្គភាព​។​
 
​យ៉ាងណាមិញ លោក ត្រាំ មិនអាច​ទស្សនា​រថក្រោះ​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​នេះឡើយ​។ មន្ទីរ​បញ្ច​កោណ​បានសម្រេច​ចិត្ត​បង្ហាញ​តែ​រថពាសដែក​ប្រើប្រាស់​កង​ប៉ុណ្ណោះ និង​បាន​ដក​រថក្រោះ​ចេញ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើផ្លូវ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ឲ្យ​បានជា​អតិបរមា​។ ទោះ​គ្មាន​រថក្រោះ លោក ត្រាំ អាច​ទស្សនា​ជក់ចិត្ត​កម្លាំង​ទ័ពអាកាស​អាមេរិក​វិញ ព្រោះ​ខាង​ក្រសួងការពារជាតិ​អាមេរិក​បាន​ណែនាំ​ឲ្យ​បញ្ចូល​សព្វាវុធ​ផ្លូវអាកាស​ជាច្រើន​មុខ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្បួនព្យុហយាត្រា​យោធា​លើក​នេះ នឹង​ផ្ដោត​សំខាន់​លើ​ការរួមចំណែក​របស់​អតីតយុទ្ធជន​អាមេរិក​ចាប់តាំងពី​សង្គ្រាម​បដិវត្តន៍​មក​។ ប៉ុន្តែ​គម្រោង​បង្ហាញ​ឥទ្ធិពល​យោធា​នេះ រង​ការរិះគន់​យ៉ាងខ្លាំង ដោយ​ក្រុម​អ្នកប្រឆាំង​លើកឡើងថា វា​ជា​រឿង​មិនចាំបាច់ និង​ខាត​លុយ​អត់​ប្រយោជន៍ ខណៈដែល​ក្រសួងការពារជាតិ​អាមេរិក​កំពុង​ត្រូវការ​លុយ​ដើម្បី​ទប់ទល់​ការចំណាយ​ផ្នែក​យោធា​នោះ​។ 
 
​ការបង្ហាញ​អានុភាព​យោធា​តាមរយៈ​ការ​ដង្ហែរ​ក្បួន គឺជា​រឿង​កម្រ​បំផុត​នៅ​អាមេរិក ទោះជា​វា​ជា​រឿង​ធម្មតា​នៅតាម​ប្រទេស​មួយចំនួន​ដើម្បី​អបអរ​ជោគជ័យ ឬ​សម្ញែង​កម្លាំងយោធា​ក្ដី​។ ព្រឹត្តិការណ៍​បែបនេះ កើតមាន​ចុងក្រោយ​បំផុត​នៅ​អាមេរិក គឺ​នៅ​ឆ្នាំ​១៩៩១ នៅពេលដែល​កម្លាំងយោធា​អាមេរិក​ដើរ​ក្បួន​ដើម្បី​សាទរ​ជោគជ័យ​ក្នុង​សង្គ្រាម​នៅ​ឈូង​សមុទ្រ​ពែ​រ្ស​។ 
 
​មកដល់​សម័យកាល​លោក ត្រាំ ប្រធានាធិបតី​រូបនេះ​បាន​បំផុសគំនិត​បង្ហាញ​សមត្ថភាព​យោធា​នេះ​ជាថ្មី ក្នុងន័យ​បង្ហាញ​ពី​ពិភពលោក​ពីអ្វី​ដែល​យោធា​អាមេរិក​មាន​។ លោក ត្រាំ កាន់តែ​ពុះកញ្ជ្រោល​ចង់ឃើញ​ក្បួនព្យុហយាត្រា​យោធា​កាន់តែខ្លាំង នៅពេល​លោក​បានឃើញ​ការ​ដង្ហែរ​ក្បួន​របស់​យោធា​បារាំង​កាលពី​ឆ្នាំ​២០១៧ ។ ក្រោយមក លោក​ក៏​ចេញ​បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​រៀបចំ​គម្រោង​ដង្ហែរ​ទ្រង់ទ្រាយ​ធំ​ដូច​បារាំង​ដែរ​៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com