កីឡាជាតិ
ជាតិ
បឹងកេត​ឡើងទៅ​កំពូល​តារាង ស្វាយរៀង​ផ្តើម​ឈ្នះ ក្រោ​ន​ស្មើ​ជាមួយ​វិសាខា​
19, Mar 2018 , 11:04 am        
រូបភាព
ជំនួបរវាងវិសាខា (ខៀវ) និងភ្នំពេញក្រោនបញ្ចប់ទៅ​ដោយគ្មាន​គ្រាប់បាល់បញ្ចូលទី។ រូបថត Visakha
ជំនួបរវាងវិសាខា (ខៀវ) និងភ្នំពេញក្រោនបញ្ចប់ទៅ​ដោយគ្មាន​គ្រាប់បាល់បញ្ចូលទី។ រូបថត Visakha
ដោយ:
​ទាំង​បឹងកេត​និង​ព្រះខ័ន​រាជ​ស្វាយរៀង​សុទ្ធតែ​បាន​លត់​គូប្រកួត​ក្នុង​លទ្ធផល ៥-១ រៀងៗ​ខ្លួន​នា​ការប្រកួត​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែមីនា ឆ្នាំ​២០១៨​។ ចំណែក​ភ្នំពេញ​ក្រោ​ន​បាន​ត្រឹម​ស្មើ​ក្រុម​ចំណូល​ថ្មី​វិសាខា​។



​ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​លទ្ធផល ៥-១ ដើម្បី​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ដោយមាន​៩​ពិន្ទុ ខណៈ​ណាហ្គា​វើ​ល​ឈរ​លេខ​រៀង​ទី​២​ដោយមាន​៧​ពិន្ទុ​។ សម្រាប់​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​១៨ មីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខ្សែការពារ ហុង ផេង បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​បឹងកេត​នៅ​នាទី​ទី​២១ មុន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Silva Califuri Maycon បន្ថែម​ពីរ​គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី​ទី​៦៩ និង​៧៣​។

​ការប្រកួត​ដំណើរការបាន​១​នាទី​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Oiboh Julius សម្រេចបាន​១​គ្រាប់​បន្ថែម ដើម្បី​បង្កើន​ការនាំ​មុខ ៤-០ សម្រាប់​បឹងកេត មុន​ខ្សែប្រយុទ្ធ Gbenga Samuel Ajayi សម្រេច​គ្រាប់​ទី​៥​នៅ​នាទី​ទី​៨២​។ មួយ​នាទី​ក្រោយមក​កីឡាករ No Daeho បាន​យក​រក​គ្រាប់​បាល់​តាម​ពីក្រោយ ៥-១ សម្រាប់​អគ្គស្នងការ​នគរបាល​ជាតិ​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល ៥-១​នេះ​រហូត​ចប់​ការប្រកួត​។  

​នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៥-១ ដោយ​៥​គ្រាប់​របស់​ម្ចាស់ផ្ទះ​រកបាន​ដោយ​កីឡាករ Kobayashi Daisuke, Shane Booysen, ហួយ ផល្លី​ន​, សុក សំណាង និង Caeasar Trevin Shonari​។ ចំណែក​១​គ្រាប់​របស់​ក្រុម​ភ្ញៀវ​សម្រេច​ដោយ​កីឡាករ ម៉ាត់ នូ​រុណ​។

​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​ក្រុម​វិសាខា​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ទោះបី​ក្រុម​ទាំងពីរ​បាន​ព្យាយាម​វាយបក​ដាក់គ្នា​ទៅវិញទៅមក​យ៉ាងណាក៏ដោយ​។ វិសាខា​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដោយមាន​៧​ពិន្ទុ រីឯ​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​៤​ដោយមាន​៧​ពិន្ទុ​ដូចគ្នា​៕    


Tag:
 Cambodian League 2018
  បឹងកេត​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com