ជាតិ
សិល្បះ
២៥ខេត្ត/រាជធានី
ស្ថានទូតអាមេរិក ឧបត្ថម្ភការប្រគំតន្ត្រីរបស់លោក យឹង យន ដល់ស្រុកកំណើត
× កំពង់ធំ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឧបត្ថម្ភដល់ លោក យឹង យន និងក្រុមតន្ត្រីរបស់លោក ដើម្បីបង្កើតអាល់ប៊ុមចម្រៀងថ្មី ដែលមានចំណងជើងថា «ស្រឡាញ់សហរដ្ឋអាមេរិក៖ដំណើររបស់យឹង យន នៅទូទាំងប្រទេសអាមេរិក» ឬ “ Lovin’USA: Yorng Young Journey Across America”។ អាល់ប៊ុមចម្រៀងនេះ មានចំនួន១១បទ រៀបរាប់ពីទីក្រុង និងរដ្ឋនានា នៅក្នុងសហរដ្ឋអាមេរិករដ្ឋ Minnesota, North Carolina និងរដ្ឋ Florida ជាដើម។
កាលពីរាត្រីថ្ងៃទី១៧ ខែមីនា ស្ថានទូតអាមេរិកបានបន្តឧបត្ថម្ភដល់ការប្រគំតន្ត្រី ប្រកាសអាល់ប៊ុមចម្រៀងថ្មីរបស់លោក យឹង យន នេះ នៅទីរួមខេត្តកំពង់ធំ ដែលជាស្រុកកំណើតរបស់លោកផ្ទាល់ផងដែរ។
លោក William.A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានចូលរួមប្រគំតន្ត្រីប្រកាសអាល់ប៊ុមចម្រៀងថ្មីនេះដែរ។ លោក William.A.Heidt ថ្លែងថា លោករីករាយណាស់ ដែលបានឃើញការប្រគំតន្ត្រីនៅរាត្រីនេះ ហើយលោកបានហៅការប្រគំតន្ត្រីនេះថា ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក។ លោកបញ្ជាក់បន្ថែមដូច្នេះ៖ «តន្ត្រីជាអ្វីដែលប្រជាជនកម្ពុជាក៏ចូលចិត្ត ជនជាតិអាមេរិកក៏ចូលចិត្ត។ វាជារឿងដ៏អស្ចារ្យដែលយុវជនវ័យក្មេងកម្ពុជាបានទៅ និងបានឃើញសហរដ្ឋអាមេរិកដោយផ្ទាល់ភ្នែក គាត់បានឃើញភាពស្រស់ស្អាតរបស់សហរដ្ឋអាមេរិក។ គាត់និពន្ធ ចម្រៀងពីសហរដ្ឋអាមេរិក ហើយច្រៀងជាភាសាខ្មែរ ឲ្យប្រជាជនខ្មែរបានស្តាប់ និងស្គាល់សហរដ្ឋអាមេរិកដែរ ហើយតាមរយៈតន្ត្រី យើងអាចរឹតចំណងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក»។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏ទទួលស្គាល់ដែរថា ចំណងទាក់ទងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងរយៈពេលចុងក្រោយនេះ ហាក់ប្រទាំងប្រទើសគ្នាបន្តិច ប៉ុន្តែលោក សង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងប្រសើរ នៅពេលដែលភាគីទាំងពីរ យោគយល់គ្នាឲ្យកាន់តែច្រើន តាមរយៈការជជែកគ្នា តាមរយៈតន្ត្រី ភាពយន្ត និងកម្មវិធីវប្បធម៌នានាដែលមានកាន់តែច្រើននោះ។
ទាក់ទងនឹងការនិពន្ធចម្រៀងនេះដែរ លោក William.A.Heidt ក៏សង្ឃឹមថា សហរដ្ឋអាមេរិកនឹងអាចបញ្ជូនជនជាតិអាមេរិក មកកាន់ប្រទេសកម្ពុជា ដើម្បីនិពន្ធអាល់ប៊ុមចម្រៀងអំពីខេត្តនីមួយៗរបស់កម្ពុជាដែរ។
សម្រាប់លោក យឹង យន បានចាត់ទុកការប្រកាសផ្សាយអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួននៅពេលនេះ មិនត្រឹមតែជាផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាជាការចែករំលែកពីបទពិសោធន៍ ចំណេះដឹង ទីតាំងភូមិសាស្ត្រ ទឹកដី នយោបាយ ការអភិវឌ្ឍន៍នៅអាមេរិកទៅដល់ប្រជាជនកម្ពុជា។ ជាពិសេស លោក យន ចង់ឲ្យបងប្អូនខ្មែរដែលមិនធ្លាប់ទៅសហរដ្ឋអាមេរិក បានស្គាល់អាមេរិកតាមរយៈបទចម្រៀងរបស់ខ្លួន។
សូមបញ្ជាក់ថា អាល់ប៊ុមចម្រៀងនេះ បានសម្ពោធជាលើកដំបូង កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ដោយស្ថានទូតអាមេរិក បានឧត្ថម្ភការរៀបចំការប្រគំតន្ត្រីផ្សព្វផ្សាយ។
នេះជាលើកទី២ហើយ ដែលស្ថានទូតអាមេរិក បានបន្តឧត្ថម្ភដល់ការប្រគំតន្ត្រីរបស់លោក យឹងយន ផ្សព្វផ្សាយអាល់ប៊ុមចម្រៀងដែលរៀបរាប់ពីសហរដ្ឋអាមេរិកនេះ។ នៅក្នុងពេលប្រគំតន្ត្រីក៏មានការចែកជូនថាសចម្រៀងសរុបចំនួន៦០០ដោយឥតគិតថ្លៃ ដល់សាធារណជនផងដែរ។
ចម្រៀងមួយអាល់ប៊ុមនេះ មានចំនួន១១ បទ ជាស្នាដៃដើម របស់លោក ស្តីពីរដ្ឋនានា ក្នុងសហរដ្ឋអាមេរិក ដូចជារដ្ឋ Minnesota, North Carolina និងរដ្ឋ Florida ត្រូវបានផលិត គ្រាដែល លោក យឹង យន ជាសិល្បករ អ្នកសរសេរចម្រៀង អ្នកចម្រៀង និងជាតន្ត្រីករខ្មែរដ៏មានទេពកោសល្យមួយរូប បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកតន្ត្រី ដែលមានឈ្មោះថា OneBeat នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣ ៕
© រក្សាសិទ្ធិដោយ thmeythmey.com