ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
«សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ» បើក​ដំណើរ​ចាប់​ពីថ្ងៃ​អង្គារ​នេះ
20, Mar 2018 , 6:30 am        
រូបភាព
ដោយ: រួបរួម
«​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ​» (Eco-Global Museum Samdech Techo Hun Sen- Preah Vihear) ដែល​ផ្តួចផ្តើមឡើង​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០០៨ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​យូ​ណ​ស្កូ ត្រូវ​បើកសម្ពោធ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែមីនា នេះ​។​



​ស្ថិតនៅ​តំបន់​ទីប្រជុំជន​សា​អែម នៃ​ខេត្តព្រះវិហារ «​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ​» (Eco-Global Museum Samdech Techo Hun Sen- Preah Vihear) បាន​លេចចេញ​ជា​រូបរាង​ឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​១០​ឆ្នាំ​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ​តំបន់​ព្រះវិហារ អាជ្ញាធរ​ព្រះវិហារ និង​អង្គ​ការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ (​យូណេស្កូ​)​។​



សារមន្ទីរ​ធម្មជាតិ​សកល​ដែល​ត្រូវ​សម្ពោធ​ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ត្រូវបាន​ចាត់ទុក​ដូចជា​កញ្ចក់​មួយ​ដែល​ពលរដ្ឋ​នៅ​តំបន់​ព្រះវិហារ អាច​ប្រើប្រាស់​ដើម្បី​ឆ្លុះបញ្ចាំង​ពី​អតីតកាល​របស់ខ្លួន ជាពិសេស​សហគមន៍​ជនជាតិភាគតិច​កួច​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​យូណេស្កូ សម្តេច ហ៊ុន សែន បាន​ផ្តួចផ្តើម​បង្កើត​សារមន្ទីរ​នេះ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០០៨ ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​អំពី​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​សម័យបុរាណ ហើយ​ព្រមទាំង​បង្ហាញ​អំពី​ជីវិត​សហគមន៍​ជនជាតិភាគតិច​កួច និង​ភាព​សម្បូរបែប​នៃ​បរិស្ថាន​ធម្មជាតិ​។​



ក្រៅពី​ការដាក់​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​ប្រមូល​មកពី​ប្រាសាទព្រះវិហារ និង​ប្រាសាទ​នានា​នៅក្នុង​តំបន់ សារមន្ទីរ​ធម្មជាតិ​សកល ក៏មាន​បង្ហាញ​នូវ​ប្រភេទ​សត្វ និង​រុក្ខជាតិ ដែលមាន​លក្ខណៈពិសេស និង​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ព្រមទាំង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​ដែល​ឆ្លុះបញ្ចាំង​ពី​សហគមន៍​ប្រជាជន​នៅក្នុង​តំបន់​ជនជាតិខ្មែរ និង​ជនជាតិភាគតិច​កួយ​។​

​បច្ចុប្បន្ន សារមន្ទី​នេះ កំពុង​រៀបចំ​នៅលើ​ផ្ទៃដី​១០​ហិច​តា ដោយមាន​ការដាក់​តាំង​បង្ហាញ​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និង​ធម្មជាតិ ហើយ​គោលដៅ​នា​ថ្ងៃ​អនាគត វា​នឹង​គ្របដណ្តប់​លើ​ផ្ទៃ​សរុប​១៧៧​ហិច​តា​៕





Tag:
 សារមន្ទីរ
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com