កីឡាជាតិ
ជាតិ
កីឡាករជនពិការ ពេជ្រ យ៉ារ៉េ ជួបគ្រោះថ្នាក់ចរាចរណ៍​បាក់ឆ្អឹង​ដងកាំបិត
15, Mar 2018 , 1:50 pm        
រូបភាព
កីឡាករ ពេជ្រ យ៉ារ៉េ ពេលឡើងទទួលប្រាក់ឧបត្ថម្ភពីសម្តេច ហ៊ុន សែន នៅវិមានសន្តិភាពកាលពីពេលកន្លងទៅ
កីឡាករ ពេជ្រ យ៉ារ៉េ ពេលឡើងទទួលប្រាក់ឧបត្ថម្ភពីសម្តេច ហ៊ុន សែន នៅវិមានសន្តិភាពកាលពីពេលកន្លងទៅ
ដោយ:
កីឡាករ​ហែល​ទឹក​ជនពិការ ពេជ្រ យ៉ា​រ៉េ អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌ ដើម្បី​ជួយ​សម្រួល​ដល់​ការចំណាយ​ថ្លៃ​ព្យាបាល ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់ឆ្អឹង​ដងកាំបិត​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​។ បច្ចុប្បន្ន យ៉ា​រ៉េ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ទៅ​ដេក​សម្រាក​ព្យាបាល​របួស​នៅផ្ទះ​ដ៏​តូចចង្អៀត​មួយ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ នៅជាប់​សាលាបឋមសិក្សា​ព្រែក​ព្នៅ​។

 
​ដោយមាន​ជីវភាព​ខ្វះខាត ហើយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ថ្នាំពេទ្យ​ជាប្រចាំ បាន​ជំរុញ​ឲ្យ​កីឡាករ​ហែល​ទឹក​ជនពិការ ពេជ្រ យ៉ា​រ៉េ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់ឆ្អឹង​ដងកាំបិត អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ពី​សប្បុរសជន ដើម្បី​ជួយ​សម្រួល​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​នេះ​។ បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Pich Yaray ក្រៅពី​របួស​ដ៏​ធ្ងន់ធ្ងរ​ខាងលើ យ៉ា​រ៉េ ក៏មាន​ការប៉ះទង្គិច​ក្បាល​ផងដែរ​។ 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ឲ្យ​ដឹងថា ពេជ្រ យ៉ា​រ៉េ ដែលជា​កីឡាករ​ពិការ​អវៈយវៈ​ទាំង​លើ​ទាំង​ក្រោម​(​ពិការ​ដៃ​ពិការ​ជើង​)​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ នឹង​បាន​បញ្ជូនទៅ​ព្យាបាល​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ តែ​យ៉ាងណា​មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍​គ្រោះថ្នាក់​នេះឡើយ​។​
 
​យ៉ា​រ៉េ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ ហើយ​បច្ចុប្បន្នកំពុង​ដេក​សម្រាក​ព្យាបាល​របួស​នៅផ្ទះ​ដ៏​តូចចង្អៀត​ក្នុង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​មួយ​នៅ​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​នៅជាប់​សាលាបឋមសិក្សា​ព្រែក​ព្នៅ​៕    

Tag:
 ហែល​ទឹក​ជនពិការ​
  ពេជ្រ យ៉ា​រ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com