អន្តរជាតិ
Airbus សម្លឹងឃើញកំណើនទីផ្សារយន្តហោះនៅចិន រូបភាព People's Daily Online
× ទីផ្សារយន្តហោះនៅចិនរបស់ក្រុមហ៊ុនផលិតយន្តហោះ Airbus មានសក្ដានុពលកើនឡើងនៅរយៈពេលពីរទសវត្សរ៍បន្ទាប់។ នេះបើតាមការព្យាករណ៍ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់ពិភពលោក។
ក្រុមហ៊ុន Airbus បានបង្កើតមជ្ឈមណ្ឌលបង្គុំ និងចែកចាយក្រៅតំបន់អឺរ៉ុបនៅឯទីក្រុងធានជីនរបស់ចិននៅឆ្នាំ២០០៨ ។ នៅឆ្នាំ២០០៩ មជ្ឈមណ្ឌលនេះបានចែកចាយយន្តហោះធុន A320 ជាលើកដំបូង។ គ្រឿងផ្គុំរបស់យន្តហោះធុននេះត្រូវបានដឹកជញ្ជូនទៅកាន់កំពង់ផែនៅធានជីន និងផ្គុំនៅទីតែម្ដង ដើម្បីចែកចាយបន្ត។
មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានប្រព័ន្ធដឹកជញ្ជូនគ្រប់គ្រាន់ សម្បូរធនធាន និងមាននយោបាយអំណោយផល មជ្ឈមណ្ឌលនេះបានអភិវឌ្ឍយ៉ាងរហ័ស។ ផលិតកម្មនៅឯមជ្ឈមណ្ឌលនេះបានកើនដល់បួនគ្រឿងក្នុងមួយខែ ហើយនៅដំណាច់ខែមករាកន្លងទៅ មជ្ឈមណ្ឌលនៅទីក្រុងនេះបានផ្គុំ និងចែកចាយយន្តហោះធុន A320 ចំនួន៣៥៤គ្រឿងហើយ។
ជាមួយនឹងទំហំទីផ្សារធំដែលកើនឡើងជាលំដាប់ បូកផ្សំនឹងការបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការទៀតនោះ ទីផ្សារចិន គឺជាតំបន់យុទ្ធសាស្ត្រសំខាន់លើពិភពលោកសម្រាប់វិស័យអវកាស។ យន្តហោះដែលចែកចាយទៅឲ្យអាកាសចរណ៍ចិនមានចំណែកចន្លោះ២០ភាគរយ ទៅ២៥ភាគរយនៃការចែកចាយយន្តហោះទូទាំងពិភពលោក ដែលនេះមានន័យថា មួយក្នុងចំណោមយន្តហោះបួនគ្រឿងរបស់ Airbus មានគោលដៅទៅកាន់ចិន។
របាយការណ៍ទីផ្សារចេញផ្សាយដោយក្រុមហ៊ុនបង្ហាញថា ចិនត្រូវបានយន្តហោះដឹកនាំអ្នកដំណើរ និងដឹកសម្ភារច្រើនជាង៦៥០០គ្រឿងនៅរយៈពេល២០ឆ្នាំទៀត ដែលស្មើនឹង១៨ភាគរយនៃតម្រូវការយន្តហោះរបស់ពិភពលោកក្នុងរយៈពេលដូចគ្នានេះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Airbus នៅចិនលោក George Xu និយាយថា កត្តាជាច្រើនដូចជា កំណើនសេដ្ឋកិច្ចរហ័ស ការកើនឡើងប្រជាជនចំណូលមធ្យម នគរូបនីយកម្ម និងការតភ្ជាប់ បានជំរុញកំណើនការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ចិន។
ដោយឡែក អ្នកចាត់ការទូទៅក្រុមហ៊ុន Airbus (Tianjin) Final Assembly Co Ltd និយាយដែរថា ទីក្រុងធានជីនត្រូវបានជ្រើសរើសជាទីតាំងមជ្ឈមណ្ឌល ព្រោះយើងឲ្យតម្លៃទំហំទីផ្សារដ៏ធំនៅចិន ក៏ដូចជាតំបន់អាស៊ីទាំងមូលដែរ។ យន្តហោះដែលត្រូវបានដំឡើងនៅធានជីន មិនមែនសម្រាប់តែអតិថិជនចិនឡើយ តែសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com