អន្តរជាតិ
កូរ៉េខាងត្បូង​៖ រដ្ឋអាជ្ញា​ស្នើ​តុលា​ការចេញ​ដីកាចាប់ខ្លួន​អតីត​ប្រធានាធិបតី លី ម្យុ​ង​បាក់​
20, Mar 2018 , 8:59 am        
រូបភាព
​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៩ ខែមីនា បានស្នើ​សុំ​តុលា​ការចេញ​ដីកាចាប់ខ្លួន​អតីត​ប្រធានាធិបតី លី ម្យុ​ង​បាក់ ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ​ទទួល​សំណូក​។ ការស្នើសុំ​នេះ ធ្វើឡើង​ក្រោយ​ការសួរចម្លើយ​២១​ម៉ោង​កាលពី​សប្ដាហ៍​មុន​រួចមក​។ លោក​លី ម្យុ​ង​បាក់ បាន​ទាត់ចោល​ការសង្ស័យ​ទាំងអស់​លើ​រូបលោក និង​ចាត់ទុក​ករណីនេះ ជាការ​សងសឹក​នយោបាយ​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ។​



​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក លី ម្យុ​ង​បាក់ ត្រូវ​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​ពុករលួយ​ចំនួន​១៨​ករណី​ដូចជា ការទទួល​សំណូក ការលួចបន្លំ និង​ការបំពាន​អំណាច​រដ្ឋ​អំឡុងពេល​លោក​កាន់អំណាច​ចន្លោះ​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ ។ លោក លី ត្រូវបាន​រដ្ឋអាជ្ញា​កោះហៅ​កាលពី​សប្ដាហ៍​មុន និង​ប្រើប្រាស់​ពេល​ដល់​ទៅ​២១​ម៉ោង​ដើម្បី​សួរចម្លើយ​លោក​។​

​មកដល់​ថ្ងៃទី​១៩ ខែមីនា​ដើម​សប្ដាហ៍​នេះ រដ្ឋអាជ្ញា​តំបន់​សេ​អ៊ូ​ល​កណ្ដាល ក៏​ស្នើ​តុលា​ការចេញ​ដីកាចាប់ខ្លួន​អតីត​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​រូបនេះ​តែម្ដង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ ក្នុងករណី​តុលា​ការចេញ​ដីកា​មែន​នោះ លោក លី នឹង​ក្លាយជា​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី​បួន ដែល​ត្រូវ​ចាប់ខ្លួន​លើ​ករណី​ឧក្រិដ្ឋ​បែបនេះ​។

​ការចោទប្រកាន់​ទាំងអស់​លើ​លោក លី មានដូចជា​ការបានទទួល​លុយ​ចំនួន​ជាង​១០​លាន​ដុល្លារ​ពី​អង្គភាព​ចារកម្ម​ជាតិ ពី​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​នៅ​ដើម​អាណត្តិ​របស់លោក​។ លើសពីនោះ លោក​ក៏​ជាប់​សង្ស័យ​ក្នុងការ​បង្កើត​មូលនិធិ​មាន​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ​ក្រោមរូបភាព​ក្រុមហ៊ុន​ផលិត​សម្ភារ​រថយន្ត​ឈ្មោះ DAS របស់​បងប្រុស​របស់​លោក​។ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​ជឿថា លោក លី ទើប​ជា​ម្ចាស់​កម្មសិទ្ធិ​ក្រុមហ៊ុន​នេះ​។​

​ជាការ​កត់សម្គាល់ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​តែង​ទទួល​រក​ការចោទប្រកាន់ ឬ​កាត់ទោស​ពាក់ព័ន្ធ​ករណី​ពុករលួយ ហើយ​ការចោទប្រកាន់​តែង​ធ្វើឡើង​ក្នុង​អាណត្តិ​ប្រធានាធិបតី​ដែល​កាន់តំណែង​បន្ត​។ ឧទាហរណ៍​ជាក់ស្ដែង​មានដូចជា​ករណី​ពុករលួយ​របស់លោក រ៉ូ មូ​យុន ដែល​ត្រូវ​ចោទប្រកាន់​ក្នុងសម័យ​លោក លី ដឹកនាំ​ប្រទេស បន្ទាប់មក​ករណី​លោកស្រី ប៉ាក ហ្គឺ​ន​ហេ និង​ចុងក្រោយ​ករណី​លោក លី ផ្ទាល់​ក្នុង​អាណត្តិ​លោក មូ​ន ចេ​អ៊ី​ន​។  

​សម្រាប់​លោក លី  សំណុំ​រឿងនេះ ជាការ​សងសឹក​នយោបាយ​របស់​រដ្ឋបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ។ នេះ​ក៏​ព្រោះតែ​លោក មូ​ន ជា​មន្ត្រី​របស់លោក រ៉ូ មូ​យុន ដែលជា​ប្រធានាធិបតី​ចន្លោះ​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៨ ។ លោក រ៉ូ បានធ្វើ​អត្តឃាត​នៅ​ឆ្នាំ​២០០៩ ក្រោយ​រង​ការចោទប្រកាន់​ករណី​ពុករលួយ​នេះ​។ ដោយសារ​រឿងនេះ ទើប​លោក លី យល់ថា លោក មូ​ន កំពុង​ប៉ុនប៉ង​សងសឹក​រូបលោក​ឲ្យ​អតីត​មេ​កើយ​របស់ខ្លួន​៕  
   

Tag:
 កូរ៉េខាងត្បូង​
  លី ម្យុ​ង​បាក់​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com