អន្តរជាតិ
ឥណ្ឌូណេស៊ី បង្កើតច្បាប់សម្រាកបិតុភាពសម្រាប់មន្ត្រីរដ្ឋការបុរសៗ ដើម្បីជួយមើលថែភរិយាសម្រាលកូន
× ជារឿយៗ គេតែងលឺច្បាប់ការងារពាក់ព័ន្ធនឹងមាតុភាព ដែលសំដៅលើការអនុញ្ញាតឲ្យមន្ត្រី ឬបុគ្គលិកជាស្ត្រីអាចឈប់សម្រាកសម្រាប់ការសម្រាលកូន ។ ក៏ប៉ុន្តែឥណ្ឌូណេស៊ី ទើបតែប្រកាសពីច្បាប់មួយថ្មីដោយអនុញ្ញាតឲ្យមន្ត្រីរដ្ឋការបុរសៗ ក៏អាចដាក់ច្បាប់បិតុភាពរយៈវែងបានដូចគ្នាផងដែរ ។
ភ្នាក់ងារសាធារណៈជាតិឥណ្ឌូណេស៊ី បានចេញប្រកាសពីច្បាប់ថ្មីមួយ ដោយអនុញ្ញាតឲ្យមន្ត្រីស៊ីវិលបុរសៗ អាចសុំការអនុញ្ញាតច្បាប់ បិតុភាព បានក្នុងរយៈពេល១ខែ ដើម្បីថែគ្រួសារ និងជាភរិយារបស់ពួកគេដែលទើបតែសម្រាលកូន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post នៅថ្ងៃ១៣ មីនា ។
បើតាមប្រភពព័ត៌មានដដែលនោះ បទបញ្ញត្តិពាក់ព័ន្ធសុំការអនុញ្ញាតច្បាប់បិតុភាពនេះ ត្រូវបានបង្កើតឡើងតាំងឆ្នាំ២០១៧មកម្ល៉េះ ក៏ប៉ុន្តែទើបតែប្រកាសប្រើប្រាស់ ។ តាមបញ្ញាត្តិ ដើម្បីអាចទទួលបានការអនុញ្ញាតច្បាប់បិតុភាព មន្ត្រីបុរស ត្រូវតែមានលិខិតបញ្ជាក់សុខភាពអំពីកាលបរិច្ឆេទ នៃការសម្រាលកូនរបស់ភរិយាពួកគេ ។
តាមភ្នាក់ងារសាធារណៈឥណ្ឌូណេស៊ី បទបញ្ជាថ្មីនេះ ក៏ជាផ្នែកមួយរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយផ្តល់ឱកាសដល់មន្ត្រីបុរសៗដើម្បីបំពេញកាតព្វកិច្ចគ្រួសារមួយ ដោយត្រូវមើលភរិយា និងទារករបស់ពួកគេ ។ ការអនុញ្ញាតច្បាប់នេះ មិនប៉ះពាល់ដល់ការអនុញ្ញាតច្បាប់ប្រចាំឡើយ ។
ជាមួយគ្នានេះ តាមការបញ្ជាក់របស់អ្នកនាំពាក្យភ្នាក់ងារសាធារណៈឥណ្ឌូណេស៊ី បទបញ្ញត្តិពាក់ព័ន្ធនឹងបិតុភាពនេះ គឺជាគោលនយោបាយថ្មីមួយហើយសម្រាប់មន្ត្រីបុរសៗ ដ្បិតកន្លងមក ពួកគេ អាចសុំអនុញ្ញាតច្បាប់បានត្រឹមតែពីរថ្ងៃប៉ុណ្ណោះដើម្បីកំដភរិយាកសម្រាប់ថ្ងៃសម្រាលកូន ខណៈមន្ត្រីស៊ីវិល នារី អាចសុំអនុញ្ញាតរយៈពេលបីខែសម្រាប់សម្រាលកូន និងមើលថែកូន ៕
© រក្សាសិទ្ធិដោយ thmeythmey.com