អន្តរជាតិ
ប្រទេស​បួន ជិត​រួច​ផុតពី​បញ្ជី​ចំណាត់ថ្នាក់​ប្រទេស​ក្រីក្រ​និង​ទន់ខ្សោយ​បំផុត​របស់ UN
20, Mar 2018 , 2:32 pm        
រូបភាព
លោក José Antonio Ocampo (កណ្ដាល) ក្នុងសន្និសីទសារព័ត៌មាន (រូបភាព៖ UN News Center)
លោក José Antonio Ocampo (កណ្ដាល) ក្នុងសន្និសីទសារព័ត៌មាន (រូបភាព៖ UN News Center)
ដោយ:
​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ បានចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​លទ្ធភាព នៃ​ការ​អាច​រួច​ផុតពី​បញ្ជី​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​របស់​បណ្តា​ប្រទេស​ចំនួន​បួន​នៅក្នុង​តំបន់​អាហ្វ្រិក អាស៊ី​ប៉ាស៊ីហ្វិក និង​អាមេរិក​ឡាទីន ។ ការមើលឃើញ​ពី​លទ្ធភាព​នេះ ផ្នែក​ទៅលើ​ទំហំ និង​កំណើនសេដ្ឋកិច្ច ក៏ដូចជា ភាព​លូតលាស់​នៃ​សុខ​មាល​សង្គម​ផងដែរ ។



​ប្រធាន​គណៈកម្មាធិការ​ជំនាញ​សម្រាប់​គោលនយោបាយ​អភិវឌ្ឍរ​បស់​អង្គការសហប្រជាជាតិ​លោក Jose Antonio Ocampo នា​ចុង​សប្តាហ៍​មុន បានចេញ​របាយការណ៍​មួយ​ស្តីពី​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច ឬ​ក្រីក្រ​បំផុត​របស់​ពិភពលោក ។ តាម​របាយការណ៍​នោះ ប្រទេស​បួន​រួមមាន ប៊ូ​តង់​, គី​រី​បាទី​, សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប និង​កោះ​សូ​ឡូ​មន អាច​នឹង​រួច​ផុតពី​បញ្ជី​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​បាន​នាពេលខាងមុខ​ដ៏​ខ្លី ។

​តាម​របាយការណ៍​ដដែល​នោះ ការណ៍ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង​បួន អាច​នឹង​ចាក​ចេញពី​ប្រទេស​ក្រោម​បន្ទាត់​ក្រីក្រ​បាន ដ្បិត ប្រទេស​ទាំងនេះ មាន​កំណើនសេដ្ឋកិច្ច និង​ពិសេស​នោះ មាន​ការវិវត្ត​ល្អប្រសើរ​លើ​វិស័យ​ថែទាំ​សុខភាព និង​ការអប់រំ​ជាដើម ។

​អ្វីដែល​គួរកត់សម្គាល់ តាម​ការលើកឡើង​រប​ស់​ប្រធាន​គណៈកម្មាធិការ Jose Antonio Ocampo នេះ គឺជា​ឱកាស​ប្រវត្តិសាស្ត្រ​មួយ​ហើយ ដែលមាន​ប្រទេស​បួន អាច​រួច​ផុតពី​បញ្ជី​នៃ​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក នៃ​អង្គការសហប្រជាជាតិ  គិត​ចាប់តាំងពី​ការបង្កើត​គណៈកម្មាធិកា​រ​វាយតម្លៃ​ប្រទេស​ក្រីក្រ​បំផុត នៅ​ឆ្នាំ​១៩៧១​នោះ ។

​គួរ​ជម្រាប​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃ​១៥ មីនា ឆ្នាំ​២០១៨ អង្គការសហប្រជាជាតិ បានដាក់​ប្រទេស​ចំនួន ៤៧ ក្នុង​បញ្ជី​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច ឬ​ក្រីក្រ​បំផុត​របស់​ពិភពលោក ដែល​ក្នុងនោះ មាន​ប្រទេស​តំបន់​អាហ្វ្រិក ៣៣, អាស៊ី​ប៉ាស៊ីហ្វិក ចំនួន ១៣ និង អាមេរិក​ឡាទីន ចំនួន ០១ ។ កម្ពុជា ក៏​ស្ថិតនៅ​ក្នុងចំណោម​បញ្ជី​នៃ​បណ្តា​ប្រទេស​ទាំងនោះ​ផងដែរ ៕


Tag:
 UN
  ចំណេះដឹង​ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com