កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់ផ្ទះ​រុស្ស៊ី រំពឹង​បំបែក​កំណត់ត្រា​ចាស់​ឆ្នាំ​១៩៦៦
19, Mar 2018 , 9:00 am        
រូបភាព
ខ្សែប្រយុទ្ធរុស្ស៊ី Fedor Smolov អបអរការស៊ុត​បាល់បញ្ចូលទីរបស់ខ្លួន​នា 2017 Confederations Cup លើនូវែលសេឡង់។ រូបថត AFP
ខ្សែប្រយុទ្ធរុស្ស៊ី Fedor Smolov អបអរការស៊ុត​បាល់បញ្ចូលទីរបស់ខ្លួន​នា 2017 Confederations Cup លើនូវែលសេឡង់។ រូបថត AFP
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី​ដែលជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់ FIFA World Cup លើក​ទី​២១ ស្ថិតក្នុង​ពូ​ល A ត្រូវ​ជួប អា​រ៉ា​ប៊ី​សា​អូឌីត​, អេ​ហ្ស៊ី​ប និង អ៊ុយ​រូ​ហ្គា​យ​។ រុស្ស៊ី [​រាប់បញ្ចូល​ទាំង​កាល​នៅ​ជា​សហភាពសូវៀត​] ធ្លាប់​បង្ហាញខ្លួន​១០​លើក​រួចមកហើយ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៥៨ មក​។​

 
​គ្រូបង្វឹក​៖ លោក Stanislav Cherchesov (​រុស្ស៊ី​)


លោក Stanislav Cherchesov ជា​អតីត​អ្នកចាំទី​របស់​ក្រុម​ជម្រើសជាតិ​រុស្ស៊ី និង​ធ្លាប់​បង្ហាញខ្លួន​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ១៩៩៤ និង ២០០២ ។ អ្នកចាត់ការ​វ័យ ៥៤​ឆ្នាំ​រូបនេះ បាន​ឡើង​ដឹកនាំ​រុស្ស៊ី​នៅ​ឆ្នាំ ២០១៦​។ មុនពេល​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ លោក Cherchesov ក៏​ធ្លាប់ជា​អតីត​គ្រូ Dynamo Moscow និង Legia Warsaw ផងដែរ​។​
 
​កីឡាករ​ឆ្នើម​៖ ខ្សែប្រយុទ្ធ Fedor Smolov និង អ្នកចាំទី Igor Akinfeev
Fedor Smolov ដែល​បច្ចុប្បន្ន​ប្រកប​អាជីព​ក្នុង​ក្លិប​បាល់ទាត់ FC Krasnodar នៃ​លី​ក​កំពូល​របស់​រុស្ស៊ី ត្រូវបាន​គេ​រំពឹងថា​នឹង​អា​ចរក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើសជាតិ​បាន​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ក្រោយនេះ​។​

​ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​នា​ជំនួយ​ដែល​រុស្ស៊ី​យកឈ្នះ​នូ​វែ​ល​សេ​ឡង់ ២-០ ក្នុងការ​ប្រកួត​បើកឆាក​ពាន FIFA Confederations Cup 2017​។​
 

​ចំណែក អ្នកចាំទី Igor Akinfeev សព្វថ្ងៃ​លេង​ឲ្យ​ក្រុម CSKA Moscow​។ ក្នុង​វ័យ ៣១​ឆ្នាំ បេក្ខភាព​ដែល​ជួយ CSKA ឈ្នះ​ពាន Russian Premier League ៦​សម័យកាល​ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ ១០០​ដង​។ ប្រធាន​ក្រុម​រូបនេះ​ជា​តួអង្គ​សំខាន់ និង​មាន​ឥទ្ធិពល​ម្នាក់​ផងដែរ​ដើម្បី​ជួយ​ក្រុម​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​ពាន​លំដាប់​ទី​១​ពិភពលោក​។​
 
​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី ១១ សម្រាប់​ក្រុម​មកពី​ទ្វីបអឺរ៉ុប និង​ជា​ម្ចាស់ផ្ទះ World Cup លើក​ទី​១​នេះ​។ ការបង្ហាញ​ខ្លួន​១០​លើក​កន្លងមក រុស្ស៊ី​ធ្វើបាន​ល្អ​បំផុត​ដោយ​អាចឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ​១៩៦៦​។​
 
​កម្មវិធី​ប្រកួត​៖


​បន្ទាប់ពី​លទ្ធផល​ចាប់ឆ្នោត​រើស​ពូ​ល​រួចរាល់​សម្រាប់​ព្រឹត្តិការណ៍​ពាន់រង្វាន់​ពិភពលោក ដែល​រៀបចំឡើង​នៅ​វិមាន​ក្រេ​ម​ឡាំង ក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​១ ខែធ្នូ​នេះ ម្ចាស់ផ្ទះ​រុស្ស៊ី ស្ថិតក្នុង​ពូ​ល A ត្រូវ​ជួប អេ​ហ្ស៊ី​ប (​អាហ្វ្រិក​) អា​រ៉ា​ប៊ី​សា​អូឌីត (​អាស៊ី​) និង​អ៊ុយ​រូ​ហ្គា​យ (​អាមេរិក​ខាងត្បូង​)​។​

-១៤ មិថុនា​៖ រុស្ស៊ី vs អា​រ៉ា​ប៊ី​សា​អូឌីត (​ម៉ោង​១០​យប់​)
-២០ មិថុនា​៖ រុស្ស៊ី vs អេ​ហ្ស៊ី​ប (​ម៉ោង​១​អា​ធ្រា​ត​)
-២៥ មិថុនា​៖ អ៊ុយ​រូ​ហ្គា​យ vs រុស្ស៊ី (​ម៉ោង​៩​យប់​)
ប្រភពរូបថត៖ AFP
 

Tag:
 FIFA World Cup
  TeamRussia
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com