ជាតិ
​អាជីវករ​ផ្សារច្បារ​អំពៅ​ដាក់សំណើ​៣​ចំណុច​ឲ្យ អភិបាលខណ្ឌ​ជួយ​ក្រោយ​ភ្លើង​ឆេះ​ផ្សារ​
18, Mar 2018 , 11:28 am        
រូបភាព
ដោយ:
​ក្រុមអាជីវករ​ដែលមាន​តូប​ឆេះ​ក្នុង​ផ្សារ​ច្បារអំពៅ បានដាក់​សំណើរ​៣​ចំណុច ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជួយ ដើម្បី​ព​ន្លឿ​ន​ការសាងសង់​ផ្សារ​ឲ្យ​បាន​លឿន​។  ខណៈដែល​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ថា នៅ​មិនទាន់​អាច​កំណត់​រយៈពេល​ឆ្លើយតបបាន​នៅឡើយ​។​



​អាជីវករ​ផ្សារ​ច្បារអំពៅ ដែលមាន​តូប​ឆេះ កាលពី​យប់​ថ្ងៃទី​១៦ ខែមីនា បានស្នើ​ទៅដល់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ចំនួន​៣​ចំនុច នៅក្នុង​ការប្រជុំ​ស្វែងរក​ដំណោះស្រាយ​នៅ​វត្ត​ច្បារអំពៅ​នា​ព្រឹក​ថ្ងៃទី ១៩ ខែមីនា​។ ដំណោះស្រាយ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​បំផុត ទាំង​៣​ចំណុច​នោះ​រួមមាន​៖ សុំ​ឲ្យ​ខណ្ឌ​ជួយ​ធ្វើ​ដំបូល​ផ្សារ​រួមមួយ ហើយ​មាន​កម្ពស់​ខ្ពស់ សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​សាងសង​តូប​ថ្មី​ដោយ​ខ្លួនឯង និង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​សំអាត និង​សាងសង់​ដំបូល​ផ្សារ​ឲ្យ​បាន​លឿន​មុនពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ នាពេលខាងមុខ​។​


 
​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ក្រុមអាជីវករ ជារួម​នេះ​រួចមក អភិបាលខណ្ឌ​ច្បារអំពៅ លោក ចេង មុនី​រ៉ា បាន​សន្យារ​ជាមួយ​ក្រុមអាជីវករ​ថា នឹង​យក​សំណើ​ទាំងនេះ ទៅ​ពិភាក្សា​សិន តែ​លោ​កនៅ​មិនទាន់​អាច​កំណត់​រយៈពេល​នៃ​ការដោះស្រាយ​ជូន​ក្រុមអាជីវករ​បាន​នៅពេលណា​ឡើយ​។​
​ក្រៅពី​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​លើ​ការសាងសង់​ផ្សារ​ឡើងវិញ ក្រុមអាជីវករ​ដែល​ឆេះ​តូប និង​ឥ​វ៉ាន់​អស់ទាំង​ស្រុង​ក៏​សុំ​ឲ្យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ជាថ​វិការ​ដល់​ពួកគាត់​ឲ្យ​បាន​យ៉ាងហោចណាស់ ៥០​ភាគរយ​នៃ​ការខូចខាត ដើម្បី​មាន​ដើមទុន​ចាប់ផ្ដើម​អាជីវកម្ម​ជាថ្មី​។​
​ផ្សារ​ច្បារអំពៅ​បាន​ឆាបឆេះ​នៅ​យប់​ថ្ងៃទី​១៥ ខែមីនា និង​រលត់​ទាំងស្រុង​នៅ​ថ្ងៃទី​១៦ ខែមីនា​។ តាម​ការសន្និដ្ឋាន​ពី​អាជីវករ​នៅក្នុង​ផ្សារ​បាន​ឲ្យ​ដឹងថា តូប​ដែល​ឆាបឆេះ​មាន​ប្រមាណ​ជាង​៦០០​តូប ដែល​ក្នុងនោះ​មាន​តូប​សរុប​ជាង​១,៥០០​តូប​៕



Tag:
 អគ្គិភ័យ​
 ​ឆេះ​ផ្សារ​ច្បារអំពៅ​
 ​ខណ្ឌ​ច្បារអំពៅ
© រក្សាសិទ្ធិដោយ thmeythmey.com