ជាតិ
យ៉ុង កា​ដាវ ស្រាវជ្រាវ​រុក្ខជាតិ​ខ្មែរ ផលិត​សាប៊ូ​សរីរាង្គ​ព្យាបាល​សក់​ជ្រុះ​
22, Apr 2018 , 6:00 pm        
រូបភាព
កញ្ញា យ៉ុង កា​ដាវ បាន​ស្រាវជ្រាវ​រុក្ខ​ជាតិខ្មែរ​មួយចំនួន មក​ផលិត​ជា​សា​ប៊ូOrganic(​សាប៊ូ​គ្មាន​សារធាតុ​គីមី​) ដើម្បី​ព្យាបាល​សក់​ជ្រុះ និង​ការពារ​ស្បែកក្បាល​។ ផលិតផល​ទាំងនេះ ត្រូវបានធ្វើ​ពិសោធន៍ និង​ទទួលស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ មុននឹង​ដាក់លក់​លើ​ទីផ្សារ​។

 
​វត្ថុធាតុដើម​ដែល​យកមក​ផ្សំ​ផលិត​ជា​សាប៊ូ​Organicគ​នេះ មានដូចជា​ក្រូចសើច ប្រទាល​កន្ទុយក្រពើ ខ្ញី ផ្កា​អញ្ជ័ន​ពណ៌​ស្វាយ (​ផ្កា​ប្រភេទ​វល្លិ​ម្យ៉ាង​) និង​រុក្ខជាតិ​ច្រើន​ប្រភេទ​ទៀត​។ 
កញ្ញា យ៉ុង កា​ដាវ ម្ចាស់​សហគ្រាស ស៊ី​ង ប្រេន ឯ​.​ក ដែលមាន​ការទទួលស្គាល់​ពី​ក្រសួង បាន​និយាយថា ផលិតផល​Organic ដែល​ខាង​សហគ្រាស​អ្នកនាង ដាក់លក់​ក្នុង​ទីផ្សារ​នោះ មាន​សាប៊ូ​ព្យាបាល​សក់​ជ្រុះ បំបាត់​អង្គែ កាត់បន្ថយ​ប្រេង​នៅ​ស្បែកក្បាល ម៉ាស​បណ្ដុះ​សក់ ស្ព្រេ​បំបាត់​ស្កូវ និង​ប្រេង​លាប​បណ្ដុះ​សក់​ជាដើម​។ 
 
កញ្ញា​ថា ផលិតផល​ទាំងនេះ​មានការ​ទទួលស្គាល់​ពី​អតិថិជន​ច្រើន ព្រោះតែ​គេ​បានដឹង​ពី​គុណភាព​របស់​វា​។ យ៉ុង កា​ដាវ បញ្ជាក់​ដូច្នេះ​ថា​៖«​អតិថិជន​ថ្មី​យើង​អត់​ទាន់​ដឹង​ពី​មតិ​គាត់​ទេ តែបើ​អតិថិជន​ចាស់​គាត់​ដឹង​ពី​គុណភាព​គាត់​ថា​ល្អ ហើយ​គាត់​មក​ទិញ​យកទៅ​តែម្ដង​។ ពួកគាត់​ទុកចិត្ត​យើង​ដោយសារតែ គាត់​ប្រើ​ហើយ​រយៈពេល​តែ​៤ ទៅ​៥​ដង ដឹង​លទ្ធផល​»​។​
 

 
​ដើមឡើយ កា​ដាវ ក៏​ជួប​បញ្ហា​ប្រើប្រាស់​សាប៊ូ មិនត្រូវ​នឹង​ស្បែកក្បាល​របស់​នាង​ដែរ ប៉ុន្តែ​ក្រោយពេល​នាង​ឃើញ​ម្ដាយ​របស់​នាង តែងតែ​ចិត​ក្រូចសើច​យកទៅ​កក់សក់ ទើប​នាង​អនុវត្តតាម​ម្ដាយ​ខ្លួន ហើយក៏​មានគំនិត​ចាប់ផ្តើម​រក​រូបមន្ត បង្កើតជា​សាប៊ូ​នេះ​ឡើង​។ នារី​អាយុ​២៤​ឆ្នាំ​រូបនេះ បាន​ពន្យល់ថា ការស្រាវជ្រាវ​រូបមន្ត​ធ្វើ​សាប៊ូ​នេះ នាង​ប្រើ​រយៈពេល​៣​ខែ ដោយបាន​យក​រូបមន្ត​ពី​ម្ដាយ​ខ្លួន​ផង និង​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​ផង មុននឹង​មានការ​ទទួល​ពី​ក្រសួង និង​អនុញ្ញាត​ដាក់លក់​នៅលើ​ទីផ្សារ​។ បើតាម កា​ដាវ ក្មេង​អាយុ​២​ឆ្នាំ​ឡើងទៅ ក៏​អាច​ប្រើប្រាស់​សាប៊ូ​Organicនេះ​បានដែរ​។​
 

 
«​យើង​ដឹង​ហើយ ពីមុន​ចាស់ៗ​គាត់​ចូលចិត្ត​ចិត​ក្រូចសើច យកមក​កក់សក់​ណាស់ ដូច្នេះ​ខ្ញុំ​ចាប់ផ្ដើម​ស្រាវជ្រាវ​រុក្ខជាតិ​ខ្មែរ​យើង ធ្វើ​សាប៊ូ​តែម្ដងទៅ​។ ពីដំបូង​ខ្ញុំ​គិតថា ធ្វើ​សាប៊ូ​នេះ​គ្រាន់តែ​លក់​ជា​ទ្រង់ទ្រាយ​តូច​ទេ តែ​ដល់​មាន​គេ​គាំទ្រ​ច្រើន ខ្ញុំ​ក៏​លក់​តាម​អ៊ីនធឺណិត​ដែរ​។ ខ្ញុំ​គិតថា បើផលិតផល​ខ្មែរ​យើង​ល្អ ហើយ​អាច​ល្បី​ខ្លាំង នេះ​ក៏​ជា​មុខមាត់​ប្រទេស​យើង​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាង កា​ដាវ ដែល​បាន​បន្ថែមថា ផលិតផល​នេះ មាន​លក់​ទូទាំង​ខេត្តកោះកុង រាជធានី​ភ្នំពេញ រួមទាំង​បណ្ដា​ខេត្ត​មួយចំនួនទៀត​។ 
  

 
​ស្ត្រី​វ័យ​២៤​ឆ្នាំ​រូបនេះ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ឲ្យ​បាន​ច្រើន ដើម្បី​ចូលរួម​កាត់បន្ថយ​ការនិយម​លើ​ផលិតផល​បរទេស​។ យ៉ុង កា​ដាវ បញ្ជាក់​៖ «​ផលិតផល​របស់​បរ​ទេស​ខ្លះ ក៏​មិនល្អ​ទាំងអស់​ដែរ ដូច្នេះ​សូម​ឲ្យ​ខ្មែរ​យើង ងាក​មក​ប្រើ​ផលិតផល​ក្នុងស្រុក​វិញ​ព្រោះ​វា​គ្មាន​សារធាតុ​គីមី​។ ហើយ​ផលិតផល​របស់ខ្ញុំ មុននឹង​ចេញលក់ ពួក​ខ្ញុំ​បាន​សាកល្បង​ប្រើ​ដោយ​ខ្លួនឯង ឃើញ​លទ្ធផល​ល្អ​ហើយ បាន​ហ៊ាន​លក់ ព្រោះ​ផលិតផល​ក្នុងស្រុក តែ​ធ្វើ​មិនល្អ គេ​វាយប្រហារ​ខ្លាំងណាស់​»៕
 

 
 

Tag:
 ផលិតផល​ខ្មែរ​
  សាប៊ូ​សរីរាង្គ​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com