អន្តរជាតិ
ចិន​៖ ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ថ្មី​សម្បូរ​ដោយ​មនុស្ស​ស្និទ្ធ​លោក ស៊ី ជិន​ភីង​
19, Mar 2018 , 2:26 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីទាំងបួនរបស់ចិន (រូបភាព៖ AFP)
ឧបនាយករដ្ឋមន្រ្តីទាំងបួនរបស់ចិន (រូបភាព៖ AFP)
​សមាជិកសភា​ប្រជាជន​ចិន នៅ​ថ្ងៃទី​១៩ ខែមីនា បាន​បោះឆ្នោត​យល់ព្រម​លើ​សមាសភាព​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​។ សមាជិក​រដ្ឋាភិបាល​ខ្លះ​អាច​រក្សា​តំណែង​របស់ខ្លួន និង​ខ្លះទៀត​ត្រូវបាន​ដំឡើង​ឋានៈ ឬ​តំណែង​ជាដើម​។ ជាមួយគ្នានេះ សមាជិក​រដ្ឋាភិបាល និង​ប្រធាន​ស្ថាប័ន​ចំណុះ​ជាច្រើន ត្រូវបាន​ផ្លាស់ប្ដូរ និង​ជំនួស​ដោយ​អ្នកថ្មី​ដែល​ភាគច្រើន​ជា​មនុ​ស្សមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ។



​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​ចិន​ថ្មី បានចេញ​ជា​រូបរាង​ហើយ​នៅ​ថ្ងៃទី​១៩ ខែមីនា​។ សមាជិកសភា​ប្រជាជន​ជិត​បី​ពាន់​នាក់​បាន​បោះឆ្នោត​គាំទ្រ​លើ​សមាសភាព​រដ្ឋាភិបាល​ថ្មី ដែល​ស្នើ​ដោយ​លោក លី ខឹ​ឈាំ​ង មេដឹកនាំ​លំដាប់​ទី​ពីរ​របស់​ចិន​។ លោក លី ផ្ទាល់ ក៏​ទើបត្រូវ​បាន​សភា​គាំទ្រ​ឲ្យ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី​កាលពី​ថ្ងៃទី​១៨ ខែមីនា បន្ទាប់ពី​ត្រូវបាន​ស្នើ​ជា​បេក្ខជន​ដោយ​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xiinhua ក្នុង​សមាសភាព​ថ្មី​នេះ ឧបនាយករដ្ឋមន្ត្រី​ទាំង​បួន​សុទ្ធ តែ ជា មនុស្ស​ថ្មី គឺ​លោក ហាន ចឹ​ង សមាជិក​ទី​៧ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​, លោកស្រី ស៊ុន ឈុន​ឡាន​, លោក ហ៊ូ ឈុន​ហ័​រ និង​លោក លីវ ហឺ ។ លោក លីវ ហឺ នេះហើយ គឺ ជា ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក ស៊ី ជិន​ភីង ។ លោក ស៊ី បាន​ផ្លាស់ប្ដូរ​ក្រុមការងារ​សេដ្ឋកិច្ច​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុងស្រុក និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្រៅប្រទេស ជាពិសេស​ជាមួយ​អាមេរិក​។​

អត្ថបទទាក់ទង


​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក វ៉ាង យី ត្រូវបាន​ដំឡើង​ឋានៈ​ជាទី​ប្រឹក្សា​រដ្ឋ ដែលជា​តំណែង​ខ្ពស់ជាង​រដ្ឋមន្ត្រី​ធម្មតា ហើយ​នៅតែ​រក្សា​តំណែង​រដ្ឋមន្ត្រីការបរទេស​ដដែល​។ លោក វ៉ាង តែង​ចេញ​ការពារ​ក្រុង​ប៉េកាំង​យ៉ាងខ្លាំង​លើ​ឆាក​អន្តរជាតិ​។ តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​បាន​ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វឹ​ង​ហឺ ដែល​ទទួល​តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​ដែរ​។ អ្នក​ទាំង​ស្ថិត​ក្នុងចំណោម​ទីប្រឹក្សា​រដ្ឋ​ថ្មី​ទាំង​៥ ដែល​ស្នើ​ដោយ​លោកនាយក​រដ្ឋមន្ត្រី លី ។​



ប្រធានាធិបតីចិន ស៊ី ជិនភីងចាប់ដៃនាយករដ្ឋមន្រ្តី លី ខឹឈាំង (រូបភាព៖ Xinhua)

​សម្រាប់​តំណែង​សំខាន់ៗ​ផ្សេងទៀត​វិញ ទេសាភិបាល​ធនាគារ​ប្រជាជន​ថ្មី គឺ​លោក យី កាង​, តំណែង​ប្រធាន​តុលាការ​កំពូល​ប្រជាជន​បាន​ទៅ​លោក ចូ​វ ឈាំ​ង ឯ​តំណែង​អគ្គ​រដ្ឋអាជ្ញា​ថ្មី​បាន​ទៅ​លោក ចាង ជុន ។ មន្ត្រី​យោធា​ជាន់ខ្ពស់​ពីររូប គឺ​ឧ​ត្ត​ម​សេនីយ៍ ស៊ូ ឈី​ឡាំង និង​ឧ​ត្ត​ម​សេនីយ៍ ចាង យូ​ស្យា ដែលជា​អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈិមបក្ស ក៏​ជាប់ឆ្នោត​ជា​អនុប្រធាន​គណៈកម្មការ​យោធា​រដ្ឋ​ដែរ​។ លោក ស៊ី ជិន​ភីង ជា​ប្រធាន​គណៈកម្មការ​ទាំងពីរ​នេះ​។​

​ជាការ​កត់សម្គាល់ មន្ត្រី​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​ការបរទេស ត្រូវបាន​ផ្លាស់ប្ដូរ​ស្ទើរ​ទាំងស្រុង ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ពី​នយោបាយ​អាទិភាព​របស់លោក ស៊ី ជិន​ភីង ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។ លើ​ការងារ​សេដ្ឋកិច្ច លោក លីវ ហឺ នឹង​ដឹកនាំ​អនុវត្ត​នយោបាយ​របស់​លោក ស៊ី ដោះស្រាយ​បញ្ហា​ក្នុងស្រុក និង​ការពារ​ប្រយោជន៍​ចិន​លើ​ឆាក​អន្តរជាតិ​។ ឯ​កិច្ចការ​ការទូត​វិញ មន្ត្រី​ភាគច្រើន​ត្រូវបាន​ដំឡើង​ឋានៈ ដែល​នេះ​ធ្វើ​ឲ្យ​ពួកគេ​មានលទ្ធភាព​សម្រេចចិត្ត​បាន​ច្រើន​ថែមទៀត​៕
 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com