ភ្នំពេញ៖ អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា គន្លឹះដោះស្រាយបញ្ហាទីផ្សារបន្លែរបស់កម្ពុជា គឺត្រូវបង្កើតឲ្យមានអ្នកសម្របសម្រួល រវាងការដាំដុះរបស់កសិករនៅតាមតំបន់នីមួយៗ និងទីផ្សារ ព្រោះថាបញ្ហាកន្លងមក គឺនៅត្រង់ការផ្គង់ផ្គង់មិនទៀងទាត់របស់កសិករ។
អ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ អះអាងថា តម្រូវការបន្លែសរីរាង្គមានកាន់ច្រើនឡើង ខណៈការផ្គត់ផ្គង់បន្លែរបស់កសិករ នៅតែមានចំនួនតិចតួច មិនទាន់ឆ្លើយតបទីផ្សារ។ មូលហេតុដែលមិនសូវឃើញបន្លែសរីរាង្គមានលើទីផ្សារ លោកបណ្ឌិតកសិកម្មរូបនេះ ពន្យល់ដូច្នេះថា៖«ទីមួយការផ្គត់ផ្គង់បន្លែសរីរាង្គអត់ទាន់មានគ្រប់គ្រាន់ និងមានដោយកន្លែងៗ នៅឆ្ងាយ ហើយទីពីរពលរដ្ឋសាញនឹងតម្លៃ ដែលខ្ពស់គួរសមដែរ ដែលជាបញ្ហាយើងកំពុងប្រឈម ខណៈដែលជាទូទៅ ពលរដ្ឋចាប់អារម្មណ៍ត្រូវការបន្លែសរីរាង្គ ដែលល្អដល់សុខភាពពួកគាត់»។
អ្នកជំនាញក្នុងវិស័យនេះអះអាងដូគ្នាថា ចរាចរបន្លែសរីរាង្គលើទីផ្សារកម្ពុជា មានមិនដល់ ១០ភាគរយផងនៃទីផ្សារបន្លែទូទៅទាំងមូល។
ការផ្គត់ផ្គង់បន្លែសរីរាង្គ តាមរយៈការជួយសម្របសម្រួលរបស់អង្គការសេដាក គឺជាឧទាហរណ៍មួយ នៃការចាប់យកទីផ្សារមិនទាន់អស់លទ្ធភាព។ នាយកប្រតិបត្តិអង្គការសេដាក អ្នកស្រី តុង ចាន់ធាង ឲ្យដឹងថា ការផ្គត់ផ្គង់របស់សេដាកនេះ សម្រាប់តែការលក់រាយប៉ុណ្ណោះ ដោយមិនទាន់មានសមត្ថភាពលក់បោះដុំ ពិសេសទៅតាមសណ្ឋាគារនៅឡើយ។ អ្នកស្រីមានប្រសាសន៍ដូច្នេះថា៖«ការដាំដុះបន្លែសរីរាង្គរបស់កសិករ មិនទាន់អាចបោះដុំបាននោះទេ ព្រោះជួនមានបន្លែ ជួនអត់»។
បន្លែសរីរាង្គដែលផ្គត់ផ្គង់ពីកសិករមកទីផ្សារ តាមរយៈអង្គការសេដាក មានបរិមាណ ១៥០ទៅ២០០គីឡូក្រាមក្នុងមួយថ្ងៃ។ ក្រៅពីសេដាក ការលក់បន្លែសរីរាង្គ មានការបើកជាហាងមួយចំនួនផ្សេងទៀត ពិសេសគេឃើញមាននៅតំបន់បឹងកេងកង និងទួលទំពូង។
មិនថាទីផ្សារបន្លែសរីរាង្គ ឬបន្លែធម្មតានោះទេ បញ្ហានោះគឺការផ្គង់ផ្គង់មិនជាប់លាប់ ដែលខុសពីការផ្គត់ផ្គង់បន្លែពីប្រទេសជិតខាងមកកម្ពុជា។
«បញ្ហាបន្លែ គឺខុសពីស្រូវអង្ករ ព្រោះថាគេត្រូវការរាល់ថ្ងៃ ដូចនេះអ្វីដែលសំខាន់កសិករយើងត្រូវចេះរួមគ្នាផលិតឲ្យមានរាល់ថ្ងៃ ឲ្យទៀងទាត់។ កុំឲ្យខែណាសម្បូរត្រសក់ក៏សម្បូរទៅ ខែណាអត់ក៏អត់ទៅ»។ នេះជាការលើកឡើងរបស់លោក យ៉ង សាំងកុមារ មុននឹងលោកបន្ថែមដូចនេះទៀតថា៖«នេះជាបញ្ហាធំរបស់កសិករខ្មែរ ហេតុនេះហើយបានជាយើងត្រូវការដឹកបន្លែមកពីក្រៅប្រទេសច្រើន ដោយសារគេមានឲ្យយើងទៀងទាត់»។
លោក យ៉ង សាំងកុមារ បន្តថា កសិករនៅមិនទាន់ចេះដាំបន្លែ តាមតម្រូវការទីផ្សារនៅឡើយ។ ការសហការរវាងកសិករ ដោយផ្សារភ្ជាប់ទៅទីផ្សារ គឺជារឿងចាំបាច់ ដើម្បីជំរុញបញ្ហាលក់កសិផល។
«ប៉ុន្តែបញ្ហានេះ បើនិយាយទៅស្រួល តែអនុវត្តជាក់ស្ដែងពិបាក។ រឿងនេះត្រូវការអ្នកដឹកនាំសម្របសម្រួលនៅតាមតំបន់នីមួយៗ»។ លោក សាំងកុមារ ថ្លែងបែបនេះ។
ស្ថាបនិកអង្គការសេដាករូបនេះ ប្រាប់ថា វិស័យនេះ ត្រូវការអ្នកសម្របសម្រួលយ៉ាងតិច ក៏បី៣០០ ទៅ៤០០នាក់ សម្រាប់ធ្វើការជាមួយកសិកររាប់ម៉ឺននាក់ នៅគ្រប់តំបន់ ដើម្បីផ្គូរផ្គង់ការដាំដុះ និងតម្រូវការទីផ្សារ។ អ្នកសម្របសម្រួល ត្រូវធ្វើការប្រមូលផ្ដុំកសិករ នៅកន្លែងសក្ដានុពល កំណត់កន្លែងប្រមូលចែកចាយបន្លែ ព្រមទាំងធ្វើកិច្ចការដឹកជញ្ជូន និងស្តុក។
លោកជំរុញឲ្យមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំកិច្ចការសម្របសម្រួលទាំងនេះ ខណៈវិស័យកសិកម្មផ្នែកបន្លែ មានសក្ដានុពលធំដល់សេដ្ឋកិច្ច និងជីវភាពពលរដ្ឋ។
បន្លែត្រូវបាននាំចូលយ៉ាងគគ្រឹកគគ្រេង ពីខាងក្រៅមកទីផ្សារកម្ពុជា។ លោក ច័ន្ទ សុផល បានអះអាងលើការស្រាវជ្រាវរបស់ខ្លួនកន្លងមកថា កម្ពុជានាំចូលបន្លែពី ២០០ ទៅ៤០០តោន ក្នុងមួយថ្ងៃ ខណៈមន្ត្រីរដ្ឋាភិបាលថា ការនាំចូលបន្លែមានតម្លៃទឹកប្រាក់ប្រមាណ ២០០លានដុល្លារក្នុងមួយឆ្នាំៗ៕