អន្តរជាតិ
បុរសអាហ្វហ្គានីស្ថានម្នាក់មិនខ្វល់ពាក្យរិះគន់លើការដាក់ឈ្មោះកូនថា «Donald Trump» លោក Sayed Assadullah Pooya និងកូនប្រុសឈ្មោះ Donald Trump ដែលមានអាយុ១៨ខែ។ រូបថត AFP
× គ្រួសារមួយនៅអាហ្វហ្គានីស្ថាន ស្រឡាញ់ពេញចិត្តលោក ដូណាល់ ត្រាំ (Donald Trump) យ៉ាងខ្លាំង។ មិនមែនដោយសារគាត់ជាអ្នកនយោបាយ និងជាប្រធានាធិបតីអាមេរិកនោះឡើយ តែក្នុងនាមជាអ្នកជំនួញគំរូម្នាក់។ ជាមួយគ្នានេះ លោក Sayed Assadullah Pooya បានសម្រេចចិត្តដាក់ឈ្មោះកូនទីបីរបស់លោកថា Donald Trump ផងដែរ។
បន្ទាប់ពីអានសៀវភៅ «Trump: How to Get Rich» ដែលបកប្រែជាសាភា Dari លោក Sayed Assadullah Pooya បានចាត់ទុកលោក ដូណាល់ ត្រាំ ជាមនុស្សគំរូម្នាក់ ជាពិសេសផ្នែកមុខជំនួញ។ «ខ្ញុំបានធ្វើការស្រាវជ្រាវជាច្រើនអំពីគាត់ ហើយទីបំផុតខ្ញុំបានសម្រេចចិត្តយកឈ្មោះរបស់គាត់ដាក់ឲ្យកូនប្រុសទីបី»។ នេះជាសំដីរបស់លោក Sayed ដែលដកស្រង់ដោយ AFP។
កុមារាអាហ្វហ្គានីស្ថាន Donald Trump បានកើតនៅខែសីហា ឆ្នាំ២០១៦ ដោយមានសក់ពណ៌ទង់ដែងតិចៗផងដែរ។ លោក Sayed រំពឹងថា ឈ្មោះដែលលោកដាក់ឲ្យនោះ នឹងនាំឲ្យគេទទួលបានសំណាងល្អ ជាពិសេសការប្រឡូកក្នុងវិស័យជំនូញនាពេលអនាគត។
ទោះបីជាយ៉ាងណាក៏ដោយ គ្រួសាររបស់លោក Sayed ទទួលរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរផងដែរពីមិត្តរួមជាតិអាហ្វហ្គានីស្ថាន។ អ្នកខ្លះ មិនទើសទាល់នឹងលោក Donald Trump នោះឡើយ ប៉ុន្តែពួកគេខឹងសម្បារដោយសារតែគ្រួសារមួយនេះ រំលងទំនៀមទម្លាប់ តាមរយៈការដាក់ឈ្មោះកូន ខុសពីមូស្លីម។
ក្នុងបទសម្ភាសមួយជាមួយ AP ផងដែរ លោក Sayed បានអះអាងថា នៅពេលដែលលោកហៅឈ្មោះកូនថា Trump ឪពុករបស់លោកតែងតែខឹងសម្បារ។ មូលហេតុបែបនេះ ហើយបានជាលោកសម្រេចចិត្តប្តូរទៅរស់នៅក្រុងកាប៊ុលវិញ។
អ្នកខ្លះបានរិះគន់ថា គ្រួសារលោក Sayed ដាក់ឈ្មោះកូនបែបនេះ ក្នុងគោលបំណងចង់បានសិទ្ធិភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោក Sayed បានបដិសេធ ដោយអះអាងថា មិនដែលមានគំនិតបែបនេះឡើយ។
«ឈ្មោះគឺឈ្មោះ។ ប្រសិនបើ កូន Donald Trump ចង់ដូរឈ្មោះរបស់ខ្លួននៅពេលធំឡើង វាជាសិទ្ធិជាសិទ្ធិរបស់គេ ប៉ុន្តែបច្ចុប្បន្នការសម្រេចចិត្តស្ថិតនៅលើខ្ញុំ ហើយសម្រេចចិត្តថា គេឈ្មោះ Trump»។ មេគ្រួសាររូបនេះ បានអះអាងយ៉ាងម៉ឺងម៉ាត់។
ទោះបីជារលកនៃការរិះគន់ចេះតែបន្តមានមិនឈប់ឈរបែបណាក៏ដោយ ក៏លោក Sayed មិនឈឺក្បាលវិលមុខនោះដែរ ហើយលោកទាំងនិយាយបន្ថែមថា បើមានកូនស្រីមួយទៀត លោកទំនងជាដាក់ឈ្មោះថា Ivanka Trump ដូចកូនស្រីលោកប្រធានាធិបតីអាមេរិក៕
Tag:
អាហ្វហ្គានីស្ថាន
Donald Trump
© រក្សាសិទ្ធិដោយ thmeythmey.com