ថ្ងៃអាទិត្យ ទី ១១ ខែមីនា គុយបារៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសសមាជិកសភាថ្មី មុននឹងមានការជ្រើសរើសប្រធានាធិបតីថ្មី សម្រាប់ដឹកនាំប្រទេស ជំនួសអ្នកនយោបាយត្រកូលកាស្ត្រូផងនោះ។ ការបោះឆ្នោតនេះ បង្ហាញឲ្យឃើញពីការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងប្រព័ន្ធដឹកនាំគុយបា ដែលដើរតាមរបបសង្គមនិយម តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០។
ប្រជាជនប្រហែលប្រាំបីលាននាក់ ចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភាថ្មី ៦០៥ រូប នៅថ្ងៃអាទិត្យទី ១១ មីនា។ សមាជិកសភាថ្មីទាំងអស់នេះ នឹងមានភារកិច្ចជ្រើសរើសអ្នកស្នងតំណែងលោក រ៉ាអ៊ូល កាស្ត្រូ ដែលវាមានវ័យ ៨៦ឆ្នាំ ដែលនឹងចុះចេញពីតំណែង នៅខែមេសាខាងមុខ។ លទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃចន្ទី ទី ១២ ខែមីនានេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រជាជនដែលទៅចូលរួមបោះឆ្នោត មានរហូតដល់៩០ ភាគរយឯណោះ បើទោះជានៅគុយបា ការបោះឆ្នោតជាការស្ម័គ្រចិត្តក៏ដោយចុះ។ ប៉ុន្តែការបោះឆ្នោតនេះ ត្រូវបានគេចាត់ទុកជាការប្រើប្រាស់សិទ្ធិ និងគាំទ្រអធិបតេយ្យ និងបដិវត្តន៍ ហើយការបោះឆ្នោតនេះ បង្ហាញពីការកែទម្រង់ របៀបរបបដឹកនាំនៅគុយបាផងដែរ។
អតីតយោធាចូលនិវត្តន៍ ដែលមានវ័យ ៨២ ឆ្នាំ លោក Rigoberto Celorio បានលើកឡើងថា វាជារឿងចាំបាច់ ដែលមានការបោះឆ្នោតកន្លងមក ព្រោះថា យើងនឹងបោះឆ្នោតរើសអ្នកដឹកនាំថ្មី ដែលនឹងបំពេញតួនាទីដឹកនាំប្រទេសទៅមុខ។ លោកបន្ថែមថា លោកមានវ័យចំណាស់ ហើយវាចាំបាច់ដែលត្រូវចូលនិវត្តន៍។ ចំណែកការផ្លាស់ប្តូរ វានឹងប្រឈមបញ្ហាច្រើន ប៉ុន្តែនេះជាក្រឹត្យក្រមធម្មជាតិ។
ត្រឡប់មកវិញ គេរំពឹងថា ក្រោយការបោះឆ្នោតសភានេះ វាប្រហែលជាលើកដំបូងបំផុតហើយ ដែលគុយបា នឹងមានប្រធានាធិបតីថ្មី ដែលមិនចេញពីគ្រួសារត្រកូលកាស្ត្រូ ឬក៏ជាអ្នកនយោបាយដែលធ្លាប់ចេញពីចលនាបដិវត្តន៍នោះ។
ប្រធានាធិបតីគុយបាបច្ចុប្បន្ន លោក រ៉ាអ៊ូល កាស្ត្រូ បានប្រកាសហើយថា លោក មិនស្វែងរកឱកាសធ្វើជាប្រធានាធិបតីបន្តទៀតឡើយ។ លោក បានឡើងកាន់តំណែងនៅក្នុងឆ្នាំ ២០០៥ បន្ទាប់ពីបងប្រុសរបស់លោក ហ្វីដែលកាស្ត្រូ បានសម្រេចចុះចេញតំណែង ដោយសារមានជំងឺធ្ងន់ធ្ងរ។ បន្ទាប់ពីការបោះឆ្នោតនេះ លោក រ៉ាអ៊ូល កាស្ត្រូ នឹងនៅបន្តធ្វើជាលេខាធិការទីមួយនៃបក្សកុម្មុយនីស្តគុយបា រហូតដល់ឆ្នាំ ២០២១ ថ្វីបើលោកមិនត្រូវការកៅអីប្រធានាធិបតីក៏ដោយចុះ។
- អ្នកណាអាចជាប្រធានាធិបតីគុយបាថ្មី?
ក្រោយពេលបោះឆ្នោតសភារួចរាល់ហើយ សមាជិកសភាថ្មីនេះ នឹងទទួលខុសត្រូវក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សារដ្ឋ ដែលមានសមាជិក ៣១ នាក់។ ចំណែកអ្នកដែលត្រូវបានគេជ្រើសរើសជាប្រធានក្រុមប្រឹក្សានេះ នឹងក្លាយជាប្រធានាធិបតីដោយស្វ័យប្រវត្តិតែម្តង។
គេមើលឃើញថា អនុប្រធានាធិបតីទីមួយ លោក Miguel Diaz-Canel ទំនងនឹងក្លាយជាអនាគតប្រធានាធិបតីគុយបា នៅពេលខាងមុខ។ លោក Diaz-Canel កើតក្រោយសម័យបដិវត្តន៍ ហើយលោកចាប់ផ្តើមការងារជាវិស្វករម្នាក់ មុននឹងឡើងតំណែងជាបន្តបន្ទាប់ រហូតដល់ក្លាយជាអនុប្រធានាធិបតី។ ប៉ុន្តែគេដឹងច្បាស់ថា លោក Diaz-Canel ស្ថិតក្រោមការដឹកនាំ និងបង្ហាត់បង្រៀន ពី លោក រ៉ាអ៊ូលផងដែរ។
ក្នុងពេលទៅបោះឆ្នោត លោក Miguel Diaz-Canel បានអះអាងថា ចលនាបដិវត្តន៍នឹងបន្តទៅមុខទៀត ហើយសន្តិភាព សេរីភាព ឯករាជភាព និងអធិបតេយ្យភាពរបស់ប្រជាជនគុយបា នឹងបន្តមានជារៀងដរាបផងដែរ។ វាបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីការប្តេជា្ញចិត្តរបស់អ្នកនយោបាយរូបនេះ ក្នុងការដឹកនាំប្រទេសគុយបា ឲ្យរីកចម្រើនទៅមុខផង។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP សាស្ត្រាចារ្យ Julio Cesar Guanche ជំនាញច្បាប់ និងប្រវត្តិសាស្ត្របានលើកឡើងថា ប្រធានាធិបតីថ្មីរបស់គុយបា លែងឡើងកាន់អំណាច តាមរយៈការកំណត់ថា តើបុគ្គលនោះ មានប្រវត្តិធ្លាប់ចូលរួមក្នុងចលនាបដិវត្តន៍ឆ្នាំ ១៩៥៩ ឬអត់ហើយ។ គេនឹងជ្រើសរើសតាមសមត្ថភាព និងការដឹកនាំរបស់បុគ្គលនោះវិញ៕