ជាតិ
ក្មេងស្រីថ្នាក់ទី១១ ស៊ឹម គីមឡេង ធ្វើពិសោធន៍រកដើមឈើដែលជួយបន្ថយកម្តៅផែនដី
× ភ្នំពេញ៖ យុវតី ស៊ឹម គីមឡេង សិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី បានព្យាយាមស្រាវជ្រាវពីដើមឈើដែលបញ្ចេញអុកស៊ីសែនច្រើន ដែលអាចជាផ្នែកមួយជួយទប់ស្កាត់ការកើនកំដៅផែនដី។ មានវ័យ១៦ឆ្នាំ គីមឡេង បានស្រាវជ្រាវលើដើមឈើ២ប្រភេទ គឺដើមពោធិ៍ និងដើមក្រខុប ហើយលទ្ធផលបង្ហាញថា ដើមពោធិ៍ បញ្ចេញខ្យល់អុកស៊ីសែនច្រើនជាងដើមក្រខុបទាំងនៅពេលយប់ និងពេលថ្ងៃ។ យុវតី ស៊ឹម គីមឡេង បានអះអាងថា នាងនឹងបន្តស្រាវជ្រាវលើប្រភេទដើមឈើផ្សេងៗទៀត ដើម្បីចូលរួមបន្ថយការប្រែប្រួលអាកាសធាតុ និងបន្ថយកម្តៅផែនដី។
យុវតី ស៊ឹម គីមឡេង ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី។ យុវតីរូបនេះ បានព្យាយាមស្រាវជ្រាវដើមឈើដែលអាចបញ្ចេញអុកស៊ីសែនច្រើន ដែលអាចជួយដល់ភពផែនដី ពោលគឺកាត់បន្ថយកម្តៅ និងការប្រែប្រួលអាកាសធាតុ។
ជំហ៊ានដំបូង គីមឡេង បានធ្វើពិសោធតែលើប្រភេទដើមឈើពីរប្រភេទប៉ុណ្ណោះ គឺដើមពោធិ៍ និងដើមក្រខុប។ ការពិសោធន៍បង្ហាញថា ដើមពោធិ៍ បានបញ្ចេញអុកស៊ីសែនទាំងយប់ទាំងថ្ងៃ ច្រើនជាងដើមក្រខុប ខណៈជាទូទៅ ដើមឈើបញ្ចេញអុកស៊ីសែននៅពេលថ្ងៃ និងបញ្ចេញកាបូនឌីអុកស៊ីត(CO2) នៅពេលយប់។ គីមឡេង បញ្ជាក់ថា៖ «យើងអាចដឹងបានថា រុក្ខជាតិមួយណាបញ្ចេញអុកស៊ីសែនច្រើន ឬតិចអាស្រ័យលើការពិសោធន៍ និងស្រាវជ្រាវច្រើនដំណាក់កាល។ ដូចជានៅក្នុងកែវពិសោធន៍នេះ ដើមពោធិ៍ មានចំហាយទឹកនៅគម្របតិច បានន័យថាវាបញ្ចេញអុកស៊ីសែនច្រើន។ ហើយដើមក្រខុប មានចំហាយទឹកនៅគម្របច្រើន បានន័យថាការបញ្ចេញអុកស៊ីសែនតិច»។
ទោះជាយ៉ាងណាសិស្សថ្នាក់ទី១១រូបនេះ នៅតែបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីរកមូលហេតុនៃការ បញ្ចេញអុកស៊ីសែនច្រើន ទាំងនៅពេលថ្ងៃ និងពេលយប់ និងការស្រូបយកកាបូនឌីអុកស៊ីត របស់ដើមពោធិ៍។
យុវសិស្ស ស៊ឹម គីមឡេង បានបញ្ជាក់ថា នាងជ្រើសរើសដើមពោធិ៍មកធ្វើពិសោធ ពីព្រោះនាងចង់ឲ្យប្រជាពលរដ្ឋខ្មែរ បានដឹងពីគុណប្រយោជន៍របស់វា ខណៈដែលខ្មែរមានជំនឿថា ការមានដើមពោធិ៍នៅជិតផ្ទះមិនល្អនោះ។ យុវតី ស៊ឹម គីមឡេង បន្ថែមដូច្នេះ៖ «ខ្ញុំឃើញខ្មែរយើងភាគច្រើន មានជំនឿថាដាំដើមពោធិ៍នៅជិតផ្ទះ មិនល្អទេ ដូច្នេះបានខ្ញុំជ្រើសរើសយកដើមពោធិ៍ធ្វើពិសោធន៍មុនគេចង់ដឹងថា តើវាមានអុកស៊ីសែនកម្រិតណា ជួយដល់ផែនដី។ បើឃើញលទ្ធផលល្អ គឺអាចឱ្យមនុស្ស ជាពិសេសខ្មែរយើងដឹងពីគុណប្រយោជន៍របស់វា ហើយដាំវាឱ្យបានច្រើន»។
បន្ទាប់ពីដើមពោធិ៍ គីមឡេង ថានាងនឹងស្រាវជ្រាវដើមឈើផ្សេងៗទៀត ដើម្បីឲ្យដឹងថាដើមឈើណាខ្លះ អាចជួយដល់ផែនដីភាគច្រើន៕
Tag:
ស៊ឹម គីមឡេង
ដើមពោធិ៍
ក្រខុប
ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com