ជាតិ
បទវិភាគ
កំហុស​អក្ខរាវិរុទ្ធ​៖ មន្ត្រី​មានចំណេះដឹង​ទាប មិនចេះ​ធ្វើការ​ជា​ក្រុម ឬ​មិន​ខ្ចី​ខ្វល់​?
03, May 2018 , 9:19 pm        
រូបភាព
ដោយ: រួបរួម
​បដា ឬ​ផ្ទាំង​ផ្សព្វផ្សាយ តែងតែ​ត្រូវបាន​ឆ្លង​ការ​រចនា​រៀបចំ​អស់​ជាច្រើន​ថ្ងៃ និង​ក្រោម​ក្រសែភ្នែក​មនុស្ស​ជាច្រើន​នាក់ ដូច្នេះ​កំហុស​អក្ខរាវិរុទ្ធ​ត្រូវតែ​នៅ​កម្រិត​សូន្យ ជាពិសេស​ការងារ​ដែល​រៀបចំ​ដោយ​ស្ថាប័នរដ្ឋ​។ ផ្ទុយទៅវិញ បញ្ហា​ទាំងនេះ បាន​ក្លាយជា​ប្រធាន​នៃ​ការ​សើចចំអក​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​



អត្ថបទទាក់ទង


​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ឆ្មប​ជាតិ កាលពី​ថ្ងៃទី​២ ខែឧសភា ដោយមាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់​។ រូបថត​ជាច្រើន​សន្លឹក​ត្រូវបាន​ចែករំលែក​ពេញ​បណ្តាញ​សង្គម ប៉ុន្តែ​គោលបំណង​អ្នក​ចែករំលែក​មិនមែន​ផ្តោតលើ​កម្មវិធី​នោះឡើយ ដោយ​ពួកគេ​ទាញ​ការចាប់អារម្មណ៍​ទៅលើ​កំហុស​ដ៏​តូច​មួយ​លើ​ផ្ទាំង​អក្សរ​នៅ​ពីក្រោយ​លោក​រដ្ឋមន្ត្រី​។

​កំហុស​នោះ គឺ ពាក្យ «​ធ្ម​ប​» ដែល​មិនមាន​ក្នុង​វចនានុក្រម ត្រូវបាន​ដាក់ជំនួស​ពាក្យ «​ឆ្មប​»​។ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ខ្លះ បាន​សរសេរ​លេងសើច​ថា ប្រហែលជា​អ្នករៀបចំ​កម្មវិធី​ចង់​សរសេរថា «​ធ្មប់​» ដែលជា​ឈ្មោះ​មន្ត​អាសិរពិស​មួយ​ប្រភេទ ដោយ​មិនមែន​សំដៅលើ​ស្ត្រី​ពេទ្យ​សម្រាលកូន ឬ «​ឆ្មប​» នោះឡើយ​។​

​តាមពិតទៅ វា​ជា​កំហុស​ដ៏​តូច​បំផុត និង​អាច​លើកលែង​បាន ប៉ុន្តែ​ការធ្វេសប្រហែស​ការងារ​របស់​មន្ត្រី​នៅ​ស្ថាប័នរដ្ឋ​បែបនេះ មិនអាច​គេចផុត​ពី​ការរិះគន់​របស់​សាធារណជន​នោះឡើយ ពីព្រោះ​អ្នក​បម្រើការ​នៅ​ស្ថាប័នរដ្ឋ​ត្រូវ​ដើរតួ​ជា​គំរូ​គ្រប់ផ្នែក​។ ករណី​កំហុស​អក្ខរាវិរុទ្ធ​បែបនេះ ក៏​មិនមែនជា​ករណី​លើកដំបូង​នោះដែរ ពោលគឺ​តែងតែ​កើត​ឡើងជា​ញឹកញាប់​។​

​ហេតុអ្វី​បាន​ជាមាន​កំហុស​ដដែលៗ​បែបនេះ​? ចំណេះដឹង​មាន​កម្រិត​? មិនចេះ​ធ្វើការ​ជា​ក្រុម​? ឬ ឃើញ​ខុស​ដែរ ប៉ុន្តែ​វា​កំហុស​តិចតួច ខ្ជិល​ខ្វល់​? មុន​ការ​ដាក់តាំង​បដា ឬ​ផ្ទាំង​ផ្សព្វផ្សាយ មនុស្ស​ជាច្រើន​បាន​មើលឃើញ ដូច្នេះ​បើ​មានការ​សហការគ្នា​ច្បាស់លាស់ ប្រហែលជា​មិនមាន​ករណី​ខុសឆ្គង​នោះឡើយ​។​

​ស្ថាប័ន​ខ្លះ បាន​ជួល​សេវា​រៀបចំ​ពី​ក្រៅ ប៉ុន្តែ​គប្បី​ត្រូវមាន​ការត្រួតពិនិត្យ​បន្ថែម ពីព្រោះ​កំហុស​ដែល​កើតឡើង​នៅពេល​ធ្លាក់​ទៅដល់​បណ្តាញ​សង្គម​ទៅហើយនោះ វា​ប្រៀបដូចជា​អង្ករ​ដែល​ក្លាយទៅជា​បាយ ទោះបីជា​មានការ​បកស្រាយ​បែបណា ក៏​ពិបាក​នឹង​ទទួលយក​ខ្លាំងណាស់​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​តែងតែ​រិះគន់​ផងដែរ​ចំពោះ​មន្ត្រី​មួយចំនួន​ដែល​ប្រឹង​ធ្វើការ​ឲ្យ​រួច​តែ​ពី​ដៃ​។ សម្តេច​ធ្លាប់​បានលើកឡើង​ពី​ករណី Group សម្រាប់​ទាក់ទង​មន្ត្រី​តាមរយៈ Facebook និង WhatsApp ដោយ​អ្នកខ្លះ​មិនទាន់បាន​មើល​ខ្លឹមសារ ឬ​ឯកសារ​មិនទាន់​ត្រូវបាន​ផ្ញើ​ទៅ​ផង មន្ត្រី​ខ្លះ​បាន​ឆ្លើយ​យ៉ាង​លឿន​ថា «​ទទួលបាន​ហើយ​សម្តេច​»៕


Tag:
 អក្ខរាវិរុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com