អន្តរជាតិ
បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​៖ ពូ​ទីន សង្ឃឹម​ឈ្នះ​ខ្ពស់ ព្រោះ​អវត្តមាន​គូប្រជែង​សំខាន់​
18, Mar 2018 , 2:00 pm        
រូបភាព
លោក វ៉្លាឌីមៀ ពូទីន និងបេក្ខជនផ្សេងទៀត (រូបភាព៖ AFP)
លោក វ៉្លាឌីមៀ ពូទីន និងបេក្ខជនផ្សេងទៀត (រូបភាព៖ AFP)
នៅ​ថ្ងៃទី​១៨ ខែមីនា​ស្អែក​នេះ ប្រជាជន​រុស្ស៊ី​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​សម្រាប់​អាណត្តិ​៦​ឆ្នាំ​។ បេក្ខជន​៨​នាក់​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះ ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន វ្ល៉ា​ឌី​មៀ ពូ​ទីន មានសង្ឃឹម​ខ្ពស់​ជាងគេ​ដើម្បី​បន្ត​តំណែង​ទៀត​។ គេ​មិនឃើញ​ឡើយ​បេក្ខជន​ដែល​អាច​ប្រជែង​លោក ពូ​ទីន បាន ខណៈ​អ្នកនយោបាយ​ប្រឆាំង​ល្បីឈ្មោះ ត្រូវបាន​ហាមឃាត់​ចូលរួម​ក្នុងការ​បោះឆ្នោត​លើក​នេះ​។

 
​បេក្ខជន​ចំនួន​៧​នាក់​មាន​ប្រុស​៦ ស្រី​១ បាន​ឈរឈ្មោះ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​នៅ​ថ្ងៃទី​១៨ ខែមីនា​។ ប្រធានាធិបតី​បច្ចុប្បន្ន​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ភាគរយ​ច្រើន​ក្នុង​ការបន្ត​ដឹកនាំ​រុស្ស៊ី​រយៈពេល​៦​ឆ្នាំ​ទៀត ដ្បិត​បេក្ខជន​ផ្សេងទៀត​មិនមាន​សមត្ថភាព​គ្រប់គ្រាន់ និង​អាច​ប្រដូច​ទៅនឹង​តួល្ខោន​ដែល​រៀបចំ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ខណៈ​បេក្ខជន​ប្រឆាំង​បែរជា​ត្រូវ​រារាំង​ពី​ការចូលរួម​បោះឆ្នោត​លើក​នេះ​ទៅវិញ​។ 
 
​បេក្ខជន​៧​នាក់​មានដូចជា​លោក Pavel Grudinin មហាសេដ្ឋី​វ័យ​៥៧​ឆ្នាំ​, លោកស្រី Ksenia Sobchak អតីត​តារា​ទូរទស្សន៍​, លោក Vladimir Zhirinovsky បេក្ខជន​ប្រធានាធិបតី​មិនដែល​ឈ្នះឆ្នោត​, លោក Grigory Yavlinsky ជា​អ្នកនយោបាយ​ដែលមាន​និន្នាការ​នយោបាយ​សេរី​, លោក Boris Titov ជា​អ្នកជំនួញ​ម្នាក់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​គួរសម​, លោក Sergei Baburin អតីត​អនុ​ប្រធានសភា​ជាន់​ទាប និង​លោក Maxim Suraikin ដែល​មិនសូវ​ល្បីឈ្មោះ​។​
 
​តាមពិតទៅ បេក្ខជន​ទាំងអស់​ខាងលើនេះ ក៏​ជា​អ្នកប្រឆាំង​លោក ពូ​ទីន ដែរ តែ​មិនសូវ​រិះគន់​ចំៗ​ឡើយ​។ គេ​មិន​រំពឹងថា បេក្ខជន​ទាំងនេះ​អាច​ផ្ដួល​លោក ពូ​ទីន បានទេ​។ ដោយឡែក បេក្ខជន​ម្នាក់ទៀត​ដែល​ជឿថា អាច​ប្រជែង​ជាមួយ​លោក ពូ​ទីន គឺ​លោក Alexei Navalny ។ ប៉ុន្តែ​គណៈកម្មការ​កណ្តាល​រៀបចំ​ការបោះឆ្នោត​រុស្ស៊ី​បាន​បដិសេធ​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​របស់​មេ​ដឹកនាំ​ប្រឆាំង​រូបនេះ​កាលពី​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៧ ។ 
 
​ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​រុស្ស៊ី​បាន​អះអាងថា ការហាម​ឃាត​ឃាត់​មេដឹកនាំ​បក្សប្រឆាំង​ខាងលើនេះ​ដោយសារតែ​លោក​ត្រូវបាន​កាត់ទោស​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​កន្លងមក​។ តុលាការ​រុស្ស៊ី​បាន​រកឃើញថា​លោក Navalny ជាប់​ពាក់ព័ន្ធ​នឹង​ការកេងបន្លំ​លុយ​នៅ​ក្រុមហ៊ុន​ឈើ​មួយ ហើយ​តុលាការ​សម្រេច​ព្យួរទោស​រយៈពេល​ប្រាំ​ឆ្នាំ​។ ប៉ុន្តែ​លោក​បាន​បដិសេធ​ការចោទប្រកាន់​និង​អះអាងថា​លោក​ស្អាតស្អំ និង​បាន​សង្កត់ធ្ងន់ថា ការកាត់ទោស​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ​។ 
 
​ងាក​ទៅ​លោក ពូ​ទីន វិញ ក្ដីសង្ឃឹម​ឈ្នះឆ្នោត​លើក​នេះ​មាន​អត្រា​ខ្ពស់​ណាស់​។ សរុបទៅ ទាំង​មុន ទាំងក្រោយ លោក​នឹង​កាន់តំណែង​ច្រើនជាង ២៤​ឆ្នាំ​បើ​រាប់ទាំង​ធ្វើជា​នាយករដ្ឋមន្ត្រី​និង​ប្រធានាធិបតី​ផង​។ យ៉ាងណាមិញ លោក​អះអាងថា លោក​មិន​ជំរុញ​ឲ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ឈរឈ្មោះ​ជា​ប្រធានាធិបតី​គ្មាន​ពេល​កំណត់​ឡើយ​៕

 

Tag:
 ​រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com