បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
តួឯក​អប្សរា​កញ្ញា ស្រី​ពេញ ថា​ខ្លួន​មាន​មោទកភាព​ខ្លាំង​ព្រោះ​ចេះ​រាំ​របាំ​បុរាណ​
11, Mar 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា អៀង ស្រី​ពេញ ជា​អ្នករបាំ​បុរាណ​មួយរូប ដែល​បាន​ចូលរួម​លើកតម្កើង និង​ផ្សព្វផ្សាយ​របាំ​ឲ្យ​ពិភពលោក​ស្គាល់ តាមរយៈ​ការ​ទៅ​សម្តែង​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ទើប​មាន​វ័យ​២៦​ឆ្នាំ ប៉ុន្តែ ស្រី​ពេញ បាន​ក្លាយជា​តួឯក អប្សរា នៅក្នុង​របាំ​ក្បាច់បុរាណ ឬ​របាំ​ព្រះរាជ​ទ្រព្យ​ប្រមាណ​៤​ឆ្នាំ​មកហើយ​។ សម្រាប់ កញ្ញា អៀង ស្រី​ពេញ នាង​ពិត​ជាមាន​មោទកភាព​ណាស់ ដែល​បាន​រាំ​របាំ​បុរាណ​ខ្មែរ ឲ្យ​ភ្ញៀវ​ខ្មែរ និង​បរទេស​មើល និង​យល់ថា រូបគេ​បាន និង​លើក​មុខមាត់​ប្រទេស តាមរយៈ​របាំ​បុរាណ​នេះ​។ មិន​ត្រឹមតែ​ការបង្ហាញ​របាំ​បុរាណ និង​យល់ច្បាស់​ពី​សិល្បៈ​នោះទេ ដែល​ធ្វើ​ឲ្យ​តួឯក​អប្សរា​រូបនេះ កើត​ក្តីរំភើប ប៉ុន្តែ​នាង​មាន​មោទកភាព​ដែរ ដែល​បាន​កើតជា​មនុស្ស​ស្រី ព្រោះ​មុន​ចូល​សិល្បៈ​នាង​គិតថា កើតជា​ស្រី​ពិបាក​ណាស់​។​

 
​កញ្ញា អៀង ស្រី​ពេញ គឺជា​អ្នករបាំ​បុរាណ​មួយរូប និង​ជា​កូនស្រី​ពៅ​របស់លោក អៀង ស៊ី​ធុល ដែល​អ្នកសិល្បៈ​បុរាណ​ដ៏​ល្បី​មួយរូប​ដែរ​។ នាង បាន​ក្លាយជា​តួឯក​អប្សរា​នៅក្នុង​របាំ​ក្បាច់ បុរាណ​ខ្មែរ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ មុន​ក្លាយជា​តួឯក​អប្សរា កញ្ញា ស្រី​ពេញ ដែល​បច្ចុប្បន្ន​មាន​អាយុ​២៦​ឆ្នាំ បាន​ហាត់រៀន​របាំ​ក្បាច់បុរាណ​មួយរយៈ នៅក្នុង​សមាគម​របាំ​របស់​ឪពុក​ខ្លួន មុន​ចូលរៀន​នៅ​សាលា​វិចិត្រសិល្បៈ នៅ​អាយុ​១១​ឆ្នាំ​។ 


 
​កើត​ក្នុង​ត្រកូល​អ្នកសិល្បៈ​ស្រាប់ ហាក់​មិន​ចម្លែក​ទេ​ដែល កុមារី ស្រី​ពេញ មាន​ឧបនិស្ស័យ​នឹង​សិល្បៈ ស្របពេល​ឪពុកម្តាយ ក៏​តែង​ជំរុញ​ឲ្យ​ខ្លួន​ចូល​ហាត់​របាំ​បុរាណ​នេះ​ទៀត​នោះ​។ បើតាម កញ្ញា អៀង ស្រី​ពេញ រូបគេ​កាន់​តែមាន​ទឹកចិត្ត​ពុះកញ្ជ្រោល កាន់តែ​ចូលចិត្ត​របាំ​បុរាណ និង​ខំប្រឹង​ហាត់រៀន​រហូត​បានក្លាយ​ជា តួឯក អប្សរា​នេះ ព្រោះ​នាង​បានឃើញ​ឪពុក​បង្ហាញ​ពី​ក្តីរំភើប និង​មោទកភាព នៅពេលដែល​សិល្បករ​ខ្មែរ​បាន​ទៅ​សម្ដែង​នៅក្រៅ​ប្រទេស​។ កញ្ញា ស្រី​ពេញ បាន​រម្លឹកថា​៖«​កាល​នៅ​តូច ពេលដែល​ប៉ា​ទៅ​សម្ដែង​សិល្បៈ​ក្រៅប្រទេស ប៉ា​មកវិញ​តែងតែ​ថត​វីដេអូ​ពី​សកម្មភាព​សម្ដែង ហើយ​ប៉ា​តែង​និយាយថា គាត់​មាន​មោទកភាព​ដែល​របាំ​ខ្មែរ​បាន​ចេញទៅ​សម្ដែង​នៅ​ប្រទេសក្រៅ ហើយ​គាត់​និយាយថា ប្រទេស​គេ​បែបនេះ​បែប​នោះ​។ ពេលឮ​ប៉ា​និយាយ​បែបនេះ ខ្ញុំ​គិតថា ខ្ញុំ​ចង់ទៅ​ស្គាល់​ប្រទេស​គេ​ដែរ ខ្ញុំ​ចង់ទៅ​សម្ដែង​របាំ​នៅ​ស្រុក​គេ​ដែរ ខ្ញុំ​ក៏​រឹតតែ​ខំរៀន​សិល្បៈ​»​។​
 
​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ តួឯក​អប្សរា​រូបនេះ ឲ្យ​ដឹងថា​នាង អាច​សម្តែង​លើ​ឆាក​បាន នៅ​អាយុ​១៣​ឆ្នាំ ដោយ​ផ្តើម​រាំ​តែ​របាំ​ស្រួលៗ​សម្រាប់​កុមារ​។ បន្ត​បន្ទាប់មក ការ​រាំ​កាន់តែ​រីកចម្រើន រហូតមកដល់​ជា​តួឯក​អប្សរា ដូច​បច្ចុប្បន្ន ដែល​ការ​រាំ​ជាប្រចាំ គឺ​នៅ​ឆាក​សម្ដែង​សិល្បៈ​ក្នុង​បរិវេណ​សារមន្ទីរ​ជាតិ  និង​រាំ​នៅតាម​កម្មវិធី​មួយចំនួន​ដែរ​។ ក្រៅពី​ចេះ​រាំ​របាំ​ក្បាច់បុរាណ ស្រី​ពេញ ក៏​ចេះ​រាំ​របាំ​ផ្សេងៗ​ជាច្រើន​ទៀត ចេះ​លេង​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ខ្លះៗ និង​អាច​ច្រៀង​បាន​ខ្លះ​ដែរ​។ ស្រី​ពេញ ក៏​កំពុង​រៀន​ជំនាញ​ទេសចរណ៍​បដិសណ្ឋារកិច្ច​ដែរ​។​


 
​មកដល់ពេលនេះ កញ្ញា ស្រី​ពេញ បាន​នាំយក​របាំ​ក្បាច់បុរាណ​ខ្មែរ ទៅ​សម្តែង​បាន​៨​ប្រទេស​ហើយ​។ ស្រី​ពេញ បញ្ជាក់ថា រាល់ពេល​សម្ដែង​ម្ដងៗ នាង​បាន​សង្កេតឃើញថា បរទេស​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​របាំ​ខ្មែរ ហើយ​គេ​តែង​ពោល​សរសើរ​ថា​របាំ​ខ្មែរ​ស្អាត នារី​របាំ​ក៏មាន​ចរិយា​ទន់ភ្លន់​ដែរ​។ ស្រី​ពេញ​បាន​បញ្ជាក់ថា នៅពេលដែល​នាង​មាន​វ័យ​ចំណាស់ ខ្លួន​នឹង​ទៅ​បង្រៀន​ទម្រង់​សិល្បៈ​បុរាណ ទៅដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ព្រោះ​នាង​ពិតជា​ចង់ឱ្យ​សិល្បៈ​ខ្មែរ រីកដុះដាល​ក្នុង​ផ្នត់​គំ​និង​ក្មេងជំនាន់ក្រោយ​៕



Tag:
 អៀង ស្រី​ពេញ​
 ​ របាំ​បុរាណ​
 ​សិទ្ធិនារី​
  IWD2018
© រក្សាសិទ្ធិដោយ thmeythmey.com