អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេ​សិទ្ធិមនុស្ស UN ហួសចិត្ត​នឹង​សម្តី​ស្មោគគ្រោគ​របស់ ឌូ​ទើ​តេ ទៅកាន់​អ្នករាយការណ៍​សិទ្ធិមនុស្ស
11, Mar 2018 , 10:19 pm        
រូបភាព
ដោយ:
​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការអនុវត្ត​គោលនយោបាយ​រឹតត្បិត និង​ចង្អៀតចង្អល់​របស់​ប្រមុខ​ដឹកនាំ​កំពូល​ហ្វីលីពីន ។ ប្រមុខ​សិទ្ធិមនុស្ស​ថែមទាំង​ហៅ​ការប្រើប្រាស់​ពាក្យសម្តី​អាក្រក់​របស់​មេដឹកនាំ​ហ្វីលីពីន ដូច​ទៅនឹង​មនុស្ស​គ្មាន​ការអប់រំ​យ៉ាង​ដូច្នេះ​ឯង ។


​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​៩ មីនា ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោក ហ្សេ​ដ រ៉ា​អាដ អាល់​ហ៊ូ​សេន ( Zeid Ra'ad Al Hussein)  បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ( Rodrigo Duterte) ដែល​មិន​ស្វាគមន៍ និង​ថែមទាំង​ដាក់​គោលដៅ​ទៅលើ​មន្ត្រី​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​បំពេញបេសកកម្ម​ការងារ​នៅ​ទីនោះ​ផង​។ 
 
​ប្រតិកម្ម​របស់​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រូបនេះ ធ្វើឡើង​តប​ទៅនឹង​ការដាក់បញ្ចូល​ឈ្មោះ មន្ត្រី​ជំនាញ​ជនជាតិភាគតិច​របស់​អង្គការសហប្រជាជាតិ  Victoria Tauli-Corpuz ទៅក្នុង​បញ្ជី​ក្រុម​ភេរវជន និង​ប្រកាស​មិន​សហការ​លើ​ការស៊ើបអង្កេត​របស់​អ្នករាយការណ៍​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី Agnes Callamard លើ​សំណុំ​សង្គ្រាម​គ្រឿងញៀន របស់​ហ្វីលីពីន ។ 
 
​ខណៈ​ថ្លែង​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មាន​ចំណាត់ការ​តប​ទៅនឹង​រដ្ឋាភិបាល​ហ្វីលីពីន នា​សន្និសីទ​សារព័ត៌មាន​ដដែល​នោះ លោក​ឧ​ត្ត​ម​ស្នងការ បាន​សម្តែង​ការហួសចិត្ត​ចំពោះ​លោក​ឌូ​ទើ​តេ​យ៉ាង​ដូច្នេះ​ថា​៖« វា​គឺ​រឿង​ដែល​គួរ​ឲ្យ​ខ្មាស ដែល​ប្រធានាធិបតី​ប្រទេសមួយ អាច​ប្រើប្រាស់​ភាសា​ស្មោគគ្រោក​ទៅកាន់​អ្នករាយការណ៍​សិទ្ធិមនុស្ស ដែល​ទទួលបាន​ការគោរព​ពី​សហគមន៍​អន្តរជាតិ​នោះ​» ។​
 
​គួរ​ជម្រាប​ផងដែរ​ថា គិច​ចាប់ពី​ការឡើង​កាន់អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​មក លោក ឌូ​ទើ​តេ កម្រ​នឹង​ប្រើប្រាស់​ភាសា​ល្អ​ជាមួយនឹង​បណ្តា​ស្ថាប័ន ឬ​ឥស្សរជន​ជាន់ខ្ពស់ នៅពេលដែល​លោក​ប្រតិកម្ម​ក្នុង​រឿង​អ្វីមួយ ។ សូម្បី​អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ បាន គី​មូ​ន និង​អតីត​ប្រធានាធិបតី​អាមេរិក លោក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ធ្លា​ប់រង​ការប្រមាថ​ពី​រូបលោក​ដែរ ។ 
 
​គួរកត់សម្គាល់​នោះ អ្វីដែល​ធ្វើ​ឲ្យ​របប​ដឹកនាំ​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ មាន​ចំណុច​ថ្នាំងថ្នាក់​ច្រើន​ជាមួយនឹង​អង្គការ ជាពិសេស​លើ​វិស័យ​សិទ្ធិមនុស្ស​នោះ ក៏​ព្រោះតែ​បញ្ហា សង្គ្រាម​គ្រឿងញៀន​នោះឯង ។ តាម​របាយការណ៍​រប​ស់​មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ មាន​ជនសង្ស័យ និង​ឈ្មួញ​គ្រឿងញៀន​រាប់ពាន់នាក់ ត្រូវបាន​សម្លាប់​ក្រោម​ប្រតិបត្តិការ និង​បញ្ជា​របស់លោក ឌូ​ទើ​តេ ៕ 
 

Tag:
 ហ្វីលីពីន​
  សង្គ្រាម​គ្រឿងញៀន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com