កីឡាអន្តរជាតិ
អន្តរជាតិ
Matic ថា​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Mourinho ពិតជា​ពិបាក​ណាស់​
19, Mar 2018 , 10:39 pm        
រូបភាព
Nemanja Matic ខ្សែបម្រើ​ក្រុម Manchester United បាន​សារភាពថា ពិតជា​លំបាក​ណាស់​នៅពេល​ធ្វើការ​ក្រោម​ការដឹកនាំ​របស់លោក Jose Mourinho​។ តែ​យ៉ាងណា​សមាជិក​ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី​រូបនេះ បាន​ព្រមាន​ដល់​មិត្ត​រួម​ក្រុម​របស់ខ្លួន​ទាំងអស់​ឲ្យ​ពង្រឹង​សម្ថ​ភាព​ឡើងវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail​។​



Matic ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​៣​នាក់​រួមមាន Romelu Lukaku និង David De Gea ដែល​មិន​ត្រូវបាន​ស្តីបន្ទោស​ពី​ពី​អ្នកចាត់ការ​រហស្សនាម Special One ក្រោយ​ក្រុម​បិសាច​ក្រហម​បង្ហាញខ្លួន​មិនសូវ​ល្អ ហើយ​ធ្លាក់​ពី Champions League ត្រឹម​វគ្គ​១៦​ក្រុម ក្រោម​ថ្វី​ជើង Sevilla នោះ​។​

​ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ ធ្លាប់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Mourinho កាលពី​នៅ Chelsea និង​ធ្លាប់​លើក​ពាន Premier League ជាមួយគ្នា​ដែរ​កាលពី​រដូវ​កាល ២០១៤-២០១៥​។ ដោយសារ​ធ្លាប់​ធ្វើការ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ រូបគេ​ពិតជា​យល់ច្បាស់​ពី​ចរិត និង​ការចង់បាន​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។​

«​វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ធ្វើការ​ជាមួយ​គាត់ (Mourinho) ព្រោះ​គាត់​តែងតែ​ចង់បាន​កាន់តែ​ច្រើនឡើងៗ​»​។ នេះ​ជាការ​លើកឡើង​របស់ Matic នៅក្រោយ​ចប់​ការប្រកួត​ដែល Man Utd ឈ្នះ Brighton ២-០ ពាន FA Cup វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​



​អតីត​សមាជិក​ក្រុម Benfica បន្តថា​៖«​បើទោះបីជា​អ្នកឈ្នះ​លី​ក​រដូវ​កាល​នេះ តែ​គាត់​ចង់​ឈ្នះ​ម្តងទៀត​នៅ​រដូវ​កាល​ក្រោយ​។ គាត់​គឺ​អ៊ីចឹង ហើយ​កីឡាករ​ត្រូវតែ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​អ្វីដែល​គាត់​ចង់បាន​នេះ​។ គាត់​ពិសេស​ណាស់ ព្រោះ​គាត់​ចង់​ឈ្នះ​ជានិច្ច​។ អ្នក​អាច​យល់​នៅពេលដែល​យើង​ចាញ់​ការប្រកួត​គឺ​គាត់​មិនអាច​ទទួលយក​បានទេ​។ ប្រហែល​ទាំងនេះហើយ​ជា​មូល​ហេតុដែល​គាត់​អាច​ឈ្នះ​ច្រើនជាង ២០ ពានរង្វាន់​នៅក្នុង​ជីវិត​របស់គាត់​»​។​

​បើទោះបី Matic លើកឡើង​យ៉ាងនេះ​ក្តី ប៉ុន្តែ​រូបគេ​បង្ហាញ​អារម្មណ៍​ពេញចិត្ត​ពី​របៀប​ចាត់ការ​បែបនេះ​របស់ Jose​។​

«​ខ្ញុំ​ចូលចិត្ត​បែបនេះ​នៅពេលដែល​អ្នកចាត់ការ​ចង់​ឲ្យ​មាន​ភាពប្រសើរ​ជាង​មុន ហើយ​ដូច្នេះ​អ្នក​ត្រូវ​កែលម្អ​វា​។ ខ្ញុំ​ចូលចិត្ត​ប្រភេទ​ការងារ​ប្រភេទ​នេះ​។ ខ្ញុំ​រីករាយ​។ ខ្ញុំ​គិតថា​គាត់​គោរព​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​រាល់ថ្ងៃ​មិន​ត្រឹមតែ​នៅក្នុង​ការប្រកួត​នោះទេ ប៉ុន្តែ​ថែមទាំង​ពេល​ហ្វឹកហាត់​ទៀត​។ ខ្ញុំ​សប្បាយចិត្ត​ចំពោះ​រឿងនេះ​ហើយ​ខ្ញុំ​នឹង​បន្តធ្វើ​ដូចនេះ​»​។​


Tag:
 បាល់ទាត់​
  Nemanja Matic
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com