ជាតិ
កម្ពុជា បំពាក់ QR Code តាម​ច្រក​អន្តរជាតិ​ដើម្បី​ឲ្យ​ភ្ញៀវ​ចូលរួម​វាយតម្លៃ​ពី​សេវាកម្ម​
20, May 2018 , 10:00 pm        
រូបភាព
​ក្រសួងទេសចរណ៍ ចាប់ផ្តើម​បំពាក់​ប្រព័ន្ធ QR Code  នៅតាម​ច្រក​អន្តរជាតិ​សំខាន់ៗ​ចំនួន​៧ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ ធ្វើដំណើរ​ឆ្លងកាត់​វាយ​តម្លៃ​ពី​សេវាកម្ម​របស់​ច្រក​អន្តរជាតិ​នីមួយៗ ក្នុង​គោលបំណង​លើកកម្ពស់​ការធ្វើ​បដិសណ្ឋាកិច្ច​របស់​កម្ពុ​ជា​។



​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់  លោក ណេ​ប សាមុត អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អា​តនៃ​ក្រសួងទេសចរណ៍ ការបំពាក់​ប្រព័ន្ធ QR Code នេះ ជា​ផ្នែក​មួយ​នៃ​ការអនុវត្តន៍​ចលនា​ប្រឡងប្រណាំង « បដិសណ្ឋារកិច្ច​ល្អ របស់​ច្រក​អន្តរជាតិ​» សម្រាប់​ឆ្នាំ​២០១៨    ឲ្យ​បាន​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ ពី​ភ្ញៀវទេសចរ​។​

​ការបំពាក់​ប្រព័ន្ធ QR Code នៅតាម​ច្រក​អន្តរជាតិ​រួមមាន  ការ​បញ្ឈរ QR Code វាយតម្លៃ​បដិសណ្ឋារកិច្ច​ល្អ របស់​ច្រក​អន្តរជាតិ​ធំ​, បញ្ឈរ QR Code វាយតម្លៃ​សម្រាប់​ដាក់​លើ​តុ និង​កម្រង​សំណួរ​វាយតម្លៃ​ជា​ភាសា (​ខ្មែរ​, អង់គ្លេស​,  ចិន​, បារាំង និង​ជប៉ុន​)​។​


 
​ច្រក​អន្តរជាតិ​ដែល​បាន​បំពាក់​ប្រព័ន្ធ QR Code មាន អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​, អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​, អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​, ច្រក​អន្តរជាតិ​បាវិត​, ច្រក​អន្តរជាតិ​ចាំ​យាម និង ច្រក​អន្តរជាតិ​ប៉ោយប៉ែត​៕

Tag:
 ទេសចរណ៍​
  QR Code
© រក្សាសិទ្ធិដោយ thmeythmey.com