អត្ថបទពាណិជ្ជកម្ម
​តារា​សម្តែង​អន្តរជាតិ​ដ៏​ល្បីឈ្មោះ លោកស្រី Michelle Yeoh បាន​ចូលរួម​ផ្សព្វផ្សាយ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្តសៀមរាប​
20, Mar 2018 , 4:16 pm        
រូបភាព
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា តាមរយៈ មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​វិនិយោគ​សហគមន៍ ព្រមទាំង​លោកស្រី Michelle Yeoh ទូត​សុ​ឆន្ទៈ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក SAFE STEPS កាលពី​ម្សិលមិញ​នេះ បាន​ចែករំលែក​អំពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ដងផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រោម​ភាពជា​ដៃគូ​ជាមួយ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​
 
​ព្រឹត្តិការណ៍​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ហឹម យ៉ាន់ អគ្គ​ស្នងការរង​នគរបាលជាតិ រួមជាមួយ​នឹង​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា និង​ធនាគារ​អេស៊ីលីដា​។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា​៖ ”​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏ លោកស្រី Michelle Yeoh និង​ក្រុមហ៊ុន Prudential ក៏​ដូច Prudence Foundation ដែល​បាន​ចូលរួម​ទាំងអស់គ្នា​ជាមួយ​លោកគ្រូ​អ្នកគ្រូ សិស្ស​ស្សានុសិស្ស​ឲ្យ​យល់​ពី​ច្បាប់​ចរាចរណ៍​”​។ ឯកឧត្តម បាន​បន្ថែមទៀតថា​៖ “Michelle ជិះ​យន្តហោះ​ពី​ប្រទេស​បារាំង​មកពី Paris ដើម្បី​ចូលរួម នេះ​សំខាន់​ណាស់​។ យើង​យក​ផ្នែក​ឯកជន​ជា​ដៃគូរ​របស់​យើង​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​”​។​



​លោកស្រី Michelle Yeoh មាន​ភាពល្បីល្បាញ​តាមរយៈ​ការសម្ដែង​របស់លោក​ស្រី ក្នុង​ភាពយន្ត​អន្តរជាតិ​ដូចជា រឿង “Crouching Tiger, Hidden Dragon” និង​ការសម្ដែង​របស់លោក​ស្រី នៅក្នុង​សាច់រឿង​ភាគ​ថ្មី​បំផុត​នៃ​ខ្សែភាពយន្ត​បែប​វិទ្យាសាស្ត្រ  Star Trek ។​
 
​លើសពីនេះទៅទៀត លោកស្រី Michelle Yeoh នៅតែ​ជា​ជើងឯក​ដ៏​ស្វាហាប់ ខាង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អស់​រយៈពេល​មួយ​ទសវត្សរ៍​មកហើយ​។ លោកស្រី​ក៏​ជា​ទូត​សុ​ឆន្ទៈ​របស់​អង្គការ UNDP ជា​អ្នកនាំពាក្យ​នៃ​គណៈកម្មការ​ជាន់ខ្ពស់​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​សហព័ន្ធ​យានយន្ត​អន្តរជាតិ​(FIA) និង​ជា​ទូត​សុ​ឆន្ទៈ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល សម្រាប់​ទសវត្សរ៍​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​២០១១-២០២០ របស់​អង្គការសហប្រជាជាតិ​។ លោកស្រី​បានទទួល​តួនាទី​ជា​ទូត​សុ​ឆន្ទៈ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក SAFE STEPS ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​មិន​យកប្រាក់​កម្រៃ​។​


​អ្នកស្រី Michelle Yeoh បាន​មានប្រសាសន៍ថា​៖ "​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោមនស្ស​រីករាយ​ណាស់​ដែល​បាន​មាន​វត្ត​មាននៅ​ខេត្តសៀមរាប នា​ថ្ងៃនេះ​។ ក្នុង​ខែ​នេះ គឺ​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ការចូលរួម​ធ្វើជា​អគ្គរដ្ឋទូត​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​មូល​ហេតុថា​មាន​មនុស្ស​១​លាន​៣​សែន​នាក់​បាត់បង់​អាយុជីវិត​នៅលើ​ដងផ្លូវ ៥០​លាន​នាក់​រងរបួស និង​កុមារ​៥០០​នាក់​បាត់បង់​ជីវិត​រៀងរាល់​ថ្ងៃ ហើយ​ថ្ងៃនេះ​ខ្ញុំ​បាន​ស្វែងយល់ថា មាន​មនុស្ស​៥​នាក់​បាត់​បង់ជីវិត​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​គឺជា​សោកនាដកម្ម និង​ជាការ​បាត់បង់​អាយុជីវិត​ដែល​មិនគួរ​កើតឡើង​សោះឡើយ​។ យើង​មាន​មធ្យោបាយ​និង​វិធីសាស្ត្រ​ការពារ​ជាច្រើន​ដែល​យើង​អាច​ប្រើ​ដើម្បី​បញ្ឈប់​សោកនាដកម្ម​ទាំងអស់នេះ កុំឱ្យ​កើតមាន​។​



" អ្នកស្រី Michelle Yeoh បាន​បន្ថែមថា​៖ "​យើង​បាន​ឈរ​នៅតាម​ដងផ្លូវ​ដើម្បី​ចែក​មួកសុវត្ថិភាព ហើយ​ខ្ញុំ​ដឹងថា នេះ​គឺជា​អ្វីមួយ​ដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី [​ស៊ុន ចាន់ថុល​] បាននិងកំពុង​ធ្វើ​មួយរយៈ​មកហើយ​។ ហើយ​ការស្វែងរក​ដៃគូ​សហកា​រ​ដ៏​ល្អ​ដូចជា ព្រូ​ដិ​នស​ល តាមរយៈ​មូលនិធិ ព្រូ​ដិ​នស៍ គឺជា​កិច្ចការ​ដ៏​សំខាន់ ដែល​អនុញ្ញាតឱ្យ​វិស័យ​ឯកជន​និង​វិស័យ​រដ្ឋ​អាច​ភ្ជាប់​ទំនាក់ទំនង​ទៅវិញទៅមក ពីព្រោះ​នេះ​គឺជា​អ្វីមួយ​ដែល​យើង​ត្រូវ​ដោះស្រាយ ហើយ​យើងទាំងអស់គ្នា​ត្រូវតែ​ប្តេជ្ញាចិត្ត ធ្វើ​កិច្ចការ​នេះ​រួមគ្នា​។​"
 
​សម្រាប់​ព្រឹត្តិការណ៍​វិធានការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចុងក្រោយ​នេះ ដែល​ធ្វើឡើង​នៅក្នុង​ខេត្តសៀមរាប លោកស្រី Yeoh និង​អ្នកស្ម័គ្រចិត្ត​ជាច្រើន​មកពី​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា​ព្រមទាំង​អង្គការ​ផ្សេងៗ​ទៀត បាន​ចុះ​ទៅដល់​ចំណុច​ផ្លូវ​ប្រសព្វ​ដែលមាន​ចរាចរណ៍​កកកុញ និង​ចុះ​ទៅដល់​សាលាបឋមសិក្សា គ្រួស ដែល​ឋិត​នៅក្នុង​ក្រុង​ដ៏​ធំ​លំដាប់​ទី​ពីរ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​វិធានការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ត្រូវបាន​ផ្តោត​ជាពិសេស​ទៅលើ​ការពាក់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ​ម៉ូតូ និង​ទៅលើ​ការយល់ដឹង​និង​គោរព​ច្បាប់​ចរាចរណ៍​និង​ល្បឿន​កំណត់​។​
 
​លោកស្រី Michelle Yeoh ក៏បាន​ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​សាលាបឋមសិក្សា គ្រួស ដើម្បី​ផ្ដល់នូវ​ដំបូន្មាន​ដល់​សិស្សានុសិស្ស ក្នុង​ការបណ្ដុះ​ផ្នត់គំនិត​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាំងពី​នៅ​វ័យ​កុមារ និង​ការអនុវត្ត​វិធានការ​សាមញ្ញៗ​ប្រចាំថ្ងៃ ដើម្បី​ជួយ​ឱ្យ​ពួកគេ ក្រុមគ្រួសារ និង​សហគមន៍ រក្សាបាន​នូវ​សុវត្ថិភាព​នៅតាម​ដងផ្លូវ​។​


 
​លោក David Nutman អគ្គនាយក​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅតែ​ជា​មូលហេតុ​លេខ​មួយ ដែល​បង្ក​មរណភាព​ក្នុងចំណោម​មនុស្ស អាយុ​ចន្លោះ ១៥ និង ២៩ ឆ្នាំ នៅក្នុង​បណ្ដា​ប្រទេស​នៅ​អាស៊ី ដែល​ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។ យើង​ជឿជាក់ថា​កម្មវិធី​នេះ នឹង​ជួយ​លើកកម្ពស់​សា្មរ​តី​បាន​យ៉ាង​ប្រសើរ អំពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុងប្រទេស​កម្ពុជា​។​” កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក SAFE STEPS គឺជា​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្កើតឡើង​ដោយ​មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​វិនិយោគ​សហគមន៍​ប្រចាំ​តំបន់ នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង Prudential Corporation Asia ។

កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ការពារ​អាយុជីវិត​មនុស្ស ដោយ​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ផ្ដល់ជូន​នូវ​ព័ត៌មាន​សាមញ្ញៗ​ដែល​អាចជួយ​ការពារ​អាយុជីវិត​បាន តាមរយៈ​សារ​អប់រំ​ស្តីអំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ដែល​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​ធ្វើ​ការផ្ដល់សេវា​ធានារ៉ាប់រង​អាយុជីវិត នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​នៅតែ​បន្ត​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន   ដោយ​មិន​ត្រឹមតែ​ផ្តល់​សេវា​ហិរញ្ញវត្ថុ និង​ការការពារ​ដ៏​ល្អ​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ   ថែមទាំង​ធ្វើការ​ជំរុញ​និង​ជួយ​ដល់​សហគមន៍ នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ផងដែរ  តាមរយៈ​ការផ្ដួចផ្ដើម​កម្មវិធី ដូចជា SAFE STEPS និង​កម្មវិធី​ផ្សេងៗ​ទៀត ដែល​ផ្ដោតទៅលើ​ការអប់រំ សុខភាព និង​សុខុមាលភាព​។​



( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com