ជាតិ
កម្ពុជា-រុស្សី ចុះកិច្ចព្រមព្រៀង ដើម្បីជួយគ្នាលើការបោះឆ្នោត លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប
× គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជា និងគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតរបស់សហព័ន្ធរុស្សី បានចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលថ្មីៗនេះ ដើម្បីជួយគ្នាទៅវិញទៅមកលើការងារបោះឆ្នោត។ ការចុះអនុស្សារណៈនេះ ធ្វើឡើងនៅប្រទេសរុស្សី ពេលដែលគណៈប្រតិភូកម្ពុជា ទៅចូលរួមសង្កេតការណ៍លើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សី នាអាណត្តិថ្មី ដែលទើបនឹងបញ្ចប់កាលពីប៉ុន្មានថ្ងៃមុន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា រុស្សី អាចនឹងបញ្ជូនអ្នកសង្កេតការណ៍ ឬអ្នកជំនាញមកជួយកម្ពុជាវិញ នៅពេលការបោះឆ្នោតនាពេលខាមុខ មកដល់។ លោក បញ្ជាក់បែបនេះថា៖«ពេលគេមានកិច្ចការ គេហៅយើង ឲ្យទៅជួយ ហើយដល់ពេលយើង មានកិច្ចការ យើងហៅគេ ឲ្យមកជួយវិញ»។
យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា មិនអាចបញ្ជាក់បាននោះទេ ថា រុស្សី នឹងផ្តល់ជំនួយជាថវិកា ឬសម្ភារៈ មកឲ្យកម្ពុជា យ៉ាងណា សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ អ្នកនាំពាក្យរូបនេះ និយាយដូច្នេះថា៖«យើង មិនទាន់ដឹងទេថា គេ នឹងជួយអ្វីខ្លះមកឲ្យយើង។ ចាំមើលតិចទៀតសិន»។
តំណាងនៃស្ថានប័នបីពីកម្ពុជា ដែលរួមមានព្រឹទ្ធសភា រដ្ឋសភា និងគ.ជ.ប ត្រូវបានចាត់តាំងឲ្យធ្វើជាគណៈប្រតិភូ ទៅកាន់ប្រទេសរុស្សី ដើម្បីចូលរួមសង្កេតការណ៍លើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្សី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២0១៨។ ជាលទ្ធផល លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបន្តជាប់ឆ្នោតធ្វើជាប្រធានាធិបតីដដែល។
គណៈប្រតិភូកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសរសើរពីការបោះឆ្នោត នៅរុស្សី ថារៀបចំបានត្រឹមត្រូវ និងមានលក្ខណៈអន្តរជាតិ។ សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់បែបនេះថា៖«គណប្រតិភូកម្ពុជា សូមអះអាងយ៉ាងមុតមាំថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសហព័ន្ធរុស្សី គឺមានលក្ខណៈសេរី យុត្តិធម៌ និងតម្លាភាព»៕
Tag:
រុស្សី
កម្ពុជា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com