ជាតិ
សង្គមជាតិ
ពិព័រណ៍សត្វស្លាបមានស្តង់បង្ហាញសត្វស្លាបកម្ពុជា និងអន្តរជាតិ
× ស្តង់ពិព័រណ៍សត្វស្លាបលើកទីមួយនៅកម្ពុជា មានប្រមាណ ៦០ស្តង់ ដែលមកពីបណ្តាប្រទេសក្នុងអាស៊ី កម្ពុជា ចិន តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី ថៃ ឡាវ ស្រីលង្កា និងមីយ៉ាន់ម៉ា។ ស្តង់ពិព័រណ៍នេះរៀបចំឡើង ដើម្បីឲ្យសាធារណជន សិស្សានុសិស្ស និស្សិត មកទស្សនាសត្វស្លាបនៅកម្ពុជា នៅទី១៧ និងទី១៨ ខែមីនានេះ នៅបរិវេណសួនច្បារវត្តភ្នំ។
បើតាមលោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ពិព័រណ៍សត្វស្លាបនេះជាលើកទីមួយហើយ ដែលមានចំនួន៦០ស្តង់ ចូលរួមផ្សព្វផ្សាយពី កម្ពុជា ចិន តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី ថៃ ឡាវ ស្រីលង្កា និងមីយ៉ាន់ម៉ា ដើម្បីដាក់តាំងនៅឯកសារ និងរូបថតអំពីសត្វស្លាប ណែនាំដល់សាធារណជនបានស្គាល់ឲ្យកាន់តែច្បាស់។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានឲ្យដឹងថា ចំនួនស្តង់នេះ គឺមានតំណាងភាគីកម្ពុជា និងចិន និងបណ្តាប្រទេសដទៃទៀត ចូលរួមផ្តល់យោបល់ បង្រៀនពីការមើលសត្វស្លាប និងមានការប្រកួតប្រជែងគូររូបសត្វស្លាបដើម្បីទទួលបានរង្វាន់។
លោកក៏បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសជាច្រើន បានរៀបចំតាំងពិព័រណ៍នេះឡើងក្នុងគោលបំណងលើកកម្ពស់សត្វស្លាបដែលកម្រ និងជិតផុតពូជ។ ដោយឡែកឆ្នាំនេះ កម្ពុជាបង្កើតកម្មវិធីនេះឡើង ដោយលោក យល់ឃើញថា៖ «កម្ពុជាជាប្រទេសដែលមានធនធានធម្មជាតិ អបជាមួយសត្វស្លាបដ៏ស្រស់ស្អាត នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា»។
ស្តង់តាំងពិព័រណ៍សត្វស្លាបចំនួន ៦០នេះ ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍ធម្មជាតិ និងសត្វស្លាបនៅកម្ពុជា» ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការអភិរក្សនៅក្នុងអាស៊ី គឺបានរួមចំណែក ផ្សព្វផ្សាយព័ត៌មានបរិស្ថាននិងលើកទឹកចិត្តដល់សាធារណជនប្រតិបត្តិបៃតង និងមេត្រីភាពបរិស្ថាន ហើយចូលរួមស្រឡាញ់ និងថែរក្សាសត្វស្លាបនៅកម្ពុជា៕
Tag:
សត្វស្លាប
ស៊ូ សូវុធ
ក្រសួងបរិស្ថាន
អង្គការអភិរក្សសត្វស្លាបនៅអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com