អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដាស់តឿន​ឲ្យ​ប្រយ័ត្ន​ពី​ចលនា​រើស​សមាជិក​របស់​ក្រុម​ភេរវជន​ពី​«​រ៉ូ​ហ៊ីង​យ៉ា​»
19, Mar 2018 , 10:19 pm        
រូបភាព
ដោយ:
​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី  លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការរីក​រាលដាល​នៃ​អសន្តិសុខ​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​មកលើ​តំបន់ ។ លោក ណា​ជីប បាន​ព្រមាន​ពី​ការគំរាមកំហែង​របស់​ក្រុម​ភេរ​ជន ដោយ​ពួកគេ អាច​នឹង​រើស​សមាជិក​ថ្មី​ចេញពី​ក្រុម​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​រងគ្រោះ​ពី​ហិង្សា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ។



​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃ​១៧ មីនា បាន​ថ្លែង​ក្នុង​សន្និសីទ​តំបន់​ក្នុង​ក្រុង​ស៊ីដនី​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​ថា ភាពច្របូកច្របល់​នៅ​រដ្ឋ រ៉ា​ខាន (Rakhine) របស់​មី​យ៉ាន់​ម៉ា គឺជា​ការគំរាមកំហែង​សន្តិសុខ​មួយ​មកលើ​អាស៊ីអាគ្នេយ៍ ។ លោក អះអាងថា វិបត្តិ​នេះ មិនអាច​ត្រឹមតែ​ជា​បញ្ហា​នៅក្នុង​ស្រុក​មី​យ៉ាន់​ម៉ា​ទៀតឡើយ ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន Jakarta Post ។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​បន្តទៀតថា ស្ថានភាព​នៅ​ទីនោះ (​រដ្ឋ​រ៉ា​ខាន​) កំពុងតែ​បង្កើតជា​វិបត្តិ​មួយ ដែល​ធ្វើ​ឲ្យ​ក្រុម​នុស្ស ដែល​កំពុង​រស់នៅ​វេទនា និង​គ្មាន​សង្ឃឹម​អ្វី​ក្នុង​ជីវិត ធ្លាក់​ចូលក្នុង អន្ទាក់​របស់​ក្រុម​ភេរវជន​បាន ។

​ដើម្បី​ជា​វិធាន​ទប់ទល់​នឹង​លទ្ធភាព​នេះ នាយករដ្ឋមន្ត្រី​ជិត​ផុត​អាណត្តិ​របស់​ម៉ាឡេស៊ី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« យើ់ង ត្រូវតែ​រឹងមាំ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​គ្នា ដ្បិត ការដួលរលំ​របស់​ក្រុម​ភេរវជន នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ បានធ្វើ​ឲ្យ​ក្រុម​នេះ ត្រូវ​បែកខ្ញែក និង​ងើប​ឡើងវិញ​បាន​នៅ​គ្រប់​ទីកន្លែង ជាពិសេស​នៅក្នុង​តំបន់ ដែល​កំពុងតែ​តំបន់ ដែលមាន​វិបត្តិ​តែម្តង​» ។

​គួរ​ជម្រាប​ផងដែរ​ថា ដោយសារតែ​វិបត្តិ​នៃ​ការប៉ះទង្គិច​គ្នា​ប្រដាប់អាវុធ​របស់​អាជ្ញាធ​រ និង​ក្រុម​ឧទ្ទាម នៅក្នុង​រដ្ឋ​រ៉ា​ខាន របស់​មី​យ៉ាន់​ម៉ា បានធ្វើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជាង​កន្លះ​លាន​នាក់ បាន​ចេញពី​ទីនោះ​ទៅកាន់​ប្រទេសជិតខាង ។

​អ្វី​គួរកត់សម្គាល់​នោះ ដោយសារតែ​វិបត្តិ​នេះ ម៉ាឡេស៊ី ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី ណា​ជីប​តែម្តង បាន​ប៉ះទង្គិច​ផ្នែក​ការទូត​ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជាច្រើនលើក​មកហើយ ។ ម៉ាឡេស៊ី កន្លងមក​មាន​ទាំង​ការប្រមូលផ្តុំ​ដើម្បី​ប្រឆាំង​របប​ដឹកនាំ​របស់​មី​យ៉ាន់​ម៉ា​ដែល​បង្កើត​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន និង ក៏​កំពុងតែ​ឈានដល់​លទ្ធភាព​មួយ​នៃ​ការកកើត​ជា​ក្រុម​ភេរវជន​នៅក្នុង​តំបន់​ផងដែរ​នោះ ៕


Tag:
 ម៉ាឡេស៊ី
  រ៉ូ​ហ៊ីង​យ៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com