កីឡាជាតិ
ជាតិ
បុណ្យ​ទន្លេ ៖ លោក វ៉ា​ត់ ចំរើន ថា​ការប្រកួត​កីឡា​ក្នុង​ថ្ងៃទី​១ ទទួលបាន​ការគាំទ្រ​ច្រើន​
10, Mar 2018 , 4:10 pm        
រូបភាព
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​វាយតម្លៃថា ការប្រកួត​កីឡា​ក្នុង​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤​នៅ​ខេត្តកណ្តាល ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន បើ​ធៀប​ទៅនឹង​បុណ្យ​ទន្លេ​៣​លើក​កន្លងមកនេះ​។ គ្រាន់តែ​ពី​ព្រឹក​ដល់​ល្ងាច​ដោយ​មិន​រាប់បញ្ចូល​ទាំង​ពេលយប់​អគ្គលេខាធិការ​រូបនេះ​អះអាងថា ទទួលបាន​អ្នកគាំទ្រ​ប្រមាណ​ជិត​១​ម៉ឺន​នាក់​។ អ្វីដែល​សំខាន់​ការប្រកួត​កីឡា​នីមួយៗ បាន​ដំណើរការ​ទៅ​យ៉ាង​រលូន មិនមាន​បញ្ហា​អាក្រក់​អ្វី​កើតឡើង​នោះទេ​។

 
«​យើង​អាច​វាយតម្លៃថា​ក្នុង​សកម្មភាព​គាំទ្រ​ការប្រកួត​កីឡា​របស់​យើង​ក្នុងថ្ងៃនេះ​(​ពី​ព្រឹក​ដល់​ល្ងាច​)​មានការ​ផុលផុស និង​ច្រើនជាង​លើក​មុនៗ ពិសេស​យើង​ទទួលបាន​ជោគជ័យ​ល្អ​ទាំង​សុវត្ថិភាព និង​សន្តិសុខ ពោលគឺ​មិនមាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​សុវត្ថិភាព​កីឡាករ​នោះទេ​»​។ នេះ​ជាការ​វាយតម្លៃ​ចំពោះ​ការគាំទ្រ​របស់​មហាជន និង​សកម្មភាព​ប្រកួត​កីឡា​របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ NOCC​។ 


 
​គ្រាន់តែ​ពី​ព្រឹក​ដល់​ល្ងាច​ដោយ​មិន​រាប់បញ្ចូល​ពេលយប់ សកម្មភាព​កីឡា​បាន​ទាក់ទាញ​អ្នកចូលរួម ក៏ដូចជា​អ្នកគាំទ្រ​ប្រមាណ​ជិត​១​ម៉ឺន​នាក់ ដែល​នាំ​ឲ្យ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៤​នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​មាន​ភាព​អ៊ូអរ​តាំងពីព្រឹក​ដល់​ល្ងាច​។ ការទទួលបាន​ការគាំទ្រ​យ៉ាង​ផុសផុល​នេះ អាចមកពី​ខេត្តកណ្តាល​មាន​ទីតាំង​ជិត​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន​។ 
 
​អគ្គលេខាធិការ NOCC រូបនេះ បាន​ទុក​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រប​ស់​មហាជន​ជាស​ញ្ញាណ​មួយ​ដ៏​ល្អ​ក្នុងការ​ទាក់ទាញ​យុវជន​ឲ្យ​រួម​លេង​កីឡា និង​ជា​ក្តីសង្ឃឹម​ក្នុង​ដំណើរ​ឆ្ពោះទៅ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣​។ លោក​បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ប្រជាពលរដ្ឋ​យើង​គាត់​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​កីឡា ឲ្យ​គាត់​ចូលរួម​ផង គាំទ្រ​ផង​នឹងធ្វើ​ឲ្យ​កីឡា​យើង​ជោគជ័យ​។ ហើយ​ជួយ​ជំរុញ​ឲ្យ​អ្នកមាន​ទេពកោសល្យ​ក្នុង​កីឡា​ជំនាញ​មាន​កាន់តែច្រើន កាលណា​មាន​ច្រើន​វា​ធ្វើ​វិស័យ​កីឡា​យើង​មាន​សក្តានុពល និង​ឧត្តមភាព​នៅលើ​ឆាក​អន្តរជាតិ​»​។ 
 
​កីឡា​ដែល​បាន​ប្រកួត​ក្នុង​ថ្ងៃទី​១​រួមមាន​រត់ប្រណាំង​ក​ម្សា​ន្ត ប្រណាំងទូក​ប្រពៃណី​ខ្នាត​វែង ប្រដាល់​គុន​ខ្មែរ អុកចត្រង្គ និង​បាល់ទាត់​។ បើ​យោងតាម​លោក វ៉ា​ត់ ចំរើន កីឡា​រត់ប្រណាំង​កម្សាន្ត​បាន​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជាង​៥​ពាន់​នាក់ ដែលមាន​ចំនួន​ច្រើនជាង​ក្នុងចំណោម​កីឡា​ទាំងអស់ ខណៈ​ប្រណាំងទូក បាល់ទាត់ និង​ប្រដាល់​គុន​ខ្មែរ ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​៕  















Tag:
 បុណ្យ​ទន្លេ​
  វ៉ា​ត់ ចំរើន​
  ខេត្តកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com