អន្តរជាតិ
លោក ពូ​ទីន ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ធ្វើជា​ប្រធានាធិបតី​រុស្ស៊ី​៦​ឆ្នាំ​ទៀត​
19, Mar 2018 , 10:00 am        
រូបភាព
លោក វ៉្លាឌីមៀ ពូទីន បន្តដឹកនាំរុស្ស៊ីរយៈពេល៦ឆ្នាំទៀត (រូបភាព៖ AFP)
លោក វ៉្លាឌីមៀ ពូទីន បន្តដឹកនាំរុស្ស៊ីរយៈពេល៦ឆ្នាំទៀត (រូបភាព៖ AFP)
​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​បង្ហាញថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានទទួល​សំឡេងគាំទ្រ​ច្រើន​លើសលប់ និង​ភាគរយ​ខ្ពស់​ក្នុងការ​បន្តកាន់កាប់​តំណែង​ប្រធានាធិបតី​រយៈពេល​៦​ឆ្នាំ​ទៀត​។ ក្នុងការ​បោះឆ្នោត​ដែល​អវត្តមាន​គូប្រជែង​ដ៏​សំខាន់ លោក ពូ​ទីន ទទួលបាន​សំឡេងគាំទ្រ​ជាង​៧៦​ភាគរយ​ក្នុងចំណោម​សន្លឹកឆ្នោត​ដែល​រាប់​រួចរាល់​។ នេះ​ជា​អាណត្តិ​ទី​បួន​ហើយ​ដែល​លោក ពូ​ទីន ដឹកនាំ​រុស្ស៊ី​។​



​ប្រជាជន​រុស្ស៊ី​ប្រមាណ​១០៧​លាន​នាក់ បាន​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​នៅ​ថ្ងៃទី​១៨ ខែមីនា​។ នេះ​ជា​កំណត់ត្រា​ថ្មី​ក្នុងការ​បោះឆ្នោត​នៅ​រុស្ស៊ី​ដែលមាន​អ្នក​ទៅ​បោះឆ្នោត​ច្រើន​ច្រើន​បែបនេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សន្លឹកឆ្នោត​ប្រហែល​៩០​ភាគរយ​ត្រូវបាន​រាប់ ហើយ​លទ្ធផល​ដំបូង​បង្ហាញថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានឈ្នះ​ភ្លូកទឹកភ្លូកដី ដោយ​ទទួលបាន​ការគាំទ្រ​ចំនួន​ជាង​៧៦​ភាគរយ​ឯណោះ​។​

​បេក្ខជន​លំដាប់​ទី​ពីរ គឺ​លោក Pavel Grudinin ទទួលបាន​ការគាំទ្រ​ចំនួន​១២​ភាគរយ ឯ​លោក  Vladimir Zhirinovsky ទទួលបាន​សំឡេង​ចំនួន​ប្រមាណ​៦​ភាគរយ ស្ថិតនៅ​លំដាប់​ទី​បី និង​លំដាប់​ទី​បួន​បាន​ទៅ​អតីត​ពិធីករ​ទូរទស្សន៍ Ksenia Sobchak ដែល​ទទួលបាន​សំឡេង​១.៥​ភាគរយ​ប៉ុណ្ណោះ​។ ដោយឡែក បេក្ខជន​ប្រធានាធិបតី​បីនាក់​ផ្សេងទៀត ទទួល​សំឡេងគាំទ្រ​មិន​ដល់​មួយ​ភាគរយ​ផង​ក្នុងការ​បោះឆ្នោត​លើក​នេះ​។

​ក្រោយ​ជ័យជម្នះ​នេះ លោក ពូ​ទីន បាន​ជួប​ជាមួយ​អ្នកគាំទ្រ​រាប់ពាន់នាក់​នៅឯ​ទីលាន Manezhnaya ក្បែរ​វិមាន​ក្រេ​ម​ឡាំង​។ លោក​បាន​អរគុណ​ពួកគេ និង​ចាត់ទុក​លទ្ធផល​នេះ​ជា​ទទួលស្គាល់​សមិទ្ធផល​ដែល​លោក​កសាង​ក្នុង​ឆ្នាំមុនៗ​។ ជោគជ័យ​របស់់លោក ពូ​ទីន គឺ​ដូច​ការរំពឹង​នៅមុន​ការបោះឆ្នោត​ដែរ ព្រោះតែ​អវត្តមាន​លោក Alexei Navalny ដែលជា​គូប្រជែង​សំខាន់ និង​ជា​អ្នក​រិះគន់​ប្រធានាធិបតី​រូប​កប់ៗ​មាត់​។​

​ជាមួយនឹង​ការទទួល​សំឡេង​លើសលប់​បែបនេះ លោក ពូ​ទីន នឹង​បន្ត​ដឹកនាំ​រុស្ស៊ី​រហូតដល់​ឆ្នាំ​២០២៤ ។ ប៉ុន្តែ​លោក​មិនអាច​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៤​ឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ហាម​បុគ្គល​ម្នាក់​ធ្វើ​ប្រ​ធា​ធិបតី​ពីរ​អាណត្តិ​ជាប់​គ្នា​។ យ៉ាងណាមិញ លោក ពូ​ទីន អាច​ឈរឈ្មោះ​ធ្វើ​ប្រធានាធិបតី​ម្ដងទៀត​នៅ​ឆ្នាំ​២០៣០ ដែល​នោះ​លោក​នឹងមាន​អាយុ​៧៨​ឆ្នាំ​។ លោក​មិនទាន់​ច្បាស់​ថា នឹង​ឈរឈ្មោះ​ម្ដងទៀត​ឬ​យ៉ាងណា​ឡើយ​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អ្នកសារព័ត៌មាន​រុស្ស៊ី​ម្នាក់​បាន​សួរ​ទាក់ទង​រឿងនេះ​ក្រោយ​ការចេញផ្សាយ​លទ្ធ​ផលប​ឋ​ម តែ​លោក​បែរជា​ផ្ទុះសំណើច​ទៅវិញ​។ លោក ពូ​ទីន ដែល​ក្លាយ​មេដឹកនាំ​រុស្ស៊ី​កាន់អំណាច​យូរ​ជាងគេ​ក្រោយ​សម័យ​លោក ចូ​សេ​ហ្វ ស្តា​លីន ឆ្លើយ​វិញ​ថា​៖ «​សំណួរ​របស់​អ្នក​ពិតជា​គួរ​ឲ្យ​អស់សំណើច​មែន​។ តើ​ខ្ញុំ​នឹង​ធ្វើជា​ប្រធានាធិបតី​ដល់​អាយុ​១០០​ឆ្នាំ​មែនឬ​? ទេ​! ហើយ​ខ្ញុំ​ក៏​មិនមាន​គម្រោង​កែ​រដ្ឋធម្មនុញ្ញ​ឥឡូវ​នេះដែរ​»៕   


Tag:
 រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com