កីឡាជាតិ
ជាតិ
អត្តពលិកជាង២ពាន់នាក់ប្រជែងគ្នាក្នុងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុននៅខេត្តព្រះសីហនុ
× អត្តពលិកជាតិនិងអន្តរជាតិប្រមាណជាង២ពាន់នាក់មកពី២៨ប្រទេស ត្រូវប្រជែងគ្នាក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៧នៅខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។ ចំនួននេះមានការកើនឡើងតិចតួចប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន។
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ អត្តពលិកជាង២ពាន់នាក់មកពី២៨ប្រទេស បានមកជួបជុំគ្នានៅឆ្នេរអូឈើទាលក្នុងខេត្តព្រះសីហុន ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៧នៅទីនេះ។ អត្តពលិកទាំងនេះ ប្រកួតប្រជែងលើ៣វិញ្ញាសា គឺរត់ចម្ងាយ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។
បើយោងតាមលោក សែម ផល្លា អ្នកគ្រប់គ្រងទូទៅនៃព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុន ចំនួនអត្តពលិកចូលរួមឆ្នាំនេះមានការកើនឡើងតិចតួចបំផុតបើធៀបនឹងឆ្នាំមុន ដែលមានប្រមាណជាង២ពាន់នាក់តិចតួច។ ការកើនឡើងតិចតួចពីមួយឆ្នាំទៅមួយឆ្នាំនេះ ត្រូវបានអ្នកគ្រប់គ្រងទូទៅខាងលើមើលឃើញថា ដោយសារខេត្តព្រះសីហនុមិនសូវសម្បូរជើងហោះហើរត្រង់ពីបរទេស។ ហើយការតម្លើងថ្លៃឈ្នួលសណ្ឋាគារ ផ្ទះសំណាក់ និងម្ហូបអាហាររបស់វិស័យឯកជន ក៏ជាកត្តារួមចំណែកផងដែរ។
ទន្ទឹមនឹងនេះ លោក សែម ផល្លា អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាននៃវិស័យឯកជនក្នុងខេត្តនេះចូលរួមសហការតាមរយៈការផ្តល់តម្លៃសេវាកម្មសមរម្យជូនអតិថិជនក្នុងថ្ងៃនោះ។ ការអំពាវនាវនេះ បន្ទាប់ពីមានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានមួយចំនួននៅតែឆ្លៀងឱកាសយកថ្ងៃនោះតម្លើងថ្លៃសេវាកម្មរបស់ខ្លួនស្ទើរ១ទ្វេជាពីរ។
ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនេះរៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍នៅខេត្តព្រះសីហនុ។ លើសពីនេះ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីលំហែទាំឆ្នេរ និងបរិស្ថានជុំវិញតំបន់ទេសចរណ៍ឆ្នេរដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុមួយនេះ។ មួយវិញទៀត ដើម្បីប្រមូលមូលធិនិជួយមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសប្បុរសធម៌នានា៕
Tag:
ពាក់កណ្តាម៉ារ៉ាតុន
សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com