ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បញ្ជាក់ថា អូ​ស្រា​លី​ផ្តល់ជំនួយ​៧៨​លាន​ដុល្លារ​ដល់​កម្ពុជា​
16, Mar 2018 , 12:38 pm        
រូបភាព
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយសមភាគីអូស្ត្រាលី លោក Malcolm Turnbull មុនជំនួបទ្វេភាគីនៅស៊ីដនី។ រូបថត AFP
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយសមភាគីអូស្ត្រាលី លោក Malcolm Turnbull មុនជំនួបទ្វេភាគីនៅស៊ីដនី។ រូបថត AFP
​វត្ត​មាននៅ​ក្រុង​ស៊ីដនី មិនទាន់បាន​មួយថ្ងៃ​ស្រួលបួល​ផងដែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ថា រដ្ឋាភិបាល​លោក Malcolm Turnbull ផ្តល់ជំនួយ​៧៨​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​។ ជំនួយ​នេះ ត្រូវបាន​លើកឡើង​នា​ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ។​


​ក្រោយពី​បញ្ចប់​ជំនួប​ទ្វេភាគី សម្តេច ហ៊ុន សែន ក៏​ត្រូវបាន​ស្វាគមន៍ ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុងប្រទេស​អូស្ត្រាលី​។ សម្តេច ហ៊ុន សែន បានផ្តល់​ដំណឹង​នៃ​ការទទួលបាន​ជំនួយ​នេះ  ដល់​ពួកគេ នាពេលនោះ​។​
 
​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន ដូចជា​មិនបាន​បញ្ជាក់​ឡើយ​ថា ថវិកា​៧៨​លាន​ដុល្លារ​នោះ នឹងត្រូវ​យកមក​អភិវឌ្ឍ​លើ​វិស័យ​អ្វី​នៅ​កម្ពុជា​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​អូស្ត្រាលី អាច​នឹង​ផ្តល់ជំនួយ​ផ្សេងៗ​ទៀត​។  
 
​គួររម្លឹកថា សម្តេច ហ៊ុន សែន រួមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២0១៨ ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី​។ កិច្ចប្រជុំ​នេះ ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២0១៨៕ 

Tag:
 ​ហ៊ុន សែន​
  អូស្ត្រាលី​
  ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com