ជាតិ
មន្ត្រី​ទាំង​អស់នៃ​មជ្ឈមណ្ឌល​កំចាត់មីន ត្រូវបាន​បញ្ចូល​ក្នុង​ក្របខណ្ឌ​រដ្ឋ​
20, Mar 2018 , 3:32 pm        
រូបភាព
រូបពីហ្វេសបុក Heng Ratana
រូបពីហ្វេសបុក Heng Ratana
ដោយ: ថ្មីៗ
​រដ្ឋាភិបាល សម្រេច​បញ្ចូល​មន្ត្រី​និង​បុគ្គលិក​ទាំង​អស់នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ទៅក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ​។ នេះ​បើតាម​សារ​របស់លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២0 ខែមីនា ឆ្នាំ​២0១៨​។



​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ហេង រតនា បាន​អរគុណ​ប្រមុខ​រដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​ឲ្យ​មន្ត្រី​ស៊ីម៉ាក់ បាន​ចូលក្នុង​ក្របខណ្ឌ​រដ្ឋ​។ លោក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ការបញ្ចូល​ក្របខណ្ឌ​មន្ត្រី​ស៊ីម៉ាក់​នេះ ជា​គុណបំណាច់ ដែល​ពួកគេ បាន​បំរើ​ការងារ​កំចាត់មីន​ជាង​២៥​ឆ្នាំ​ហើយ ដោយ​អ្នកខ្លះ ក៏​ធ្លាប់មាន​អតីត​ភាពជា​កងកម្លាំង​ប្រដាប់អាវុធ​ផងដែរ​»​។

​បន្ថែម​ពីលើ​សារ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក លោក ហេង រតនា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ទោះជា​ត្រូវបាន​បញ្ចូល​ក្នុង​ក្របខណ្ឌ​នៃ​ក្រសួងការពារជាតិ​ក្តី ប៉ុន្តែ​មន្ត្រី​និង​បុគ្គលិក​ទាំងអស់​របស់​ស៊ីម៉ាក់ មិនមែនជា​កងទ័ព ហើយ​មាន​សក្តិ​ពាក់​នោះទេ​។ លោក បន្ថែមទៀតថា ចំណែក​ប្រាក់ខែ ពួកគេ នៅតែ​បើក​ពី​ស៊ីម៉ាក់​ដដែល  មិនមែន​បើក​ពី​ក្រសួងការពារជាតិ​ឬ​ពី​ស្ថាប័នរដ្ឋ​ណាមួយ​ឡើយ​។

​អគ្គនាយក​ស៊ីម៉ាក់​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​អត្ថប្រយោជន៍ គឺ​ពួកគេ ទទួលបាន​ប្រាក់​សោធន​និវត្តន៍ ពីរ​ដ្ឋ​។ កន្លងមក​ពួកគេ មិន​ទទួល​បានទេ ព្រោះ​មិនមែនជា​ក្របខណ្ឌ​រដ្ឋ​។ មាន​អ្នកខ្លះ ជួប​ការលំបាក់​នឹង​ជីវភាព ពេល​ចូល​និវត្ត ដោយសារ​មិន​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​»​។
 
​បើតាម​លោក ហេង រតនា បច្ចុប្បន្ន មន្ត្រី​និង​បុគ្គល​របស់​ស៊ីម៉ាក់ មាន​ប្រមាណ ១៨00​នាក់​៕



Tag:
 ស៊ីម៉ាក់​
© រក្សាសិទ្ធិដោយ thmeythmey.com