ជាតិ
សត្វស្លាបត្រយ៉ងជិតផុតពូជមានវត្តមានច្រើនជាងគេនៅកម្ពុជា រូបភាពពីក្រុមថតសត្វស្លាបកម្ពុជា(CBP)
× កម្ពុជាមានវត្តមានសត្វស្លាបត្រយ៉ងជិតផុតពូជប្រមាណជា២៥០ ក្បាល ដែលបានក្លាយជាគោលដៅរបស់ភ្ញៀវទេសចរ ដើម្បីមកទស្សនាសត្វស្លាបត្រយ៉ងនេះ។ នេះបើតាមការបញ្ជាក់ពីក្រសួងបរិស្ថាន នាព្រឹត្តិការណ៍ ពិព័រណ៍សត្វស្លាប កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅនេះ។
លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងព្រឹត្តិការណ៍ ពិព័រណ៍សត្វស្លាបថា កម្ពុជា ជាប្រទេសដែលមានវត្តមានសត្វត្រយ៉ង ច្រើនជាងគេបង្អស់ ប្រមាណជា ២៥០ក្បាល បើប្រៀបធៀបទូទាំងពិភពលោកមានចំនួន៩០ភាគរយ។ សត្វស្លាបត្រយ៉ងនេះមាន ពីរប្រភេទ គឺត្រយ៉ងយក្ស និងត្រយ៉ងចង្កំកស កំពុងរស់នៅក្នុងសមាគមន៍តំបន់ការពារធម្មជាតិ ស្ថិតនៅខេត្តព្រះវិហារ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ ប្រភេទសត្វស្លាបត្រយ៉ង ជាទិសដៅមួយសម្រាប់បម្រើភ្ញៀវទេសចរឲ្យបានទស្សនា និងស្វែងយល់ពីប្រភេទសត្វស្លាបដែលមាននៅកម្ពុជា។
បើយោងតាមការបញ្ជាក់របស់លោក ស៊ូ សូវុធ ដដែល ប្រភេទសត្វស្លាបត្រយ៉ងយក្ស និងត្រយ៉ងចង្គំកសនេះ ជានិមិត្តរូប ដែលតំណាងឲ្យប្រទេសកម្ពុជា ហើយក៏ជាប្រភេទសត្វស្លាប ដែលងាយនឹងរងការគំរាមកំហែងពីមនុស្ស ដែលយកពងធ្វើជាចំណីអាហារ។ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បញ្ជាក់បន្ថែមថា៖« មានកត្តាមួយចំនួនទៀត ដែលធ្វើឲ្យសត្វស្លាបត្រយ៉ង ឈាននឹងផុតពូជ ដូចជាការបាត់បង់ទីជម្រក ការបរបាញ់ ការបំពុល ខ្វះចំណី ការរំខាន និងចាប់មកចិញ្ចឹមជាដើម»។
គួរបញ្ជាក់ថា តំបន់ទេសចរណ៍សត្វស្លាបត្រយ៉ងសំខាន់ៗរបស់កម្ពុជា ដែលល្បីល្បាញជាងគេមាន សហគមន៍តំបន់ការពារធម្មជាតិត្មាតតាប៉ើយ ស្ថិតនៅខេត្តព្រះវិហារ សម្បូរដោយសត្វត្រយ៉ងទាំងពីរប្រភេទនេះ៕
Tag:
ត្រយ៉ង
សត្វស្លាប
ស៊ូ សូវុធ
© រក្សាសិទ្ធិដោយ thmeythmey.com