ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍ បង្គាប់​ឲ្យ​ដឹក​លោក កឹម សុខា ទៅ​ចូលរួម​សវនាការ នៅ​ចុងខែ​នេះ
19, Mar 2018 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​អគ្គព្រះរាជអាជ្ញា អឹុម សុផាន បានចេញ​ដីកា​បង្គាប់​ឲ្យ​មន្ត្រី​ពន្ធនាគារ នាំ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២0១៨​។ ការបើក​សវនាការ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​សុំ​ជំទាស់​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​ការបន្ត​ឃុំ​លោក កឹម សុខា រយៈពេល​៦​ខែ​ទៅមុខទៀត​។



​លោក នុត សាវ​នា អ្នកនាំពាក្យ​ពន្ធនាគារ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មន្ត្រី​ពន្ធនាគារ នឹង​ធ្វើតាម​តុលាការ ដែល​បញ្ជា​ឲ្យ​នាំ​លោក កឹម សុខា ទៅ​បង្ហាញខ្លួន​ក្នុង​សវនាការ ។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​តុលាការ បង្គាប់​ហើយ យើង​ជំទាស់​ម៉េច​នឹង​កើត​។ យើង នឹង​នាំ​គាត់​ទៅកាន់​សវនាការ​»​។

​លោក សំ សុ​គង់ មេធាវី​មួយរូប​របស់លោក កឹម សុខា បាន​លើកឡើងថា ការដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ គឺ​ដើម្បី​សុំ​ឲ្យ​ទាត់​ចោលការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំ​លោក កឹម សុខា រយៈពេល​៦​ខែ ទៅមុខទៀត​។ លោក​មេធាវី​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​បើ​សាលាឧទ្ធរណ៍ យល់ស្រប​តាម​សំណើ​របស់​យើង លោក កឹម សុខា អាច​នឹង​ត្រូវបាន​ដោះលែង​។ គោលបំណង​យើង គឺ​ចង់​ឲ្យ​ដោះលែង​គាត់​ជា​បណ្តោះអាសន្ន​»​។

​បើ​គិត​មកដល់ពេលនេះ លោក កឹម សុខា បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ លើសពី​៦​ខែ​ហើយ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​អាច​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។ ដោយ​យល់ថា ការ​ស៊ើបសួរ មិនទាន់​ចប់សព្វគ្រប់ ​ចៅក្រម​ស៊ើបសួរ ក៏បាន​ជួប​លោក កឹម សុខា កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២0១៨ ហើយក៏​សម្រេច​ឲ្យ​លោក ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ខែ​ទៀត​។
អត្ថបទទាក់ទង


​តាម​នីតិវិធី ជន​ត្រូវ​ចោទ អាច​ត្រូវបាន​ឃុំខ្លួន​រយៈពេល​៦​ខែ​បណ្តោះ ហើយ​បន្ទាប់មក តុលាការ ត្រូវ​សម្រេច​ថា​ត្រូវ​ដោះលែង​ជា​បណ្តោះអាសន្ន ឬក៏​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ តុលាការ ក៏​អាច​ពន្យារពេល​នៃ​ការឃុំខ្លួន​ជន​ត្រូវ​ចោទ​នោះដែរ ប្រសិនបើ ការ​ស៊ើបសួរ​មិនទាន់​ចប់​ស្រួលបួល​៕ 


Tag:
 ​កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com