ជាតិ
ថៃ នឹង​ចាត់វិធានការ​តឹងរឹង លើ​ពលករ​ខុសច្បាប់ នៅ​ដើមខែ​មេសា​
20, Mar 2018 , 10:33 am        
រូបភាព
ទិដ្ឋភាព​ពលករ​​ខ្មែរ​ទទួល​​​​ឯកសារ​នៅ​​​​ក្នុងបរិវេណ​ស្ថានទូត​កម្ពុជា​​​​នៅក្នុងទីក្រុងបាងកក​ ប្រទេស​ថៃ​
ទិដ្ឋភាព​ពលករ​​ខ្មែរ​ទទួល​​​​ឯកសារ​នៅ​​​​ក្នុងបរិវេណ​ស្ថានទូត​កម្ពុជា​​​​នៅក្នុងទីក្រុងបាងកក​ ប្រទេស​ថៃ​
​ភ្នំពេញ​៖ ថៃ នឹង​ចាត់វិធានការ​តឹងរឹង ចំពោះ​ពលករ​បរទេស​ខុសច្បាប់​ទាំងអស់ ដែល​រស់នៅ​និង​ធ្វើការ​លើទឹក​ដី​ថៃ នៅ​ខែមេសា ខាងមុខនេះ​។ ការអនុវត្ត​វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​ថៃ បានរៀបចំ​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស កាលពី​ឆ្នាំ​២០១៧ និង​ទុកពេល​ឲ្យ​ពលករ​បរទេស​ទាំងអស់ រៀបចំ​ឯកសារ​ស្របច្បាប់ សម្រាប់​បំពេញការងារ​ក្នុង​ទឹកដី​ថៃ​។​



​ផុតពី​ថ្ងៃទី​៣១ មីនា​នេះ​ទៅ ពលករ​បរទេស​ទាំង​អស់ នឹង​ប្រឈមមុខ ជាមួយ​ចំណាត់ការ​តាមផ្លូវ​ច្បាប់​របស់​អាជ្ញា​ធរ​ថៃ​ហើយ​។ នេះ​ជាការ​បញ្ជាក់​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ដែល​បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ មិនទាន់​បំពេញ​ឯកសារ​ត្រឹមត្រូវ​នោះ ប្រញាប់​ទៅ​បន្ត​សុពលភាព​នៅ​ការិយាល័យ​ច្រកចេញ​-​ចូល​តែមួយ​របស់​ភាគី​ថៃ តាម​បណ្ដា​ខេត្ត​-​ក្រុង​ទាំងនោះ ឲ្យ​បាន​រួចរាល់​មុន​ថ្ងៃទី​៣១ មីនា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ចុះ​ថ្ងៃទី​១៩ មីនា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ភាគី​ថៃ​នឹង​បិទ​ដំណើការ​សុពលភាព​បណ្ណ​ស្នាក់នៅ និង​ធ្វើការ​បណ្ដោះអាសន្ន (​បណ្ណស៊ី​ជំ​ពូ និង​លិខិតបញ្ជាក់​ទំនាក់ទំនង​រវាង​ថៅកែ និង​ពលករ​) នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​ជា​កំហិត​។ ផុត​កាលកំណត់​បរិច្ឆេទ​ថ្ងៃទី​៣១ មីនា អាជ្ញាធរ​នឹង​ចាត់វិធានការ​យ៉ាង​តឹងរឹង​តាមច្បាប់ ចំពោះ​ពលករ​បរទេស​ទាំងអស់ ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​ឲ្យ​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​»​។​

​កន្លងមក​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានរៀបចំ​ក្រុមការងារ​ចល័ត និង​មជ្ឈមណ្ឌល​មួយចំនួន​បន្ថែមទៀត ដើម្បី​បង្កើនល្បឿន​ធ្វើឯកសារ​ស្របច្បាប់​ដល់​ពលករ​ខ្មែរ ។ ចំណែក​ភាគី​ថៃ ក៏បាន​កំណត់​ទីតាំង ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​ពលករ​ខ្មែរ និង​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ ហើយ​និង​ទិដ្ឋាការ​ការងារ​ឲ្យ​ពលករ​ខ្មែរ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​។​

​ក្រសួង​ការងារ បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ចំនួន ៣​កន្លែង ដែល​ក្រុមការងារ​ចល័ត​ចុះ​ធ្វើឯកសារ​ស្របច្បាប់​ជូន​ដល់​ពលករ​ខ្មែរ គឺ​នៅ​ទីក្រុង​បាងកក ខេត្ត​រ៉ាកយ៉ង និង​ខេត្ត​សុង​ខ្លា​។ ក្រសួង​ការងារ​បន្តថា ក្រុមការងារ​ចល័ត​បានធ្វើ​លិខិត​ធ្វើដំណើរ​( TD) និង​បណ្ណ​ពលករ​ខ្មែរ ធ្វើការ​នៅ​បរទេស ( OCWC) ដោយ​ក្នុង​មួយថ្ងៃ​ផ្ដល់ជូន​ពលករ​ខ្មែរ ពី ១,៧០០ ទៅ​១,៨០០​នាក់​។ បើតាម​ក្រសួង​ការងារ​ធ្លាប់​បញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ បច្ចុប្បន្ន​នៅសល់​ពលករ​ខ្មែរ ជាង​៣០​ម៉ឺន​នាក់​ទៀត ដែល​មិនទាន់​រៀបចំ​ឯកសារ​ឲ្យ​ស្របច្បាប់​ប្រទេស​ថៃ​។​
អត្ថបទទាក់ទង


​កាលពី​ថ្ងៃទី​៥ ខែមីនា នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានបង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​ការយឺតយ៉ាវ​ក្នុងការ​ផ្ដល់​ឯកសារ​ស្របច្បាប់​ដល់​ពល​ករប​រទេស​ខុសច្បាប់​រាប់សែន​នាក់ ដែល​កំពុងធ្វើការ​នៅលើ​ទឹកដី​ថៃ​។ លោក ប្រា​យុទ្ធ ខឹង​បែបនេះ បន្ទាប់ពី​មន្ត្រី​ក្រសួង​ការងារ​លោក Anurak Thossarat បាន​ប្រាប់​លោក​ថា ការងារ​ផ្ដល់​ឯកសារ​នេះ​មាន​ដំណើការ​យឺត ព្រោះតែ​ម៉ាស៊ីន​ស្កេ​ន​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ពលករ មាន​មិន​គ្រប់គ្រាន់​។ លោក ប្រា​យុទ្ធ ក៏បាន​គំរាម​ចាប់ខ្លួន​ពលករ​ខុសច្បាប់​ទាំងអស់ បើ​ពួកគេ​មិនអាច​បំពេញ​ឯកសារ​ឲ្យ​ទាន់​ការកំណត់​នៅក្នុង​ខែមិថុនា​ទេនោះ​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ លោក Anurak ពលករ​ចំនួន​៩៨៨ ៧៩៨​នាក់ បាន​ចុះឈ្មោះ​បញ្ជាក់​សញ្ជាតិ​របស់​ពួកគេ​រួចរាល់​ហើយ ក្នុងនោះ​ពលករ​មី​យ៉ាន់​ម៉ា​មាន​ចំនួន​៧៨៤ ០៩១​នាក់ កម្ពុជា​ចំនួន​១៥៧២៣២​នាក់ និង​ឡាវ​ចំនួន​៤៧ ៤៧៥​នាក់​។ នៅសល់​ពលករ​ចំនួន​ប្រមាណ​ជិត​៧​សែន​នាក់​ទៀត ដែល​មិនទាន់​ទៅ​បញ្ជាក់​អត្តសញ្ញាណ​នៅឡើយ ហើយ​ពួកគេ​មាន​ពេល​ត្រឹម​ខែមិថុនា​ដើម្បី​បំពេញ​ឯកសារ​ចាំបាច់ និង​អាច​បន្ត​ធ្វើការ​នៅ​ថៃ​បាន​ពីរ​ឆ្នាំ​ដោយ​ស្របច្បាប់​៕


Tag:
 ពលករ​
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com