ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​មានការ​ហោះហើរ​ត្រង់ ពី​អូស្ត្រាលី មកកាន់​កម្ពុជា​
19, Mar 2018 , 4:35 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន​ ប្រមុខរដ្ឋាភិបាលកម្ពុជា និងលោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២0១៨។ រូបពីទំព័រហ្វេសបុក សម្តេច ហ៊ុន សែន
ជំនួបរវាងសម្តេច ហ៊ុន សែន​ ប្រមុខរដ្ឋាភិបាលកម្ពុជា និងលោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២0១៨។ រូបពីទំព័រហ្វេសបុក សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ឲ្យ​លោក Jeremy Johnson ប្រធានសភា​ពាណិជ្ជកម្ម​អូស្ត្រាលី ជំរុញ​ការតភ្ជាប់​ការហោះហើរ​ត្រង់ ពី​អូស្ត្រាលី​មកកាន់​កម្ពុជា ដើម្បី​ពង្រីក​ការវិនិយោគ និង​ទេសចរណ៍ ឲ្យ​បាន​កាន់តែច្រើន​ថែ​ទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌​កម្ពុជា (AKP)​។



​សម្តេច ហ៊ុន សែន បានលើកឡើង​ពី​សំណើ​នេះ ទៅកាន់​លោក Jeremy Johnson ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ អាស៊ាន​-​អូស្ត្រាលី ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៨​។ បើតាម AKP សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា​៖«​ប្រទេស​យើង​ទាំងពីរ គួរតែមាន​អ្វីៗ​ជាច្រើន​ទៀត ជាពិសេស លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​»​។​

​ក្នុងជំនួប​ជាមួយ​លោក  Malcolm Turnbull នាយករដ្ឋមន្ត្រី​អូស្ត្រាលី សម្ដេច ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ថា ប្រទេស​ទាំងពីរ​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ឲ្យ​កើនឡើង​។ AKP បាន​ឲ្យ​ដឹងថា សម្តេច ហ៊ុន សែន ចង់ឃើញ​ការតភ្ជាប់​ការហោះ ហើរ​ផ្ទា​ល់ពី​អូស្ត្រាលី​ទៅកាន់​កម្ពុជា និង​ពី​កម្ពុជា​មក​អូស្ត្រាលី ដែល​អាច​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​កាន់តែ​ល្អប្រសើរ​។ AKP បាន​ស្រង់​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅ​ចុះផ្សាយ​បែបនេះ​ថា​៖«​បើ​យើង អាចមាន​ជើងយន្តហោះ​ផ្ទាល់​រវាង​កម្ពុជា និង​អូស្ត្រាលី​នោះ ក្រុមហ៊ុន​ហោះហើរ នឹងមិន​មានការ​ខាង​បង់​ឡើយ​»​។​

​បើតាម AKP លោក Jeremy Johnson បាន​ឆ្លើយតប​ថា សភាពាណិជ្ជកម្ម​អូស្ត្រាលី នឹង​ជំរុញ​វិស័យ​ទេសចរណ៍​និង​វិនិយោគ ហើយ​នៅពេល​ខាងមុខ លោក នឹង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​សភាពាណិជ្ជកម្ម ជំរុញ​ការងារ​នេះ​ឱ្យបាន​ច្រើន​ថែមទៀត​។

​បើតាម​ការអះអាង​រប​ស់ស​ម្តេច ហ៊ុន សែន រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្តល់ជំនួយ​៧៨​លាន​ដុល្លារ ដល់​កម្ពុជា​។ ការផ្តល់​ជំនួយ​នេះ ធ្វើឡើង​ក្នុងអំឡុង​ដែល​សម្តេច ហ៊ុន សែន ទៅ​ចូលរួម​កិច្ច​អាស៊ាន​-​អូស្ត្រាលី កាលពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២0១៨៕
អត្ថបទទាក់ទង




Tag:
 ​អូស្ត្រាលី​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com