ជាតិ
សេដ្ឋកិច្ច
RDB នឹង​ស្នើ​រដ្ឋាភិបាល រក្សាទុក​កញ្ចប់​ថវិកា ៥០​លាន​ដុល្លារ សម្រាប់​វិស័យ​ស្រូវ​អង្ករ​ឆ្នាំនេះ​
20, May 2018 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) នឹង​សុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​កញ្ចប់​ថវិកា​ពិសេស ៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​រដូវ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​២០១៨-២០១៩ បន្តទៀត ដរាបណា​រដ្ឋាភិបាល​មិនមាន​ការចាំបាច់​អ្វី​ផ្សេង ដើម្បី​ប្រើប្រាស់​មូលនិធិ​នេះ​ទេ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក កៅ ថាច អគ្គនាយក RDB ។​



​កញ្ចប់​ថវិកា​ពិសេស ៥០​លាន​ដុល្លារ គឺជា​ថវិកា​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​សម្រាប់​បញ្ចៀស​បញ្ហា​កសិករ​ខ្វះ​ទីផ្សារ​លក់​ស្រូវ ក្នុង​រដូវ​ប្រមូល​ផល​២០១៧-២០១៨ កន្លងទៅ​។ កញ្ចប់​ថវិកា​នេះ ត្រូវបាន​ប្រគល់​ឲ្យ RDB ជា​អ្នកចាត់ចែង​ផ្ដល់​ឥណទាន​ដល់​បណ្ដា​រោង​ម៉ាស៊ីនកិនស្រូវ ដោយ​គិត​អត្រា​ការប្រាក់ ៥​ភាគរយ​ក្នុង​មួយឆ្នាំ និង​យក​ស្តុក​ស្រូវ​ជាវ​ត្ថុ​ធានា​។  ហើយ​ជាគោលការណ៍ RDB ត្រូវ​បង្វិល​កញ្ចប់​ថវិកា​ពិសេស​ទៅ​ឲ្យ​រដ្ឋាភិបាល​វិញ​។ 
 
​លោក កៅ ថាច បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការប្រើប្រាស់​កញ្ចប់​ថវិកា​ពិសេស​នេះ RDB បានផ្ដល់​កម្ចី​សរុប​ជាង ៣០​លាន​ដុល្លារ ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ជាង ៣០ កន្លងមក​។ បើតាម​លោក កៅ ថាច RDB បាន​ប្រមូល​ទឹកប្រាក់​ឥណទាន​ទាំងនោះ ត្រឡប់មកវិញ​ស្ទើ​ទាំង​អស់ហើយ​។​
 
​ត្រង់ចំណុច​នេះ​លោក កៅ ថាច បាន​និយាយថា បើ​រដ្ឋាភិបាល​មិនមាន​ការចាំបាច់​ដើម្បី​ប្រើប្រាស់​ថវិកា ៥០​លាន​ដុល្លារ​នេះ​ទៅលើ​ផ្នែក​អ្វី​ផ្សេង​នោះទេ កញ្ចប់​ថវិកា​នេះ​នឹងត្រូវ​រក្សាទុក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវ​ប្រមូល​ផល​ខាងមុខនេះ​។ 
 
​លោក កៅ ថាច ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​បើ​អត់​មាន​តម្រូវ​ការចាំបាច់​ប្រើប្រាស់​មូលនិធិ​នេះ​ទេ រដ្ឋាភិបាល​ច្បាស់​ជា​មិន​ទារ​យកទៅ​វិញ​ទេ ព្រោះ​ថវិកា​នេះ​សម្រាប់​ជា​យន្តការ​ដោះស្រាយ​វិស័យ​ស្រូវ​អង្ករ​»៕

Tag:
 អង្ករ​
  កៅ ថាច​
  RDB
© រក្សាសិទ្ធិដោយ thmeythmey.com