ជាតិ
សេដ្ឋកិច្ច
លោក យន្ត មីន ចង់​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ក្លាយជា​ខេត្ត​គំរូ​ដែល​គ្មាន​អាហារ​គីមី​
20, May 2018 , 10:30 pm        
រូបភាព
​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ចង់​ឲ្យ​ខេត្ត​ខ្លួន​ក្លាយជា​ខេត្ត​គំរូ​លើ​សុវត្ថិភាព​ចំណីអាហារ ដោយ​លោក​ផ្តួចផ្តើម​ឲ្យ​មានការ​ប្រកួតប្រជែង​ម្ហូបអាហារ​ដែល​គ្មាន​ជាតិគីមី អនាម័យ​ល្អ និង​សេវាកម្ម​ល្អ​។ ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ការប្រកួតប្រជែង នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែមិថុនា ខាងមុខ​។​

 
«​ម្ហូបអាហារ​គឺជា​ឫសគល់​នៃ​បញ្ហា​សុខភាព  ដែលជា​ចំណុច​សំខាន់​សម្រាប់​មនុស្ស​គ្រប់រូប​។  ដូច្នេះ ខ្ញុំ​រៀបចំ​ការប្រកួត​ប្រកួត​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​អាហារ​ដ្ឋា​ន​ទាំងអស់ ប្រែក្លាយ​ពី​ការប្រកួតប្រជែង​គ្នា​ដើម្បី​តែ​ប្រាក់ចំណេញ មក​ធ្វើការ​ប្រកួតប្រជែង ដោយ​ផ្តល់​សេវា​ម្ហូបអាហារ ដែលមាន​សុវត្ថិភាព ដល់​សុខភាព​អ្នក​បរិភោគ ពោល អត់​គីមី មាន​អនាម័យ និង​សេវាកម្ម​ល្អ ដើម្បី​ប្រាក់ចំណេញ​វិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យន្ត មីន​។​
 
​លោក អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន ThmeyThmey ថា ការប្រកួតប្រជែង​ម្ហូបអាហារ ដែល​គ្មាន​គីមី អនាម័យ​ល្អ និង​សេវា​ល្អ បានចាប់ផ្តើម​ធ្វើ​តាំងពី​ឆ្នាំមុន​មកម្ល៉េះ ប៉ុន្តែ​មិនសូវមាន​ការចូលរួម​ពី​សំណាក់​ម្ចាស់​អាហា​រដ្ឋា​ន​នានា​នោះឡើយ​។ 
 
​សម្រាប់​ឆ្នាំ​២០១៨​នេះ លោក​សង្ឃឹមថា នឹងមាន​ការចូលរួម​ច្រើន​ពី​ម្ចាស់​អាហារ​ដ្ឋា​ន ដោយ​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​នឹង​ផ្តល់​វិញ្ញាបនបត្រ លើកទឹកចិត្ត ក៏ដូចជា​ការទទួលស្គាល់​ចំពោះ​អាហារ​ដ្ឋា​ន​ដែល​ផ្តល់​សេវា​ម្ហូបអាហារ​ដែលមាន​សុវត្ថិភាព​។​
 
​លោក យន្ត មីន បា​នះ​អាង​ថា​៖ «​កន្លងមក​ខេត្ត​ព្រះសីហនុ​ពុំមាន​បញ្ហា​ចោទ​ទៅលើ​ចំណីអាហារ​ទេ   ព្រោះ​ម្ចាស់​អាហារ​គ្រប់រូប​មានការ​យល់ដឹង​ពី​សុខភាព​ច្រើន ម្យ៉ាងវិញទៀត​សមត្ថកិច្ច​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ ទៅលើ​ចំណីអាហារ បន្លែ ត្រី សាច់ ជាដើម​»៕ 
 
 

Tag:
 ទេសចរណ៍​
  អាហារ​គីមី​
  ខេត្ត​ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com