អន្តរជាតិ
លោក ឌូ​ទើ​តេ បបួល​សមាជិក​ហត្ថលេខី​ផ្សេងទៀត​ដើរចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
19, Mar 2018 , 5:15 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​ប្រមុខ​ដឹកនាំ​កំពូល​របស់​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានចាប់ផ្តើម​យុទ្ធនាការ​មួយ​ដោយ​បបួល​ប្រទេស​ហត្ថលេខី​ផ្សេងទៀត នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម ឲ្យ​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ។ យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​រូបលោក​ផ្ទាល់ បានប្រកាស​ដក​ហ្វីលីពីន​ចេញពី​តុលាការអន្តរជាតិ​មួយ​នេះ បន្ទាប់ពី​មានការ​បើក​ការវិនិច្ឆ័យ​បឋម​លើ​សង្គ្រាម​គ្រឿងញៀន​របស់លោក ។



​ឆ្លៀតឱកាស​នៃ​ការ​ថ្លែង​សុន្ទរកថា​បិទ​បញ្ចប់​វគ្គ​យោធា លោក ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​១៨ មីនា បាន​ថ្លែង​រិះគន់​ពី​ភាពមិន​ឯករាជ្យ និង​តម្លាភាព របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ហៅ​កាត់​ថា ICC ។ លោក​ប្រធានាធិបតី ក៏​ថែមទាំង​ទទូច​ឲ្យ​បណ្តា​ប្រទេស​ដទៃ​ផ្សេងទៀត ចូលរួម​ជាមួយនឹង​លោក ដើម្បី​បញ្ចប់​សមាជិកភាព​នៅក្នុង​តុលាការ​នោះ​ទៀតផង ។

« ខ្ញុំ នឹង​បញ្ចុះបញ្ចូល​គ្រប់គ្នា​ដែល​ស្ថិតក្រោម​សន្ធិសញ្ញា (​លក្ខន្តិកៈ​ក្រុង​រ៉ូម​) ដើម្បី​ចាកចេញ ។ វា (​លក្ខន្តិកៈ​) មិនមែនជា​លិ​ខិ​តូ​បក​រណ៍ ដែល​បង្កើ់តឡើង​ដើម្បី​គ្រប់គ្នា​ឡើយ តែ​គឺជា​ការរៀបចំ​ដោយ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ » ។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី ដែល​ត្រូវបាន​ដកស្រង់​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters ។

​គួរ​រម្លឹក​ផងដែរ​ថា នា​សប្តាហ៍​មុន លោក​ប្រធានាធិបតី ឌូ​ទើ​តេ បានប្រកាស​ដក​ហ្វីលីពីន ចេញពី​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជាមួយនឹង​ការចោទប្រកាន់​មួយចំនួន​ថា តុលាការ​នេះ មាន​ទំនាក់ទំនង​សម្ងាត់​ជាមួយនឹង​ក្រុម​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែលជា​ក្រុម​លោក អះអាងថា តែងតែ​និយាយ​បំ​ភ្លី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ហ្វីលីពីន ។

​លោក​ប្រធានាធិបតី ថែមទាំង​ហ៊ាន​និយាយថា ក្រុម​ទាំងពីរ បាន​ឃុ​ប​ឃឹ​ត​គ្នា ប្រើប្រាស់​តុលាការអន្តរជាតិ ដើម្បី​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​លោក​ក្នុង​ឆាក​អន្តរជាតិ​តាមរយៈ​ការចោទប្រកាន់​មកលើ​រូបលោក ពាក់ព័ន្ធ​សង្គ្រាម​គ្រឿងញៀន ដែល​រូបលោក តែង​ពន្យល់ថា​ជា​យុទ្ធនា​ការធ្វើ​ឲ្យ​ហ្វីលីពីន​ស្អាតស្អំ​ពី​សង្គមងងឹត នោះ ។

​អ្វីដែល​គួរកត់សម្គាល់​នោះ នៅ​ថ្ងៃ​១៧ មីនា​កន្លងទៅនេះ ប្រធាន​មហាសន្និបាត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក O-Gon Kwon បាន​ថ្លែង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន រក្សា​សមាជិកភាព​របស់ខ្លួន​ជាមួយនឹង​តុលាការ​ដដែល ខណៈ​លើកឡើង​ពី​ការ​ដើរចេញ​របស់​ហ្វីលីពីន នឹងធ្វើ​ឲ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​កិច្ចប្រឹងប្រែង​របស់​ភាគី​ពាក់ព័ន្ធ​ក្នុងការ​លើកកម្ពស់​វិស័យ​យុត្តិធម៌​សម្រាប់​មនុស្សជាតិ ។​

​គិត​ចាប់ពី​ការអនុម័ត​លក្ខន្តិកៈ​ក្រុង​រ៉ូម ដែលជា​លិ​ខិ​តូ​បក​រណ៍​មូលដ្ឋាន​ដើម្បី​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ឆ្នាំ​១៩៩៨ មកទល់ពេលនេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​សមាជិក ឬ​ភាគី សរុប​ទាំងអស់ ១២៣ ប្រទេស ។ មានតែ​ប្រទេស​អាស៊ាន​ពីរ​ប៉ុណ្ណោះ ដែលជា​ហត្ថលេខី​នៃ​លក្ខន្តិកៈ​នេះ ដែល​ក្នុងនោះ​រួមមាន​កម្ពុជា និង​ហ្វីលីពីន ៕



Tag:
 ហ្វីលីពីន​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com