ជាតិ
រថយន្ត
ពលរដ្ឋខ្មែរ គួរបញ្ឈប់ប្រើទង្វើហិង្សាឃោរឃៅ!
× ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញពលរដ្ឋខ្មែរមួយចំនួន ចាប់ផ្ដើមឃោរឃៅ តាមរយៈការប្រើប្រាស់ហិង្សាទៅលើជនសង្ស័យ ឬជនបង្កហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសខុសច្បាប់ផ្សេងៗ ក្រៅប្រព័ន្ធច្បាប់។ សកម្មភាពពលរដ្ឋទាំងនោះ កំពុងបង្ហាញពីទង្វើអសីលធម៌នៅក្នុងសង្គមខ្មែរ ដែលពលរដ្ឋគួរតែកែប្រែវិញជាបន្ទាន់។
«បើប៉ះសាច់គេ យើងមិនដឹងឈឺទេ ទាល់តែប៉ះសាច់ខ្លួនឯងទើបដឹងឈឺ»។ ពាក្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួននាពេលបច្ចុប្បន្ន និយមប្រើប្រាស់សម្រាប់ជះកំហឹង ឬប្រើហិង្សាទៅលើជនសង្ស័យ ដែលប្រព្រឹត្តអំពើចោរកម្ម លួច ឆក់ ប្លន់ និងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ជាក់ស្ដែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើទោះជាអ្នកបើកបរខុសច្បាប់ ហើយព្រមឈប់ដោះស្រាយ ឬរត់គេចក៏ដោយ ក៏តែងតែទទួលរងការប្រើប្រាស់ហិង្សា ពីសំណាក់ប្រជាពលរដ្ឋដែរ នៅពេលដែលពលរដ្ឋឡោមព័ទ្ធចាប់បាន។ នោះក៏ព្រោះតែ ប្រជាពលរដ្ឋមួយចំនួន កំពុងមាននិន្នាការតាមគ្នា ក្នុងការប្រើហិង្សាក្រៅប្រព័ន្ធតុលាការ ដើម្បីដាក់ទោសទៅលើអ្នកបើកបរ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គម ឬថាម្យ៉ាងទៀតគ្រោះថ្នាក់ចរាចរណ៍ ដែលផ្ដល់ទិដ្ឋភាពគ្រោះថ្នាក់សោកសៅ និងរូបភាពអាក្រក់ (មានអ្នកស្លាប់ ឬដាច់ដៃ-ជើង) ដល់អារម្មណ៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពួកគេទប់កំហឹងមិនបាន។ ប៉ុន្តែការគិតរបស់ពលរដ្ឋខ្មែរបែបនេះ កំពុងជំរុញឲ្យសង្គមខ្មែរ ធ្លាក់ចូលទៅក្នុងការប្រព្រឹត្តអំពើហិង្សាឃោរឃៅ និងអសីលធម៌។
តាមរយៈហ្វេសប៊ុក ដែលបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី១១ មីនា មានប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមប្រើហិង្សាទៅលើជនសង្ស័យម្នាក់ ដែលគេស្គាល់ឈ្មោះថា ស៊ុយ សារ៉េត សាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវចាប់ពីម្ដុំទួលសង្កែ រហូតដល់ម្ដុំពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ។
ពលរដ្ឋ បានជះកំហឹងទៅអ្នកបើកបរខាងលើនោះ ដោយព្រួតគ្នាប្រើដំថ្ម ដំបង និងវត្ថុរឹង វាយទៅលើម្ចាស់រថយន្ត និងរថយន្តខូចខាតយ៉ាងដំណំ ដោយសារពួកគេភាគច្រើន ខឹងនឹងបុរសនោះ បើករថយន្តគេចមិនទទួលខុសត្រូវ ចំពោះកំហុសខ្លួនដែលបានបុកមនុស្សលើដងផ្លូវ។ ហេតុផលខឹងនឹងអ្នកបើកបរគេចខ្លួននេះ វាបានក្លាយជាផ្នែកមួយនៃអារម្មណ៍របស់ពលរដ្ឋ ដើម្បីឈានទៅបង្កហិង្សាសងសឹកឲ្យជនរងគ្រោះ ដែលបុរសខាងលើនេះ បានបុកឲ្យគ្រោះថ្នាក់ដូចគ្នា។ ហើយអាចនិយាយម្យ៉ាងទៀត តាមភាសានិយាយលេងរបស់មនុស្សទូទៅថា«ជីវិតមួយ ដូរជីវិតមួយ» (អ្នកប្រព្រឹត្តខុសឲ្យតែពលរដ្ឋចាប់បាន បើមិនសល់ដង្ហើមចង្រិត ក៏ពិការដែរ) ។
តើមូលហេតុអ្វីបានជាពលរដ្ឋ ជះកំហឹងទៅលើអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍?
ទោសៈក្នុងខ្លួនរបស់ពលរដ្ឋខ្មែរ ដែលតែងប្រើហិង្សាឃោរឃៅទៅអ្នកប្រព្រឹត្តខុសច្បាប់ នៅតាមសាធារណៈ អាចកើតឡើងពីដើមចមមួយចំនួនជាអាទិ៍ ទី១ ពលរដ្ឋខ្មែរមិនទុកចិត្តលើប្រព័ន្ធតុលាការបច្ចុប្បន្ន (អំពើនិទណ្ឌភាព «អ្នកមានមូលធន និងអំណាច តែងតែរួចទោស») ។ ទី២ ពលរដ្ឋអាចមានគំនិតស្អប់អ្នកមានទ្រព្យធន និងសម្ភារនិយម (គិតថា ពួកអ្នកមានទ្រព្យធនទាំងនោះ ភាគច្រើន មើលងាយជីវិតអ្នកក្រ ដោយអាងលុយ និងអំណាចប្រព្រឹត្តអំពើខុសច្បាប់)។ ទី៣ ជាតិសាសន៍និយម (បញ្ឆេះកំហឹងទៅលើអ្នកប្រព្រឹត្តខុស ដោយចោទពួកគេថា ជាជនជាតិវៀតណាម ឬក៏ចិន… ថាមើលងាយខ្មែរ) និងទី៤ ពលរដ្ឋខ្វះការពិចារណា ហើយកាត់ក្តីដោយខ្លួនឯង (តុលាការមហាជន) ដោយគ្រាន់តែជឿតាមគ្នា និងមិនចាំបាច់ឃើញរូបភាព និងមិនបានដឹងពីមូលហេតុច្បាស់លាស់…។
តើទង្វើបស់ពលរដ្ឋ ដែលសម្រេចចិត្តប្រើហិង្សា ទៅលើអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ តាមរយៈទស្សនបែបនេះ ជារឿងត្រឹមត្រូវមែនទេ? ចម្លើយនោះ គឺមិនត្រូវទេ! ព្រោះវាសុទ្ធតែជាទស្សនខុសឆ្គងរបស់ពលរដ្ឋ ដែលកំពុងប្រាស់ចាកសីលធម៌ ដែលធ្លាប់ត្រូវបានគេលើកតម្កើង ជាជាតិសាសន៍សុភាពរាបសារ ស្លូតបូត និងថ្លៃថ្នូរ ឲ្យប្រែក្លាយជាជាតិសាសន៍អមនុស្សធម៌ សាហាវព្រៃផ្សៃ ដែលពោរពេញទៅដោយទោសៈក្នុងខ្លួន ។
មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពពលរដ្ឋទាំងនេះ កំពុងផ្ដល់គំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយ។ ជាពិសេសធ្វើឲ្យបរទេសនានា ដែលកំពុងរស់នៅប្រទេសកម្ពុជា មានភាពភ័យខ្លាច និងព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពួកគេទៀតផង។ ហើយបើព័ត៌មានអវិជ្ជមានទាំងនេះ មានការផ្សព្វផ្សាយចេញពីមាត់ជនបរទេសដែលរស់នៅកម្ពុជា នោះចង់មិនចង់ ក៏វាធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាដែរ។
ងាកមកនិយាយពីផ្លូវច្បាប់វិញ ក្រុមពលរដ្ឋដែលបង្កហិង្សា វាយទៅអ្នកបើកបរ ក៏ត្រូវតែទទួលទោសតាមច្បាប់។ ជនបង្កហិង្សា អាចជាប់ចោទពីបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសដែរ ព្រោះពួកគេបាននាំគ្នាប្រើហិង្សាជាក្រុម វាយបំផ្លាញទៅទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកដទៃ។
ចំណែកអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ គឺពិតណាស់ច្បាប់ជាអ្នកចាត់វិធានការ។ ត្រង់មាត្រា៨០ ដល់ មាត្រា៨៣ នៃជំពូកទី១០ ដែលចែងអំពីទោសបញ្ញត្តិ ក្នុងច្បាប់ស្តី ចរាចរណ៍ផ្លូវគោក ក៏មានចែងអំពីការដាក់ទោសទណ្ឌទៅលើអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមានស្លាប់ របួសពិការដៃ-ជើងដែរ។
ប្រទេសកម្ពុជាមានច្បាប់ ហើយពលរដ្ឋក៏ត្រូវរស់នៅក្រោមច្បាប់ ដូចនេះមានទុកឲ្យអ្នកច្បាប់ ឬតុលាការទេ ដែលជាអ្នកដោះស្រាយលើបញ្ហានេះ។ រីឯតុលាការទៀតសោត ក៏ត្រូវដាក់ទោសជនបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ តាមបច្ចេកទេសច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងបង្ហាញពីសុក្រឹតភាព ឲ្យពលរដ្ឋជឿទុកចិត្តបាន។
ដូច្នេះសរុបមកវិញ ពលរដ្ឋខ្មែរគួរបញ្ឈប់ទង្វើប្រើប្រាស់ហិង្សា វាយទៅលើជនសង្ស័យដែលប្រព្រឹត្តខុសច្បាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ អំពើលួច ឆក់ ប្លន់នេះ។ គប្បីផ្លាស់ប្ដូរផ្នត់គំនិតខុសឆ្គងខាងលើនេះ មកគិតពីរឿងសីលធម៌ សប្បុរសធម៌ សេចក្តីសណ្ដោសមេត្តា តាមទស្សនព្រះពុទ្ធបរមគ្រូនៃយើង ដែលប្រោសសត្វលោក ឲ្យចេះអធ្យាស្រ័យ យោគយល់គ្នា ,អប់រំឲ្យមនុស្សស្គាល់អ្វីល្អ អ្វីអាក្រក់ និងចេះដោះស្រាយបញ្ហាដោយអហិង្សា ទើបវាជារឿងប្រសើរជាង៕
Tag:
ហិង្សា
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com