កីឡាជាតិ
ជាតិ
ក្រុមកីឡា​បេ​ស្ប​ល​កម្ពុជា​ប្រឈម​នឹង​កង្វះខាត ខណៈ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​ទី​៣២
20, Mar 2018 , 3:04 pm        
រូបភាព
យុវជន​កម្ពុជា​ឈរជា​ជួរ​ដើម្បី​ត្រៀម​ចូល​លេង​កីឡា​បេស្បល​នៅ​ទីលាន​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូង​​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)
យុវជន​កម្ពុជា​ឈរជា​ជួរ​ដើម្បី​ត្រៀម​ចូល​លេង​កីឡា​បេស្បល​នៅ​ទីលាន​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូង​​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ខណៈដែល​កម្ពុជា​ត្រៀម​យក​កីឡា​បេ​ស្ប​ល (Baseball) ដាក់​ក្នុង​ការប្រកួត​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ស៊ី​ហ្គេម (SEA Game) នៅ​ឆ្នាំ​២០២៣ ពេល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ធនធាន​ដូចជា​ថវិកា សម្ភារៈ និង​គ្រូបង្វឹក​សម្រាប់​កីឡា​នេះ​នៅមាន​ការខ្វះខាត​នៅឡើយ​។ ការណ៍​នេះ​ជាការ​ប្រឈម​មួយ​ដ៏​ធំ​ក្នុងការ​ហ្វឹកហាត់​របស់​យុវជន​ទូទាំងប្រទេស​។



​ថ្លែង​នៅក្នុង​ការប្រកួត​បេ​ស្ប​ល​កាលពី​សប្តាហ៍​កន្លងទៅ ដែលមាន​ការចូលរួម​ពី​លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ញ៉ែម ថ្ថា​វី នៃ​សហព័ន្ធ​កីឡា​បេ​ស្ប​ល​កម្ពុជា បាន​និយាយថា គ្រូបង្វឹក​ជនជាតិខ្មែរ​នៅ​មិនទាន់មាន​នោះទេ ដោយសារ​មិនមាន​អ្នកណា​ចេះ​កីឡា​បេ​ស្ប​ល​នេះ​នៅឡើយ​។ ចំណែក​ចំនួន​គ្រូបង្វឹក​ជនជាតិ​បរទេស​ក៏​នៅមាន​ខ្វះខាត​នៅតាម​ខេត្ត​។​

​លោក​បាន​និយាយថា​៖

«​យើង​ខ្វះខាត​សម្ភារៈ ហើយនឹង​អ្នក​ដែល​ជួយ ពីព្រោះ​ខ្មែរ​យើង​អត់​ទាន់​មាន​អ្នកស្ម័គ្រចិត្ត ព្រោះ​គេ​មិនដែល​ស្គាល់​កីឡា​នេះ​។ យើង​ពឹង​ផ្អែកទៅលើ​ជនបរទេស​ដែល​ចូលមក​យើង​»​។​



​លោក​បាន​បន្តថា រហូតមកដល់​ពេលនេះ ក្រុមយុវជន​លេង​កីឡា​បេ​ស្ប​ល​បាន​កើនឡើង​ចំនួន​១៤​ក្រុម នៅ​ទូទាំងប្រទេស ហើយ​លោក​គ្រោង​នឹង​ពង្រីក​ឲ្យ​បាន​២០​ក្រុម​ក្នុង​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ធនធានមនុស្ស រួមទាំង​ឧបករណ៍​មានការ​ខ្វះខាត ដោយ​បច្ចុប្បន្ននេះ​គ្រូបង្វឹក​មានតែ​ប្រាំ​នាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​សុទ្ធតែជា​ជនជាតិ​អាមេរិកាំង​។​

​កីឡា​បេ​ស្ប​ល​ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០២ នៅក្នុង​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយ​លោក Joe Cook ជនជាតិខ្មែរ​អាមេរិកាំង​។ ក៏ប៉ុន្តែ​បាន​បរាជ័យ​ទៅវិញ អំឡុង​ឆ្នាំ​២០០៩​។ រហូតដល់​ឆ្នាំ​២០១០​ទើប​លោក ញ៉ែម ថ្ថា​វី បាន​ព្យាយាម​ប្រមូលផ្តុំ​យុវជន និង​ស្តារ​កីឡា​បេ​ស្ប​ល​ឡើងវិញ ហើយ​បាន​ចុះឈ្មោះ​កីឡា​នេះ​ជាមួយ​ក្រសួង​អប់រំ យុវជន​និង​កីឡា​អំឡុង​ឆ្នាំ​២០១១​។​



​ទោះបីជា​យ៉ាងណាក៏ដោយ លោក ញ៉ែម ថ្ថា​វី បាន​បន្តថា លោក​សង្ឃឹមថា នឹង​បញ្ជូន​កីឡាករ​កម្ពុជា​នេះ​ទៅ​ប្រកួត​ជាមួយ​បរទេស ជាពិសេស​កីឡា​ស៊ី​ហ្គេម​ក្នុង​ឆ្នាំ​២០១៩ ប្រសិនបើ​មាន​អ្នក​ឧបត្ថម្ភ​គ្រប់គ្រាន់​។ ប៉ុន្តែ​លោក​មាន​សុទិដ្ឋិនិយម ថា នឹង​នាំ​កីឡា​បេ​ស្ប​ល​កម្ពុជា​ចូល​ប្រកួត​ស៊ី​ហ្គេម​ក្នុង​ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​បាន​និយាយថា​៖

«​យើង​នឹង​សង្ឃឹមថា យើង​អាចឈាន​ជើង​ទៅ​ប្រកួត​ជាមួយ​គេ​នៅ​បរទេស ជាពិសេស​នៅក្នុង​ឆ្នាំ​២០១៩​ដែល​នឹងមាន​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន បាទ​។ ប៉ុន្តែ​ហ្នឹង​ត្រូវការ​ឧបត្ថម្ភ​ពី Sponsor (​អ្នករ៉ាប់រង​) ឬមួយ​ពី​រដ្ឋាភិបាល​តែម្តង​។ យើង​នេះ​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​ទី​៣២​នៅក្នុង​ឆ្នាំ​២០២៣​ដែល​ប្រទេស​យើង​នឹង​ជា​ម្ចាស់ផ្ទះ​»​។​



​លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ខណៈដែល​លោក​បានមក​ទស្សនាការ​ប្រកួត​កីឡា​បេ​ស្ប​ល​នៅ​ខេត្តកំពង់ធំ កាលពី​ថ្ងៃអាទិត្យ​នេះ ថា លោក​មានការ​ចាប់អារម្មណ៍​ចំពោះ​ការស្វែងរក​អ្នកស្ម័គ្រចិត្ត ដើម្បី​បង្វឹក​យុវជន​បន្ថែម ហើយ​លោក​នឹងធ្វើ​ការពិចារណា​ស្វែងរក​ជន​ស្ម័គ្រចិត្ត រួមទាំង​ឧបករណ៍​ផ្សេងៗ​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមកីឡា​បេ​ស្ប​ល​កម្ពុជា​។​

​លោក William Heidt បាន​និយាយថា​៖

«​នៅ​អាមេរិកាំង​មាន​អ្នកលេង​កីឡា​បេ​ស្ប​ល​នេះ​ជាច្រើន​លាន​នាក់ អីចឹង​យើង​នឹង​ស្វែងរក​ជំនួយ​ផ្នែក​អ្នក​បង្វឹក​ស្ម័គ្រចិត្ត ជាពិសេស​គឺ​ឧបករណ៍ ដោយសារ​មាន​ក្មេង​អាមេរិកាំង​ជាច្រើន​លេង​កីឡា​នេះ ហើយ​ក៏មាន​ឧបករណ៍​ជាច្រើន​ដែរ​»​។​



​ការលេង​កីឡា​នេះ​បានផ្តល់​ប្រយោជន៍​ច្រើនយ៉ាង​ដល់​យុវជន និង​ប្រទេស​កម្ពុជា​។ លោក ញ៉ែម ថ្ថា​វី បាន​និយាយថា កីឡា​បេ​ស្ប​ល​នេះ​បាន​ជួយ​នាំ​យុវជន​មកជួប​ជុំគ្នា​ដើម្បី​ហ្វឹកហាត់​ជា​រៀងរាល់​ចុង​សប្តាហ៍ ដែល​ការណ៍​នេះ​បាន​កាត់បន្ថយ​អំពើ​អបាយមុខ​ផ្សេងៗ​។ មិនតែប៉ុណ្ណោះ​វា​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ខេត្តកំពង់ធំ​កាន់តែច្រើន​ជាង​មុន​ផងដែរ​។​

​ខណៈ​កំពុង​រង់ចាំ​វេន​របស់ខ្លួន​ដើម្បី​ចូល​ប្រកួត កាលពី​ថ្ងៃអាទិត្យ យុវ​សិស្ស ហ៊​ន សុ​វណ្ណា​រាជ មកពី​វិទ្យាល័យ​ទួល​ស្វាយព្រៃ ក្នុង​រាជធានី​ភ្នំពេញ ដែល​បានមក​ប្រកួត​កីឡា​បេ​ស្ប​ល​នៅក្នុង​ខេត្តកំពង់ធំ បាន​និយាយប្រាប់ VOA ថា កីឡា​នេះ​ប្លែក​ពី​កីឡា​ផ្សេងទៀត ហើយ​ថែមទាំង​អាច​បញ្ចៀស​យុវជន​ចេញ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

«​វា​ខុសពី​គេ​។ វា​ខុសប្លែក ហើយ​វា​អាចជួយ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​ឡើង​ក្នុង​វិស័យ​ផ្នែក​កីឡា​»​។​

​កីឡា​បេ​ស្ប​ល (Baseball) ជា​កីឡា​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក​តាំងពី​សតវត្សរ៍​ទី​១៨ ហើយ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ឡើង​ក្នុង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com