អន្តរជាតិ
​រមាស​ស​ឈ្មោល​ពូជ​ខាងជើង​ដែលមាន​តែមួយគត់ បាត់បង់​ជីវិត​ក្នុង​អាយុ​៤៥​ឆ្នាំ​
20, Mar 2018 , 3:09 pm        
រូបភាព
រមាសសឈ្មោះ Sudan បង្ហាញវត្តមាននៅការប្រកួត Cricket មួយកាលពីឆ្នាំ​២០១៧ ប៉ុន្តែវាបានបាត់បង់ជីវិតហើយក្នុងអាយុ៤៥​ឆ្នាំ។ រូបថត AFP
រមាសសឈ្មោះ Sudan បង្ហាញវត្តមាននៅការប្រកួត Cricket មួយកាលពីឆ្នាំ​២០១៧ ប៉ុន្តែវាបានបាត់បង់ជីវិតហើយក្នុងអាយុ៤៥​ឆ្នាំ។ រូបថត AFP
ដោយ: រួបរួម
​សត្វ​រមាស​ស​ឈ្មោល​ពូជ​ខាងជើង (Male Northern White Rhino) ចុងក្រោយ​តែមួយគត់​លើ​ពិភពលោក បាន​បាត់​បង់ជីវិត​ក្នុង​អាយុ​៤៥​ឆ្នាំ នៅក្នុង​ប្រទេស​កេ​ន​យ៉ា​។ នេះ​បើតាម​ការអះអាង​របស់​ក្រុម​អ្នក​ចិញ្ចឹម កាលពី​ថ្ងៃ​អង្គារ ដោយ​បច្ចុប្បន្ន ពូជ​រមាស​ស​ខាងជើង នៅសល់តែ​ញី​ពីរ​ក្បាល​ទៀត​ប៉ុណ្ណោះ​។​



​ក្រុម​អភិរក្ស Ol Pejeta Conservancy រមាស​ស ដែលមាន​ឈ្មោះថា «Sudan» នោះ បាន​បង់ជីវិត​ដោយ​សារភាព​ចាស់ជរា និង​ជំងឺ​ជាច្រើន​។ កន្លងមក វា​ត្រូវបាន​ចិញ្ចឹម​បីបាច់ និង​ថែរក្សា យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​មរណភាព​របស់ Sudan បានបង្ហាញ​ពី​ការ​ផុត​ជីវិត​នៃ​រមាស​ស​ពូជ​ខាងជើង ប៉ុន្តែ​បច្ចុប្បន្ន​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ទាញយក​សេនេទិច​របស់​វា ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បង្ក​កំណើត​ក្នុង​កែវ (in-vitro fertilization/IVF) ក្នុង​គោលបំណង​ទប់ស្កាត់​ការវិនាស​ផុត​ពូជ​របស់​សត្វ​ប្រភេទ​នេះ​។​

​យោងតាម AFP រមាស​ស​ខាងជើង ធ្លាប់​មាននៅ​អ៊ូ​ហ្គ​ង់​ដា សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ស៊ូដង់ និង​ឆាត ប៉ុន្តែ​វា​ត្រូវ​រង់​ការបាញ់សម្លាប់​រង្គាល​កាលពី​អំឡុង​ឆ្នាំ​១៩៧០ និង​៨០ ដោយសារ​តម្រូវការ​ឪ​សថ​បុ​រណ​បែប​ចិន នៅ​អាស៊ី ទាំងមូល​។​

​ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៨ រមាស​ស​ខាងជើង ចន្លោះ​ពី​២០ ទៅ​៣០​ក្បាល ត្រូវបាន​សម្លាប់​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ ចុងក្រោយ​បំផុត គេ​រកឃើញ​អំបូរ​សត្វ​នេះ សល់​តែ​៤​ក្បាល​គត់ ដែល​ក្នុងនោះ មាន​ឈ្មោល​២ និង​ញី​២ នៅ​សួនសត្វ Dvur Kralove Zoo នៅ​សាធារណរដ្ឋ​ឆេ​ក បន្ទាប់មក ត្រូវបាន​ផ្ទេរ​ទៅកាន់ Ol Pejeta ប្រទេស​កេ​ន​យ៉ា​។​

​រមាស​ស​មួយ​ក្បាល​ទៀត ដែលមាន​ឈ្មោះ Suni បាន​បាត់​បង់ជីវិត​កាលពី​ខែតុលា ឆ្នាំ​២០១៤ កន្លងមក​៕


Tag:
 រមាស​ស​
  កេ​ន​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com