ជាតិ
រថយន្ត
រដ្ឋខាតបង់ថវិកាប្រមាណ ៣០០លានដុល្លារក្នុងមួយឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍
× សៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈម ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់បំផុត។ តាមរបាយការណ៍របស់ស្នងការនគរបាលជាតិ ជារៀងរាល់ថ្ងៃមានមនុស្សស្លាប់៥ និងរបួសជាមធ្យម ១៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» នៅសណ្ឋាគារ មហាសណ្ឋាគារអង្គរ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ថា ជារៀងរាល់ថ្ងៃ មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥នាក់ និងរបួស ១៥នាក់។
តាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ក្នុងចំណោមអ្នកស្លាប់មាន ៧០% ធ្វើដំណើរដោយម៉ូតូ ហើយក្នុង ៧០%នោះទៀត ៨០%ដែលមិនពាក់មួកសុវត្ថិភាព។ លោករដ្ឋមន្ត្រី បានស្នើដល់អ្នកដំណើរទាំងអស់ ត្រូវធ្វើដំណើរដោយស្មារតីប្រុងប្រយ័ត្ន កុំប្រើប្រាស់គ្រឿងស្រវឹង កុំបើកបរលើសល្បឿនកំណត់ ត្រូវពាក់មួកសុវត្ថិភាព និងមិនត្រូវប្រើប្រាស់ថ្នាក់ញៀនជាដើម។ល។
អ្វីដែលកក់សម្គាល់នោះ តាមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ប្រមាណ ៣០០លានដុល្លារក្នុងមួយឆ្នាំៗ។ លោកបន្ថែមថា បញ្ហានេះក្រៅពីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងនោះក៏បន្សល់ទុកនូវកុមារកំព្រា និងស្ត្រីមេម៉ាយផងដែរ។
តាមលោករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ក្រសួងសាធារណការបានផលិតវីដេអូចំនួន៣ ដើម្បីអប់រំសាធារណជន ក្រៅពីនេះក៏មានការចុះផ្សព្វផ្សាយនៅតាមសាលារៀន និងតាមរោងចក្រជាដើម។
គួរម្លឹកថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីឆ្នាំ២០១៧ បានចែកមួកសុវត្ថិភាពចំនួន ៣ម៉ឺន ទៅដល់សិស្សានុសិស្ស ហើយគ្រោងចែក ៧ម៉ឺនមួកទៀតក្នុងឆ្នាំ២០១៨នេះ។ ក្រៅពីនេះ ក៏គ្រោងចែកក្រដាសផ្លាត ១លានសន្លឹក ចែកក្នុងឆ្នាំ២០១៨នេះ ដែលកាលពីឆ្នាំ២០១៧ បានចែកចំនួន ៣លាន៤សែនសន្លឹកទូទាំងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com