ជាតិ
សេដ្ឋកិច្ច
ទិដ្ឋភាព​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ បាន​ទាក់ទាញ​ទេសចរ​ច្រើន​កុះករ​
23, Mar 2018 , 7:39 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
​ខេត្តសៀមរាប​៖  ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ  ៧៥០០​នាក់ បានមក​ទស្សនា​ទិដ្ឋភាព និង​ផ្ដិតរូប​យក​រូបភាព ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត  ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Equinox នៅ​ព្រឹក​ព្រហាម​ថ្ងៃទី​២២​ខែមីនា​។​



​បើតាម​ការជូនដំណឹង​របស់​ក្រសួងទេសចរណ៍ បាតុភាព ដែល​ទើបបាន​កន្លងផុត​នេះ កើតឡើង​ចន្លោះ​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២២ ខែមីនា ចន្លោះ​ម៉ោង​៥ ទៅ​ម៉ោង​៧​ព្រឹក​។ ភ្ញៀវទេសចរ​បានមក​រងចាំ​ទស្សនា​ទិដ្ឋភាព​នេះ​ទាំងបី​ថ្ងៃនេះ​យ៉ាងច្រើន​កុះករ​។

​ហើយ​បាតុភាព​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២២​ខែមីនា នា​ព្រឹក​ព្រហាម ដែល​បាន​ទាក់ទាញ​ទេសចរ​ប្រមាណ ៧៥០០​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៣៥០០​នាក់​។  នេះ​បើតាម​ក្រសួងទេសចរណ៍​។​

​បាតុភាព​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ កើតឡើង​ពី​ដង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែមីនា និង​ខែកញ្ញា​។ រីឯ​ថ្ងៃជា​ក់លាក់ ក្រសួងទេសចរណ៍​តែង​ប្រកាស​ដល់​ទេសចរ​ជាតិ អន្តរជាតិ​ឲ្យ​បាន​ជ្រាប​មុន​។

​ជាមួយគ្នានេះ ក្រសួងទេសចរណ៍​ក៏បាន​ដាក់ចេញ​កម្មវិធី​ប្រកួតប្រជែង​ថតរូប​ស៊ែ​ល​ហ្វី​ជាមួយ​ទិដ្ឋភាព​ទាំងនេះ​ផងដែរ ដែល​នឹង​ប្រកាស​លទ្ធផល​នាពេលខាងមុខ​។​
​បើតាម​អ្នកជំនាញ​ក្នុងស្រុក ដែល​ស្រាវជ្រាវ​ឯកសារ​វិទ្យាសាស្ត្រ​របស់​បរទេស​អំពី​បាតុភាព​ខាងលើនេះ បាតុភាព​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នេះ គឺជា​ការគិតគូរ​យ៉ាង​អស្ចារ្យ​លើ​ផ្នែក​ស្ថាបត្យកម្ម និង​ផ្នែក​តារាសាស្ត្រ ពោលគឺ​មិនមែនជា​រឿង​ចៃដន្យ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com