អន្តរជាតិ
គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​នៅក្រោម «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ចិន​
21, May 2018 , 9:41 am        
រូបភាព
​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ដើម្បី​ត​ភ្ជាប់​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប​បាន​លេច​រូបរាង​បន្តបន្ទាប់​ក្រោម​ក្របខណ្ឌ «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ ទឹកប្រាក់​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ស្ថាបនា​ស្ពាន ផ្លូវ​រថភ្លើង​ល្បឿន​លឿន រោងចក្រ​ថាមពល និង​កំពង់ផែ​ជាដើម​។ ជាមួយនឹង​សក្តានុពល​ប្រយោជន៍​សេដ្ឋកិច្ច​ដ៏​ធំ​នោះ គម្រោង​ទឹកប្រាក់​មហាសាល​នេះ​ក៏​រង​ការរិះគន់​ដែរ​។​



​កាលពី​ឆ្នាំ​៥​ឆ្នាំមុន គឺ​ក្នុង​ឆ្នាំ​២០១៣ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានដាក់​ចេញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទ្វីប​ធំ​ទាំងបី គឺ​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប​។ ៥​ឆ្នាំក្រោយ គឺ​ក្នុង​ឆ្នាំ​២០១៨ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន​បាន​លេច​ជា​រូបរាង ដោយ​ខ្លះ​កំពុង​ធ្វើ​ប្រតិបត្តិការ និង​ខ្លះទៀត​ស្ថិតក្នុង​ដំណាក់កាល​សាងសង់​។ ខាងក្រោម​នេះ ជា​គម្រោង​ធំៗ​ដែល​ត្រូវបាន​វិនិយោគ​ក្រោម​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​របស់លោក ស៊ី ។​

​ផ្លូវ​រថភ្លើង​កេ​ន​យ៉ា​
​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​កេ​ន​យ៉ា ជា​ផ្នែក​មួយ​សំខាន់​នៃ​បណ្ដាញ​ផ្លូវ​រថភ្លើង​នៅ​អាហ្វ្រិក​។ ខ្សែ​រថភ្លើង​ណៃ​រ៉ូ​ប៊ី​-​មុំ​បា​សា ដែលមាន​តម្លៃ​៣,៨​ពាន់​ដុល្លារ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ឆ្នាំមុន ដោយបាន​កាត់បន្ថយរ​យៈ​ពេលធ្វើ​ដំណើរ និង​ថ្លៃ​ដឹកជញ្ជូន​យ៉ាងច្រើន​។ ពី​មុំ​បា​សា ដែលជា​កំពង់​សំខាន់​របស់​កេ​ន​យ៉ា ខ្សែ​រថភ្លើង​នេះ​នឹង​ភ្ជាប់​ទៅកាន់​រដ្ឋ​អាហ្វ្រិក​ដែល​គ្មាន​កំពង់ផែ​សមុទ្រ​ដូចជារ​វ៉ាន់ដា និង​អ៊ូ​ហ្ក​ង់​ដា​ផង​។ 

​កំពង់ផែ​ទឹក​ជ្រៅ Gwadar របស់​ប៉ា​គី​ស្ថាន​
​ជា​អ្នកជិតខាង​របស់​ចិន ប៉ា​គី​ស្ថាន​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​។ បើតាម​សារព័ត៌មាន Bloomberg កំពង់ផែ​ទឹក​ជ្រៅ Gwadar ដែលមាន​តម្លៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ និង​ច្រករបៀង​ប្រវែង​៣​ពាន់​គីឡូម៉ែត្រ​ដែលមាន​ផ្លូវ និង​ខ្សែ​រថភ្លើង បាន​ភ្ជាប់​តំបន់​ភាគ​លិច​របស់​ចិន​ទៅកាន់​សមុទ្រ​អារ៉ាប់​។ ច្រករបៀង​នេះ មាន​សារប្រយោជន៍​ខ្លាំង ព្រោះ​ចិន​អាច​នាំចូល​ប្រេង​ពី​មជ្ឈិមបូព៌ា និង​ផលិតផល​ផ្សេងទៀត​តាមផ្លូវ​នេះ ដោយ​មិនចាំបាច់​ឆ្លងកាត់​សិង្ហ​បុរី​ដូច​មុន​ឡើយ​។​

​ផ្លូវ​រថភ្លើង​នៅ​ឡាវ និង​ឥណ្ឌូណេស៊ី​
​គម្រោង​ផ្លូវដែក​សំខាន់ៗ​មាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​ឡាវ​ដែល​ចំណាយ​ទឹកប្រាក់​ប្រហែល​៦​ពាន់​លាន​ដុល្លារ និង​រំពឹង​រួចរាល់​នៅ​ឆ្នាំ​២០២១ ដែលជា​ខ្នែង​សំខាន់​មួយ​នៃ​ផ្លូវ​រថភ្លើង​ភ្ជាប់​ពី​ខេត្ត​យូ​ណាន ទៅកាន់​សិង្ហ​បុរី​។ ឯ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​ឥណ្ឌូណេស៊ី​មានតម្លៃ​៦​ពាន់​លាន​ដុល្លារ គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ​២០២០ ដោយ​ភ្ជាប់​រដ្ឋធានី​ហ្សា​ការ​តា​ទៅកាន់​ទីក្រុង​បាន​ឌុ​ង ។ ផ្លូវ​រថភ្លើង​ថ្មី​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ដ៏​អាក្រក់ និង​កាត់បន្ថយ​រយៈពេល​ធ្វើដំណើ​រ​ផង​។

​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង Kyaukpyu
​បំពង់​បង្ហូរ​ប្រេង​តម្លៃ​១.៥​ពាន់​លាន​ដុល្លារ​ដែល​ភ្ជាប់​ពី Kyaukpyu របស់​មី​យ៉ាន់​ម៉ា​ទៅកាន់​ក្រុង​គុន​មីង​របស់​ចិន បាន​ដំណើរការ​តាំងពី​ឆ្នាំមុន​មក​។ ចាប់ពីពេលនោះ ប្រេង​ដែល​ចិន​នាំចូល​ពី​អាហ្វ្រិក មជ្ឈិមបូព៌ា អាច​ទៅដល់​គោលដៅ​បាន​ឆាប់រហ័ស​ព្រោះ​លែង​ចាំ​ចាច់​ដឹកជញ្ជូន​កាត់​តាម​ច្រក​សមុទ្រ​ម៉ា​ឡា​កា និង​សមុទ្រ​ចិន​ខាងត្បូង​ទៀតហើយ​។ បំពង់​បង្ហូរ​មាន​ត្រូវបាន​សាងសង់​ដើម្បី​ជញ្ជូន​ប្រេង​ចំនួន​២២​លាន​តោន​ក្នុង​មួយឆ្នាំ ដែល​តំណាង​ឲ្យ​៥​ភាគរយ​នៃ​ទំហំ​នាំចូល​ទាំងមូល​។​

​ជាមួយនឹង​គម្រោង​ដែល​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​បែបនេះ ចិន​បាន​រង​ការ​រិះគន់ថា ជំរុញ​ឲ្យ​មាន​វប្បធម៌​ខ្ចីលុយ​ក្នុងចំណោម​ប្រទេស​ក្រី​ក្រី ហើយ​ដែល​អាច​ឈានដល់​វិបត្តិ​បំណុល​ផង ដ្បិត​ប្រទេស​ដែល​ខ្ចីលុយ​ចិន​មិនមាន​លទ្ធភាព​សង​ប្រាក់​ជំពាក់​វិញ​។ ករណី​នៅ​ស្រីលង្កា​ដែល​រដ្ឋាភិបាល​សម្រេចចិត្ត​ជួល​កំពង់​ឲ្យ​ចិន​ព្រោះ​គ្មាន​លទ្ធផល​សង​ប្រាក់ បាន​ក្លាយជា​ប្រធានបទ​នៃ​ការរិះគន់​ចំពោះ​មធ្យោបាយ​វិនិយោគ​របស់​ចិន​។​

​យ៉ាងណាមិញ បើ​គេ​ងាក​ទៅ​មើល​សក្ដានុពល​នៃ​គម្រោង​ទាំងនោះ​វិញ ពិតណាស់ថា វា​បានផ្ដល់​ប្រយោជន៍​ច្រើន​សម្រាប់​ប្រទេស មិនមែន​តែ​ចិន​ដែលជា​ម្ចាស់​ហិរញ្ញវត្ថុ​ឡើយ​។ ជាការ​ពិត ប្រទេស​ទាំងនោះ មិនមាន​លទ្ធផល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​បែបនេះ​ឡើយ និង​ត្រូវការ​ទឹកប្រាក់​វិនិយោគ​បរទេស​ដើម្បី​អភិវឌ្ឍ​របស់ខ្លួន​។ ជា​រឿង​មិនអាច​ប្រកែក​បាន គម្រោង​របស់​ចិន​បានគាស់​រំលេច​សក្តានុពល​របស់​រដ្ឋ​ទាំងនោះ ហើយ​បើ​រដ្ឋ​ទាំងនោះ​អាច​ទាញយក​ប្រយោជន៍​ពី​គម្រោង​បាន​ច្រើន ពួកគេ​អាច​ជំរុញ​ការអភិវឌ្ឍ​បាន​ច្រើន​តាម​នោះដែរ​៕  

Tag:
 អាស៊ី​
  ចិន​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com