អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
«​សន្និសីទ​អ្នកកាសែត​ពិភពលោក​» គាំទ្រ​ការវិវឌ្ឍ​ស្ថានភាព​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​
10, Mar 2018 , 9:25 pm        
រូបភាព
​សេ​អ៊ូ​ល​៖ អ្នកកាសែត​៧០​នាក់ មកពី​៥០​ប្រទេស​បានបញ្ចប់​សន្និសីទ WJC (World Journalists Conference 2018) ហើយ​នាយ​ប់​ថ្ងៃទី​១០​ខែមីនា​នេះ នៅ​ទីក្រុង​អ៊ី​ន​ឆុន នៃ​សាធារណរដ្ឋ​កូរ៉េ​។ ពួកគេ​បានអនុម័ត​សេចក្តីថ្លែងការណ៍​សាទរ ការវិវឌ្ឍ​ជា​វិជ្ជមាន នៃ​ស្ថានការណ៍​នយោបាយ រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​។​

 
«​ជាមួយនឹង​ការចូលរួម​ពី​អត្ត​ព​លិ​ក​កូរ៉េខាងជើង ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា បន្ទាប់មក​ដោយមាន​ជំ​នួន​ពិភាក្សា​ជាន់ខ្ពស់ រវាង​កូរ៉េខាងជើង និង​ខាងត្បូង ការផ្សះផ្សារ​រវាង​បងប្អូន និង​រួមទាំង​សហប្រតិបត្តិការ ដើម្បី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ បាន​ក្លាយជា​ព្រឹត្តិការណ៍​ដែល​នឹង​មិនអាច​ត្រឡប់ក្រោយ​វិញ​ឡើយ​»​។ នេះ​ជាការ​កត់សម្គាល់​របស់​ក្រុមអ្នកកាសែត មកពី​ជុំវិញ​ពិភពលោក ដែល​បាន​មាន​វត្តមាន​មួយ​សប្តាហ៍​មកហើយ នៅក្នុង​សាធារណរដ្ឋ​កូរ៉េ​។ អ្នកកាសែត​ប្រមាណ​៧០​នាក់ បាន​ចូលរួម​ក្នុង​«​សន្និសីទ​អ្នកកាសែត​ពិភពលោក​» ស្តីអំពី​តួនាទី​សារព័ត៌មាន ដើម្បី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ដើម្បី​សន្តិភាព​ពិភពលោក​។​
 
​សន្និសីទ​អ្នកកាសែត​ពិភពលោក ដែល​រៀបចំ​ដោយ​សមាគម​អ្នកកាសែត​នៃ​ប្រទេស​កូរ៉េ បានសម្រេច​អនុម័ត​សេចក្តីប្រកាស​មួយ ដោយ​ទទួលស្គាល់ថា ការរំសាយ​អាវុធ​នុយក្លេអ៊ែរ និង​ការកសាង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ គឺពាក់ព័ន្ធ​ទៅនឹង​សន្តិភាព​ពិភពលោក​។​
 
​សេចក្តីថ្លែងការណ៍​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​គាំទ្រ​យ៉ាង​មុតមាំ​ការវិវឌ្ឍ​ថ្មីៗ នៃ​ការសន្ទនា​រវាង​កូរ៉េ​ទាំងពីរ និង​សូម​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក រួមទាំង​ប្រទេសជិតខាង​ដូចជា​សហរដ្ឋអាមេរិក ចិន ជប៉ុន និង​រុស្ស៊ី ចូលរួម​គាំទ្រ​បន្ត​ការសន្ទនា​នេះ ឆ្ពោះទៅរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​»​។​
 
​សមាគម​អ្នកកាសែត​កូរ៉េ បានរៀបចំ​សន្និសីទ​អន្តរជាតិ ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១០ ខែមីនា​នេះ ចំ​ពេលដែល​រដ្ឋាភិបាល​កូរ៉េ​ទាំងពីរ កំពុង​ត្រឡប់​មករក​ការចរចា​សន្តិភាព​វិញ ដោយមាន​ការគាំទ្រ​ពី​ប្រទេស​មហាអំណាច​ចិន រុស្ស៊ី និង​អាមេរិក​ទៀតផង​។​
 
​នៅក្នុង​ក្របខណ្ឌ​នៃ​សន្និសីទ​អ្នកកាសែត​អន្តរជាតិ អ្នកកាសែត​ទាំង​៧០​នាក់ ត្រូវបាន​នាំទៅ​ទស្សនកិច្ច​កោះ​ជេ​ជូ ដែល​ស្ថិតក្នុង​ភាគខាងត្បូង​នៃ​សាធារណរដ្ឋ​កូរ៉េ ហើយ​ដែល​កាលពី​៦០​ឆ្នាំមុន ជាទី​ដែល​អ្នក​កោះ​ជេ​ជូ គាំទ្រ​ឲ្យ​មានការ​រួមគ្នា​រវាង​កូរ៉េ​ទាំងពីរ​៕
 
 

Tag:
 ឧបទ្វីប​កូរ៉េ
  wjc2018
© រក្សាសិទ្ធិដោយ thmeythmey.com